ខេត្តស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួនពីរលើក កំឡុងពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា នៅកន្លែងផ្សេងគ្នា ។ ប្រភពព័ត៌មានឲ្យដឹងថា ស្ថិតក្រោមហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
មន្ត្រីនគរបាលការិយាល័យចរាចរណ៍ជើងគោកស្នងដ្ឋាននគរបាលខេត្តស្ទឹងត្រែងឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចបង្គោល៤៦១ ចន្លោះ៤៦២ លើផ្លូវជាតិ លេខ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រវាងរថយន្ត និងម៉ូតូដែលបង្កឲ្យមនុស្សម្នាក់ស្លាប់ ។ មន្ត្រីដដែលបន្តថា មុនពេលកើតហេតុរថយន្តពណ៌ប្រផេះ ពាក់ស្លាកលេខ AT១៧ -០៣២៣ បើកបរដោយជនជាតិចិនឈ្មោះ ឈៀន ហួយជែង ភេទប្រុស អាយុ៥០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុបានបុកម៉ូតូសេ១២៥ ឆ្នាំ២០១៦ មកពីមុខក្នុងគោលដៅច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ពេជ្រ គឿន អាយុ៥៤ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកជនជាតិចិន បើកបររថយន្តមិនមានរងរបួសនោះឡើយ ។
ប្រភពដដែលបន្តថា នៅថ្ងៃបន្ទាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត បានកើតឡើងនៅចំណុចចំការដូងប្រេង ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បង្កឡើងដោយជនជាតិឡាវ បើកបរក្រឡាប់រថយន្តផ្ទាល់ខ្លួន គ្រាដែលប្រទេសឡាវចូលមកកម្ពុជា ខេត្តស្ទឹងត្រែង ។ ហើយករណីគ្រោះថ្នាក់នេះមិនបង្ករឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរនោះឡើយ ។
ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ករណីរថយន្តបុកអ្នកបើកបរម៉ូតូស្លាប់នគរបាលបានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយវាស់វែងធ្វើកំណត់ហេតុ រួចរាល់ ចំណែករថយន្តបង្ក និងជនជាតិចិននាំទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។ ចំណែករថយន្តជនជាតិឡាវក្រឡាប់ដោយខ្លួនឯងត្រូវបានម្ចាស់ស្ទូចដឹកទៅជួសជុល ក្រោយកើតហេតុនោះដែរ ៕
ចែករំលែកព័តមាននេះ