រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រគល់សិទ្ធិដល់ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ក្នុងការរុករកស្រាវជ្រាវ និងសិក្សារ៉ែប្រេងកាតនៅតំបន់ប្លុកD នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា និងត្រៀមទាញយកធនធានប្រេងមកប្រើប្រាស់ ខណៈធនធានរ៉ែប្រេងកាតនៅតំបន់ប្លុកA ត្រូវបានក្រុមហ៊ុនរបស់សិង្ហបុរី កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមទាញយកនៅអំឡុងឆ្នាំ២០១៩ខាងមុខនេះ ។
លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ដំណើរការនេះទើបតែទទួលបានចំណារពីរាជរដ្ឋាភិបាលឲ្យបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចរចាពីកិច្ចការ។ លោកថា ៖«បច្ចុប្បន្ននេះ អ្វីដែលកម្ពុជាបាននិងកំពុងធ្វើនិងតាមដានជាប់ជាប្រចាំនោះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរោងចក្រទាញយកប្រេងកាតនៅតំបន់ប្លុកA ជាមុនសិន ។ ចំពោះការអភិវឌ្ឍ និងកិច្ចព្រមព្រៀងលើការអភិវឌ្ឍប្រេងកាតនៅតំបន់ប្លុកD នឹងកើតមានឡើងនៅពេលបន្តបន្ទាប់ » ។
លោកបន្តថា បច្ចុប្បន្ននេះ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទាញប្រេងកាតនៅតំបន់ប្លុកA កំពុងតែមានសកម្មភាពទៅមុខជាបណ្តើរៗ ហើយរហូតមកដល់ពេលនេះ ពោលគឺកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រសួងរ៉ែ និងថាមពល មិនទាន់មានសញ្ញាណាមួយបង្ហាញពីការខកខាន ឬបរាជ័យដូចគម្រោងមុនៗទេ ។ លោកថា ៖ «យើងមានសង្ឃឹមយ៉ាងមុតមាំពីការទាញយកប្រេងកាតនៅតំបន់ប្លុកA របស់ក្រុមហ៊ុនអភិវឌ្ឍន៍ថ្មីនេះ » ។
លោកក៏បានបន្តទៀតថា ដើម្បីឲ្យប្រាកដប្រជានូវគម្រោងទាញយកប្រេងពីឈូងសមុទ្រកម្ពុជា ក្រុមការងារអន្តរក្រសួងដែលមានក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែប្រជុំតាមដានជារៀងរាល់ខែពីសកម្មភាពការងារអភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រទាញយកប្រេង។ លោកថា ៖« បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍បានយកទឹកសមុទ្រទៅវិភាគមើលពីស្ថានភាពប្រេងនៅក្នុងតំបន់ដែលត្រូវអភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារក៏បានចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រុមអ្នកនេសាទនៅខេត្តជិតៗដូចជា ខេត្តកំពត និងកោះកុង ដើម្បីសិក្សាឈានទៅការបូមប្រេងនៅតំបន់ជិតៗនោះផងដែរ » ។
លោក ស៊ុយ ឌីម៉ង់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងរ៉ែ និងថាមពល ក៏បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងប្រេងកាតក្នុងដែនសមុទ្រប្លុកA បានឈានចូលក្នុងដំណាក់កាលធ្វើអាជីវកម្មលើកដំបូងនៅចុងឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនចំណូលជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជំរុញការអភិវឌ្ឍវិស័យប្រេងកាតនៅកម្ពុជាលើកដំបូង ។
លើសពីនេះ ក្រសួងរ៉ែ និងថាមពល ក៏បានផ្ដល់អាជ្ញាប័ណ្ណគម្រោងសម្បទានប្រេងកាតផ្នែកដោនស្ទ្រីមចំនួន១០អាជ្ញាប័ណ្ណ ក្នុងនោះបង្កើត និងដាក់ឱ្យដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈនិងមណ្ឌលឧស្ម័នធម្មជាតិ, ពង្រាង ផ្ដល់គោលការណ៍នាំចូលប្រេង និងឧស្ម័នឥន្ធនៈ, គោលការណ៍សិក្សាលទ្ធភាពគម្រោងបំពង់បង្ហូរប្រេងនិងឧស្ម័ន ព្រមទាំងគម្រោងសិក្សាលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងផងដែរ ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting បានថ្លែងថា ធនធានរ៉ែរបស់កម្ពុជាមានភាពសម្បូរបែបដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបាន ហើយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីទាញយកធនធានទាំងនោះមកប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ។
លោកបន្តថា ៖« ការប្រើប្រាស់ធនធានរ៉ែទាំងនោះពិតជាមានសារសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ » ។
បើតាមលោកអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល កម្ពុជាមិនត្រឹមតែមានប្លុកប្រេងតែក្នុងសមុទ្រនោះទេ ប៉ុន្តែក៏មានប្លុកប្រេងនៅលើគោកចំនួន១៩ប្លុកផងដែរ ដែលមិនទាន់មានការស្រាវជ្រាវនៅឡើយទេ គឺមានតែមួយប្លុកប៉ុណ្ណោះ ដែលបាននិងកំពុងចាប់ផ្តើមធ្វើសកម្មភាពស្រាវជ្រាវដោយក្រុមហ៊ុន Petro Vietnam មានទីតាំងស្ថិតនៅតំបន់ប្រសព្វគ្នារវាងខេត្តចំនួន៣ គឺខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។
គួរបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ កម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុន KRIS ENERGY ក្នុងការអភិវឌ្ឍគម្រោងទាញយកប្រេងកាតនៅតំបន់ប្លុកA នៃឈូងសមុទ្រកម្ពុជា ។ តាមរយៈគម្រោងនេះ កម្ពុជារំពឹងថា នឹងមើលឃើញដំណក់ប្រេងរបស់ខ្លួនលើកដំបូងបង្អស់នៅអំឡុងចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ខាងមុខ និងរំពឹងទទួលបានចំណូលពីធនធានប្រេងកាតប្រមាណ៥០០លានដុល្លារក្នុង១ឆ្នាំ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ