ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ជិត​ផុត​ពូជ​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​​​​​​ ប្រភេទ​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​មួយ​ចំនួន​​រស់នៅ​កម្ពុជា​ បច្ចុប្បន្ន​ កំពុង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​បរទេស​​​ ឱ្យ​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​មក​ទស្សនា​​​នៅ​កម្ពុជា​ និង​ផ្តល់​​ជា​ប្រយោជន៍​សម្រាប់​​សហ​គម​ន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​នាយក​កម្មវិធី​អង្គការ​ជីវិត​​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា…

រាជធានីភ្នំពេញ ៖​​​​​​ ប្រភេទ​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​មួយ​ចំនួន​​រស់នៅ​កម្ពុជា​ បច្ចុប្បន្ន​ កំពុង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​បរទេស​​​ ឱ្យ​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​មក​ទស្សនា​​​នៅ​កម្ពុជា​ និង​ផ្តល់​​ជា​ប្រយោជន៍​សម្រាប់​​សហ​គម​ន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​នាយក​កម្មវិធី​អង្គការ​ជីវិត​​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា ។

ថ្លែងក្នុង​ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា​ លើក​ទី​១ ដែល​រៀប​ចំ​ឡើង​​​កាលពី​ថ្ងៃ​ទី១៧ ​មីនា ​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គការ​​រូបនេះ​បាន​ឲ្យ​​ដឹងថា​ បច្ចុប្បន្ន​មាន​សត្វ​ស្លាប​យ៉ាងតិច៦០០​ប្រភេទ​ត្រូវ​បាន​កត់ត្រា​ថា​​កំពុង​មាន​វត្តមាន​​​​​កម្ពុជា​ ​ហើយ​សត្វ​ទាំង​នោះ​កំពុង​ក្លាយជា​គោល​ដៅ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​​ ឱ្យ​ចំណាយ​​លុយ​​រាប់​ពាន់​ដុល្លារ​​​ចូល​មក​ទស្សនានៅ​កម្ពុជា​ ។

លោក​​ថ្លែង​​ថា​ ៖« ពិត​ណាស់​ភ្ញៀវ​ទេសចរ​បរទេសមក​ទស្សនា​ស្រុក​ខ្មែរ​ គឺ​ពួក​គាត់​ចង់​​មើល​​​ប្រភេទ​សត្វ​ត្រយង​យក្ស ដែល​ជា​និមិត្ត​រូប​បក្សី​ជាតិ វា​មាន​ប្រហែល​តែ​២៥០​ក្បាល​ទេ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​​រស់នៅ​ក្នុងស្រុក​ខ្មែរ​​​​មាន​ប្រហែល​៩០%​​។ អីចឹង​បើ​គេ​ចង់​មើល​​សត្វ​​​ត្រយង គឺ​ត្រូវ​តែ​មក​ស្រុក​ខ្មែរ មិន​អាច​ទៅ​​ប្រទេស​ណា​បាន​ទេ​ សូម្បី​តែ​ទៅ​ថៃ​ ក៏​រក​មិន​ឃើញ​ដែរ​​ »​។

លោក​បញ្ជាក់​ថា ​៖«​ ប្រភេទ​សត្វ​ត្រយង​យក្ស​​នេះ​រស់នៅ​ខេត្តស្ទឹងត្រែង​, ព្រះ​វិហារ​,​រតនៈគិរី ដែនជំរកសត្វព្រៃ​លំ​ផាត់ និង​ជប់​ព្រំ​ប្រទល់​រវាង​ខេត្តមណ្ឌលគិរី​ និង​រតនៈគិរី ។​ សត្វ​​​នេះ​មាន​លក្ខណៈ​អៀនប្រៀន​ខ្លាំង ត្រូវការ​ព្រៃ​ស្ងាត់​រស់នៅ ហើយ​បើ​ប្រជាជន​រំខាន​សកម្មភាព​អ្វីមួយ សត្វ​នោះ​នឹង​បោះបង់​សំបុក​​ពង​កូន​វា​ចោល​ ពេល​នោះ​ចំនួន​សត្វ​នេះ​នឹង​ថយ​ចុះ​ »​។

​តាម​​តំណាង​អង្គការ​​សំវាស​នា​ លោក​ គិត វាសនា​​ បាន​ឱ្យ​ដឹង​ដែរ​ថា​ កន្លង​មក​​ ភ្ញៀវ​ទេសចរ​​​​មក​ពី​អឺរ៉ុបដែល​​ចូល​មក​ទស្សនា​សត្វ​ស្លាប​​នៅ​​កម្ពុជា​​មាន​ចំនួន​ច្រើន តែ​​មួយ​រយៈ​ចុង​​ក្រោយ​​នេះ​បាន​ថមថយ​​វិញ​បន្ដិច​ ។
លោក​បន្ដ​ថា​ ៖«​ ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​សារ​មាន​ការ​មានការ​ប្រែប្រួល​ស្ថានភាព​នយោ​បាយ​​​បន្តិច បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេចរ​ថយ​ចុះ​ប្រហែល​​​៤០%​​ ព្រោះ​អង្គការ​យើង​ផ្តោត​ទៅ​លើ​ត​ែ​ភ្ញៀវ​នៅ​អឺរ៉ុប​​ ។​ បញ្ហា​មួយ​ទៀត គឺ​យើង​​​មានការ​ប្រកួតប្រជែង​នៅ​ក្នុងស្រុក​ច្រើន ​ខណៈ​​តម្លៃ​នៃ​ការ​ចូលរួម​របស់​សហគមន៍​មាន​ការ​កើន​ឡើង​​ អីចឹង​​ធ្វើ​ឱ្យ​ការ​លក់​កញ្ចប់​ដើរ​កម្សាន្ត​ទៅ​ឱ្យ​ភ្ញៀវ​ត្រូវ​ឡើងថ្លៃដែរ »​។

អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក ស៊ូ សូ​វុ​ធ​ មាន​ប្រសាសន៍​ថា​៖«​ ក្នុង​មួយ​ឆ្នាំ​ៗ ​មាន​អ្នកទេសចរ​ជា​ច្រើន​ពាន់​នាក់​បាន​មក​ទស្សនា​សត្វ​ស្លាបកម្រ​របស់​យើង​ដែល​មាន​វត្ត​មាននៅ​តាម​​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថវិកា​ដែល​​​ចំណាយ​ដោយ​អ្នកទេសចរ​ទាំង​នោះ​ មិន​ត្រឹមតែ​ជួយ​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ »​។

លោក​បន្ត​ថា កម្ពុជាត្រូវ​បាន​កត់ត្រា​ថា​មាន​សត្វ​ត្រយង​​ចង្កំ​ក​ដែល​ជិត​ផុត​ពូជ​រហូត​ដល់​ជាង​៨០%​នៃ​ចំនួន​សត្វ​សរុប​នៅ​លើ​ពិភពលោក​ ស្មើ​នឹង​ចំ​នួន​១.១០០​ក្បាល​​,​សត្វ​ត្រយង​យក្ស ជា​និមិត្តរូប​សត្វ​​ស្លាប​កម្ពុជា​​​​ចំនួន​៩០%​នៃ​ចំនួន​សរុប​​​នៅ​លើ​ពិភពលោក ស្មើ​នឹង​ចំនួន​២៥០​ក្បាល​​ និង​ប្រភេទ​សត្វ​ត្មាត ជិត​ផុត​ពូជ​៣​​ប្រទេស​ទៀត ដែល​ប្រភេទ​ទាំងនោះ គេ​ដឹង​ថា​បាន​​​​បាត់បង់​ និង​ផុត​ពូជ​ពី​បណ្តា​ប្រទេស​ជិតខាង ហើយ​​​ក្រសួងបរិស្ថាន​កំពុង​សហការ​ជាមួយ​អង្គការ​​​ដៃគូ​ដើម្បី​អភិរក្សសត្វ​ត្មាត​ និង​ធ្វើការ​ផ្តល់​​​អាហារ​បន្ថែម​ឱ្យឈ្មោះ​ថា «អាហារ​ត្មាត​»។

លោក​បន្ត​ថា ទន្ទឹម​នឹង​ភាព​សម្បូរ​បែប​នៃ​ជីវ​​ចម្រុះ និង​ធនធាន​សត្វ​ស្លាប ក៏​មាន​កត្តា​គំរាម​​កំហែង​ជា​ច្រើន​កំពុង​កើត​មាន ដូច​ជា ការ​បាត់​បង់​ទីជម្រក​, ការ​បរបាញ់​, ការ​បំពុល​, ការ​ខ្វះ​​ចំណី​, ការ​រំខាន និង​ចាប់​យក​មក​ធ្វើ​ចំណី​​ជា​ដើម​ ។​ ទោះ​ជាយ៉ាង​ណា រាជរដ្ឋាភិបាល បាន​​និង​​កំពុង​ធ្វើ​ការ​យ៉ាង​សកម្មដើម្បី​ដោះ​ស្រាយ​​កត្តា​គំរាមកំហែង​ទាំងនេះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ តំបន់​ព្រៃ​ខាងលិច​សៀម​ប៉ា​ង ដែល​​មាន​សត្វ​ត្រយង​ជិត​ផុត​ពូជ​២​ប្រភេទ និង​សត្វ​ត្មាត​៣​ប្រភេទកំពុង​រស់នៅ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់​​បញ្ចូល​​ជា​តំបន់​ដែនជម្រកសត្វព្រៃ និង​ដាក់​វិធាន​ក​ារ​ការពារ ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ