រាជធានីភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តបង្អួតដើមទ្រូងនាងដេនី ក្វាន់ បានធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ចំពោះការបង្ហាញរូបភាពអង្គុយរាប់លុយរាប់ម៉ឺនដុល្លារក្នុងបន្ទប់គេង ។
ជាមួយរូបភាពបង្អូតលុយដុល្លារដ៏ក្រាស់ក្រែលនោះ ដេនី ក្វាន់ ក៏បានភ្ជាប់ជាមួយនឹងពាក្យសម្តីបែបផ្លែផ្កាទៅកាន់ភាគីដែលធ្លាប់មានជម្លោះជាមួយនាងផងដែរ ។
រូបភាពរាប់លុយប៉ុន្មានសន្លឹកត្រូវតារាសម្តែងដេនី ក្វាន់ បង្ហោះតាមហ្វេសប៊ុក បញ្ជាក់ពីភាពជោគជ័យក្នុងមុខជំនួញរបស់នាង ក្នុងពេលដែលនាងកំពុងតែសាងសេ្នហ៍ជាមួយបុរសដែលជាអ្នកជំនួញរថយន្តដ៏ជោគជ័យម្នាក់ ។
រូបភាពទាំងនោះបានទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកលេងហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក បើទោះបីជាមានមនុស្សមួយចំនួនបានចាត់ទុកការសម្ញែងប្រាក់ទាំងដុលរបស់នាងនាពេលនេះគ្រាន់តែជាចេតនាចង់ផ្ចាញ់ផ្ចាលជាមួយដៃគូជម្លោះរបស់នាងប៉ុណ្ណោះ ។
ជាការកត់សម្គាល់ជាមួយរូបភាពទាំងអស់នោះ ដេនី ក្វាន់ ក៏បានភ្ជាប់សារក្នុងន័យថា «ពេលវេលារបស់ខ្ញុំជាមាសប្រាក់ ខ្ញុំមិនទៅចំណាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ ឬក៏ឈ្នានីសអ្នកណានោះទេ ។ ចង់ប្រាប់ថាវាសនាមនុស្សមិនដូចគ្នាទេ ប្រណាំងទូកប្រណាំងឡានគឺប្រណាំងបាន តែប្រណាំងនឹងព្រេងវាសនាគឺមិនបាននោះទេ…ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកឲ្យខ្ញុំ អ្នកមិនដឹងនោះទេថាខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសៅរ៍ ឬអាទិត្យសម្រាប់ខ្ញុំនោះទេ »។
តាមរយៈសារដែលបានសរសេររបស់ដេនី ក្វាន់ នាពេលនេះទំនងជាចេតនាមួយដើម្បីបង្អួតដៃគូជម្លោះរបស់នាងឲ្យបានមើលឃើញពីភាពជោគជ័យរបស់នាងនាពេលនេះ បើទោះបីជានាងបានជាប់បម្រាមមិនឲ្យប្រឡូកសិល្បៈមួយឆ្នាំក៏ដោយ ។
តារារូបនេះធ្លាប់បានផ្ទុះជម្លោះជាមួយនឹងអ្នកសិល្បៈដ៏ល្បីមួយរូប ហើយជម្លោះនោះបានធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ ក្នុងពេលដែលភាគីជម្លោះទាំងសងខាងបានហែកហួរគ្នាយ៉ាងចាស់ដៃទៅវិញទៅមក ។
យ៉ាងណាក៏ដោយការបង្អួត សម្ញែងនូវភាពស្តុកស្តម្ភរបស់ដេនី ក្វាន់ នាពេលនេះហាក់មិនមែនជារឿងមួយថ្មីនោះឡើយ ពោលកន្លងមកនាងតែងតែបង្ហាញភាពស៊ីវីល័យ និងហ៊ឺហារបស់នាងស្ទើរមិនដាច់សូរ ។ ការបង្ហាញនូវភាពហ៊ឺហាររបស់នាងនាពេលនេះមិនតែរូបនាងម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបើក្រឡេកមើលបងស្រីរបស់នាងគឺនាងចោម ក្វាន់ នោះវិញក៏មិនធម្មតាដូចគ្នា ដោយនាងទើបតែបង្អួតមាសរាប់តម្លឹង មិនក្រែងភ្នែកមហាជន ។
គ្រួសាររបស់ដេនី ក្វាន់ ត្រូវគេដឹងថា ជោគជ័យក្នុងមុខរបរលក់គ្រឿងសម្អាងការ ហើយអ្វីដែលសំខាន់ទៀតនោះ គ្រួសាររបស់នាងក៏មានមុខរបរលក់ចម្លាក់ឈើដ៏ធំផងដែរ ៕
ចែករំលែកព័តមាននេះ