ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា បុរសម្នាក់បានស្លាប់នៅមន្ទីពេទ្យ ព្រោះស្ថានភាពធ្ងន់ធ្ងរពេកក្រោយពីគាត់ជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូនិងត្រាក់ទ័រ កាលពីវេលាម៉ោង០៥ភ្លឺថ្ងៃទី១៧ មីនា ស្ថិតនៅលើផ្លូវជាតិលេខ៥៧B ក្នុងភូមិអន្ង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះទឹម ទឺ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមស្ពានទំនាប ឃុំ
បួរ។ ជនរងគ្រោះ ជិះម៉ូតូបុកត្រាក់ទ័រពីក្រោយ ខណ:កំពុងធ្វើដំណើរស្របទិសគ្នា ។ ប្រភពបានបន្តថា ត្រាក់ទ័រ ម៉ាកហ្វ័ត ពណ៌ខៀវ បើកបរដោយឈ្មោះឡាយ វាន្នី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ។
បើតាមអ្នកឃើញហេតុការណ៍និយាយថា ត្រាក់ទ័រនិងម៉ូតូ បើកស្របទិសគ្នាហើយម៉ូតូបើកក្នុងល្បឿនលឿនហើយភ្លើងម៉ូតូមិនសូវភ្លឺ ក៏ជ្រុលទៅបុកត្រាក់ទ័រពីក្រោយ ។ ពេលនោះ ជនរងគ្រោះរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសាបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យស្រុកសំពៅលូន លុះបន្តិចក្រោយមកជនរងគ្រោះក៏បានស្លាប់តែម្ដងទៅ ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំយកត្រាក់ទ័រ និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិនគរបាលឃុំបួរ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ