ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បន្ត​ពង្រឹង​ស្ថាន​តំណាង​នៅ​ក្រៅប្រទេស​ដើម្បី​កំណើន​ទេសចរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​នៅ​លើ​ទីផ្សារ​អាទិភាព ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​កម្ពុជា រាជរដ្ឋាភិបាល​បាន​បន្ដ​ពង្រឹង និង​គ្រប់គ្រង​ស្ថាន​តំណាង​នៅ​ក្រៅប្រទេស​ឲ្យ​កាន់តែ​ក្លាំ​ង​ខ្លា​ថែម​ទៀត ។ យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​នៅ​លើ​ទីផ្សារ​អាទិភាព ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​កម្ពុជា រាជរដ្ឋាភិបាល​បាន​បន្ដ​ពង្រឹង និង​គ្រប់គ្រង​ស្ថាន​តំណាង​នៅ​ក្រៅប្រទេស​ឲ្យ​កាន់តែ​ក្លាំ​ង​ខ្លា​ថែម​ទៀត ។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ក្រសួង​បាន​ធ្វើការ​ពង្រឹង និង​គ្រប់គ្រង​ស្ថាន​តំណាង​នៅ​ក្រៅប្រទេស​ចំនួន​១១​ក្រុមហ៊ុន​កាលពី​ឆ្នាំ​២០១៧ ដែល​បាន​បង្កើត​ឡើង​នៅ​លើ​ទីផ្សារ​អាទិភាព​ចំនួន​១២​ប្រទេស ក្នុង​នោះ​រួម​មាន ៖ ទីផ្សារ​ចិន​ចំនួន​២​ក្រុមហ៊ុន​, ជប៉ុន​ចំនួន​១​ក្រុមហ៊ុន​,​ឥណ្ឌា និង​ស្រី​លង្កា​ចំនួន​១​ក្រុមហ៊ុន​, មជ្ឈិម​បូព៌​៌ា​ចំនួន​១​ក្រុមហ៊ុន​, អឺរ៉ុប ហុង​គ្រី ប៉ូ​ឡូញ អូ​ទ្រី​ស​១​ក្រុមហ៊ុន​, រុ​ស្ស៊ី ១​ក្រុមហ៊ុន​, អា​មេ​រិ​ក​១​ក្រុមហ៊ុន​, កូរ៉េ ១​ក្រុមហ៊ុន និង​អឺរ៉ុប អុ​ី​តា​លី ចំនួន​១​ក្រុមហ៊ុន ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ លោក ហូ វ​ណ្ឌី បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៩ មីនា ម្សិលមិញ​ថា ការ​ពង្រឹង និង​ការ​គ្រប់គ្រង​ស្ថាន​តំណាង មិន​ថា​ក្រសួងពាណិជ្ជកម្ម​ក្តី ក្រសួងការបរទេស​ក្ដី ឬ​តំណាង​វិនិយោគិន​របស់​ខ្មែរ​នៅ​ក្រៅប្រទេស​ទេ ត្រូវ​ចូលរួម​ទាំងអស់ ជា​ពិសេស​ខាង​ពាណិជ្ជកម្ម គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ទេសចរណ៍ ព្រោះ​ពាណិជ្ជកម្ម​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជាមួយ​ទេសចរណ៍ ។
លោក​ថ្លែង​ថា ៖ « បើ​ទេសចរណ៍​នាំមុខ​ហើយ​នោះ ភ្ញៀវ​ក៏​មក​លេង​កាន់តែ​ច្រើន ធ្វើ​ឲ្យ​ការ​វិនិយោគ​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ជាក់ស្តែង​បច្ចុប្បន្ន​នេះ មាន​កូរ៉េ ជប៉ុន និង​ចិន មិន​ត្រឹមតែ​មក​លេង​កម្សាន្ត​ប៉ុណ្ណោះ​ទេ គឺ​គេ​មក​វិនិយោគ​ថែម​ទៀត​ផង ។ អីចឹង ទេសចរណ៍​នាំមុខ​ពាណិជ្ជកម្ម ទេសចរណ៍​នាំ​មុខការ​វិនិយោគ ហើយ​ក្រសួងការបរទេស ដែល​តំណាង​ឲ្យ​ទូត​ខ្មែរ​ទាំងអស់ ក៏​បាន​យល់​ដឹង​ច្រើន និង​តែងតែ​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​រយៈ​ពាណិជ្ជកម្ម​នេះ​ផង​ដែរ » ។

របាយការណ៍​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា កំណើន​ភ្ញៀវ​ទេសចរ​នា​ឆ្នាំ​កន្លង​មក ជា​ពិសេស​ឆ្នាំ​២០១៧ កម្ពុជា​បាន​សម្រេច​នូវ​ភ្ញៀវ​ទេសចរ​ជាង​៥,៦​លាន​នាក់ កើនឡើង​ជិត​១២%​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។ នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​រីក​លូតលាស់ និង​ជា​សញ្ញា​នៃ​ការ​រីក​ចម្រើន​នា​ពេល​អនាគត ជា​ហេតុ​ធ្វើ​ឲ្យ​ក្រសួងទេសចរណ៍​គ្រោង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,១០​លាន​នាក់ ។ នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​អាច​សម្រេច​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក​ប្រមាណ​១៣​លាន ។ ឯ​ឆ្នាំ​២០២៥ នឹង​ទទួល​ទេសចរ​អន្តរជាតិ​១០​លាន​នាក់ និង​ឆ្នាំ​២០៣០​កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់​១២​លាន​នាក់ ។

ដូច្នេះ សរុប​ចំនួន​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​២០​លាន​នាក់​នៅ​ឆ្នាំ​២០២០ នឹង​អាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា ជំរុញ​បង្កើន​ឱកាស​ការងារ ប្រាក់​ចំណូល ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន ក្នុង​ឱកាស​ការងារ​ប្រមាណ​ជាង​១​លាន​នាក់​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

លោក ហូ វ​ណ្ឌី បន្ថែម​ថា រាល់​ផែនការ​ដែល​យើង​គ្រោងទុក គឺ​តែងតែ​រំពឹង​ជា​និច្ច ហើយ​ការ​រំពឹង​នេះ​ទៀត យើង​យក​ចំណុច​វិជ្ជមាន​ច្រើន​ជាង​ចំណុច​អវិជ្ជមាន ។ ជាក់ស្តែង ក្រសួងទេសចរណ៍​បាន​ដាក់​ផែនការ​ទាំងនេះ​សម្រាប់​អ្នក​ទាំងអស់​គ្នា មិន​ថា​វិស័យ​រដ្ឋ ឬ​ឯកជន​ឡើយ ត្រូវ​តែ​គោរព និង​ពង្រឹង​ច្បាប់​ទាំងអស់​គ្នា​ដើម្បី​ឲ្យ​គោលនយោបាយ​នោះ​ទទួល​បាន​ជោគជ័យ ។

លោក​បន្ត​ថា ៖« យើង​មាន​គោលនយោបាយ​រដ្ឋ និង​ឯកជន អីចឹង យើង​ត្រូវ​ពង្រឹង​ច្បាប់​ធ្វើ​យ៉ាងណា​ឲ្យ​គោលនយោបាយ​នោះ​ក្លាយជា​ការ​ពិត ព្រោះ​អ្នក​ទាំង​ពីរ​ជា​ដៃគូ​ដែល​កំពុង​ជិះទូក​ជាមួយ​គ្នា ហើយ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​ជោគជ័យ ព្រោះ​បើកាលណា​ផែនការ​ទទួល​បាន​លទ្ធផល​ល្អ​ហើយ បាន​ន័យ​ថា យើង​ជោគជ័យ​ទាំងអស់​គ្នា សូ​ម្បី​ចក្ខុវិស័យ​ឆ្នាំ​២០២០ ឬ​ឆ្នាំ​២០៣០ » ។

លោក​បញ្ជាក់​ថា ជាង​១០​ឆ្នាំ​មកនេះ អ្នក​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ គ្មាន​ចំណេះ ជំនាញ​ច្បាស់លាស់​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​មួយ​នេះ តែ​មិន​ទាន់​លុប​បំបាត់​បាន​នៅឡើយ ហើយ​វា​ជា​បញ្ហា​មួយ​យ៉ាង​ធំ ។ ដូច្នេះ ដើម្បី​ឲ្យ​ចក្ខុវិស័យ​ទទួល​ជោគជ័យ ក្នុង​នោះ​យើង​ទាមទារ​ឲ្យ​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​តែ​សិក្សា​ពី​ផ្លូវច្បាប់ និង​ត្រូវ​ផ្ដល់​គុណភាព​នៃ​សេវាកម្ម បើសិនជា​គាត់​ធ្វើ​មិន​បាន មិន​ព្រម​សហការ គឺ​ក្រសួង​នៅ​តែ​បន្ត​ការ​ឈឺក្បាល​ទៀត ។

គួរ​រំលឹក​ថា ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​សរុប​ចំនួន​៥,៦​លាន​នាក់ កើនឡើង​១១,៨% ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​រួម​មាន ផ្លូវអាកាស​កើនឡើង​២២,៥% ផ្លូវគោក​ថយ​ចុះ​០,៥% និង​ផ្លូវទឹក​ថយ​ចុះ​៥,២% ។

សូម​បញ្ជាក់​ដែរ​ថា និន្នាការ​នៃ​តម្រូវការ​ទេសចរ​មក​ពី​ក្រៅ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​មាន​កំណើន​ខ្ពស់ និង​សន្ទុះ​ខ្លាំង ។ ក្នុង​នោះ​មាន​ទេសចរ​អន្តរជាតិ​ជាង​១២%​នៅ​ឆ្នាំ​កន្លង​ទៅ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ក្រសួង​ក៏​រំពឹង​នៅ​ក្នុង​កំណើន​លេខ​២​ខ្ទង់​ជាង​១០%​ប្រចាំឆ្នាំ​ទៀត រហូត​ដល់​ឆ្នាំ​២០២០ ឬ​អាច​រហូត​ដល់​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ