ខេត្តកោះកុង ៖ រថយន្តទំនើបមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ២AD-៥៣៦៩ ពណ៌ស បើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរចំនួន៤នាក់ បានរេចង្កូតត្រង់ចំណុចផ្លូវកោងធ្លាក់ចេញឆ្ងាយពីទ្រូងផ្លូវហើយបុកចំមាត់លូ បណ្ដាលឲ្យដាច់កង់ក្រោយទាំង២ និងខូចខាតគ្រឿងក្រោមស្ទើរទាំងស្រុងតែមិនក្រឡាប់ និងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកជិះធ្ងន់ធ្ងរឡើយ ។ ហេតុការគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង០៥រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
តាមនគរបាលចរាចរណ៍ស្រុកបានបញ្ជាក់ថា រថយន្តខាងលើបើកបរដោយជនជាតិចិនមានអ្នករួមដំណើរ៤នាក់ ក្នុងទិសដៅពីស្រុកស្រែអំបិលមកកាន់ទីរួមខេត្ត លុះមកដល់ចំណុចគីឡូម៉ែត្រលេខ៨៩ ផ្លូវមានសភាពកោងខ្លាំង ដោយសាតរថយន្តមានល្បឿនលឿនពេកបត់មិនទាន់ ក៏ជ្រុលចង្កូតធ្លាក់ចេញពីទ្រូងផ្លូវហើយបានបុករះចំរបាំងលូទឹកខ្ទេចមាត់លូ និងហួសទៅបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនបាក់២-៣កំណាត់ទៀត ទើបរថយន្តអស់ល្បឿន ប៉ុន្តែអ្នកជិះក្នុងរថយន្តរងរបួសតិចតួចប៉ណ្ណោះ ។
នគរបាលបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរនេះ បានប្រហែលមួយម៉ោងក្រុមជនរងគ្រោះចិនទាំងនោះក៏បានទូរស័ព្ទហៅរថយន្ត១២កៅអីមូយគ្រឿងផ្សេងទៀតពីទីរួមខេត្តមកទទួលបន្តដំណើរទៅមុខទៀត ចំណែករថយន្តរងគ្រោះថ្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកោះកុងជាបណ្ដោះអាសន្នសិន ៕
ចែករំលែកព័តមាននេះ