ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​នៅ​ទឹកដី​ខេត្តកំពត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត ដែល​តាម​ផែនការ​ថា​គ្រោង​នឹង​បញ្ចុះ​បឋម​សីលា​ក្នុង​ខែមីនា​នេះ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​ចាប់ផ្ដើម​នៅឡើយ ហើយ​អាជ្ញាធរ​ដែនដី​ក៏​មិន​ទាន់​ទទួល​បាន​លិខិត​ស្នាម​ណាមួយ​ពី​ម្ចាស់​គម្រោង​ដែរ ។ ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៥ មីនា…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត ដែល​តាម​ផែនការ​ថា​គ្រោង​នឹង​បញ្ចុះ​បឋម​សីលា​ក្នុង​ខែមីនា​នេះ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​ចាប់ផ្ដើម​នៅឡើយ ហើយ​អាជ្ញាធរ​ដែនដី​ក៏​មិន​ទាន់​ទទួល​បាន​លិខិត​ស្នាម​ណាមួយ​ពី​ម្ចាស់​គម្រោង​ដែរ ។

ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៥ មីនា ម្សិលមិញ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា កំពង់​ផែ​ទេសចរណ៍​ថ្មី​ដែល​មាន​តម្លៃ​ទឹកប្រាក់​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​(ADB)​ដែល​ថា គ្រោង​នឹង​ចាប់​ផ្តើម​បញ្ចុះ​បឋម​សីលា​ក្នុង​ខែមីនា​នេះ គឺ​ខាង​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ណាមួយ​នៅឡើយ​ទេ ព្រោះ​អាស្រ័យ​ទៅ​លើ​ក្រសួងទេសចរណ៍​ដែល​ជា​ម្ចាស់​គម្រោង ចំណែក​ខេត្ត​គ្រាន់តែ​ជា​កន្លែង​មូលដ្ឋាន​ប៉ុណ្ណោះ ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« ពាក់ព័ន្ធ​នឹង​កំពង់​ផែ​នេះ គឺ​ខាង​មន្ទីរ​ទេសចរណ៍​បាន​រាយ​ការណ៍​ប្រាប់​ខ្ញុំ​តាំងពី​ខែមករា​មក​ម្ល៉េះ​ថា នៅ​ក្នុង​ខែមីនា នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​អត់​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ ក្នុង​ការ​អនុវត្ត​ណាមួយ​បាន​ជាក់លាក់​នោះ​ទេ ទាល់តែ​ក្រសួង​ទើប​ដឹង​ច្បាស់​ថា ថ្ងៃ​ណា​ពិតប្រាកដ ព្រោះ​ក្រសួងទេសចរណ៍​ជា​សាមី​ពាក់ព័ន្ធ​ក្នុង​ការ​សាងសង់​កំពង់​ផែ​មួយ​នេះ ឯ​ខេត្ត​គ្រាន់តែ​ជា​កន្លែង​មូលដ្ឋាន » ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ បើ​តាម​មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា ពេល​នេះ ក្រសួង​និង​ម្ចាស់​ជំនួយ​[​ធនាគារអភិវឌ្ឍន៍អាស៊ី​] កំពុង​ពិភាក្សា និង​ដាក់​ដេញថ្លៃ​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​សាងសង់ ។ ទោះបី​យ៉ាងនេះ​ក្ដី មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ថា គ្រោង​នឹង​ដំណើរការ​សាងសង់​នៅ​ពេល​ណា​ទេ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ៖« នៅ​ពេល​រក​ដៃគូ​សាងសង់​បាន​ហើយ ក្រសួង និង​ធនាគារ​ADB ត្រូវ​ពិនិត្យ និង​សិក្សា​ទៅ​លើ​ក្រុមហ៊ុន​នោះ​ទៀត មុន​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​សាងសង់ » ។

កំពង់​ផែ​ទេសចរណ៍​នេះ នៅ​ពេល​សាងសង់​រួច នឹង​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ជា​ពិសេស ប្រទេស​វៀតណាម និង​ថៃ តាម​រយៈ​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ល្បឿន​លឿន ឬ​កប៉ាល់​ទេសចរណ៍​ខ្នាត​ធំ ហើយ​ក៏​បាន​រួមចំណែក​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត ។

បើ​តាម​លោក​អភិបាល​ខេត្តកំពត ថ្លែង​ថា ៖« នៅ​ពេល​សាងសង់​រួច កំពង់​ផែ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ក្រៅ​ស្រុក ក្នុង​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ធំ គាត់​អាច​ចុះ​ចត​នៅ​កន្លែង​យើង​បាន ហើយ​បើ​ពេល​ណា​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ខេត្ត​យើង អីចឹង ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក គឺ​កាន់តែ​មានឱកាស​ការងារ​ច្រើន ដែល​អាច​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ទៀត ។

ម្យ៉ាងវិញទៀត វា​មាន​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ចង់​បន្ត​ដំណើរ​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយទៀត​ដូច​ជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ជាដើម » ។

បើ​តាម​លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​កោះ​សន្តិ​ភាព​​កាលពី​ពេល​ថ្មី​ៗ​ថា កំពង់​ផែ​នេះ​មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) ស្ថិត​នៅ​ក្នុងភូមិ​ជុំ​គ្រាល ឃុំ​ជុំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត ដែល​តាម​គម្រោង នឹង​បញ្ចុះ​បឋម​សីលា​ក្នុង​ខែមីនា ឆ្នាំ​២០១៨​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ខាង​មុខ ។

ការ​សម្រេច​យក​ទីតាំង​នេះ ដោយសារ​ក្រសួង​មើលឃើញ​ថា តំបន់​នេះ​មាន​ភូមិសាស្ត្រ​នៅ​ចំណុចកណ្តាល​នៃ​តំបន់​ទេសចរណ៍ ដោយនៅ​ជិត​ភ្នំ​បូកគោ ជិត​ក្រុងកែប ជិត​ក្រុង​កំពត និង​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ ខេត្ត​ព្រះ​សីហ​នុ ត្រឹមតែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ និង​ក្បែរ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ថែម​ទៀត។

លោក​បន្ត​ថា ៖« កំពង់​ផែ​នេះ គឺជា​ផ្នែក​មួយ​ដែល​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​អឺរ៉ុប​កាន់តែ​ច្រើន ព្រោះ​វា​ផ្ដល់​នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវ​ទេសចរ​ពី​ខេត្តកំពត ទៅ​កាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ​ផង​ដែរ » ។

« ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ច្បាស់​ថា នឹង​ចាប់ផ្ដើម​ពេល​ណា​ទេ គ្រាន់​តែ​ថា​ដំណើរការ​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​នីតិវិធី គឺ​យើង​ចប់​អស់ហើយ នៅ​ចាំតែ​ដំណើរ​ការ​សាងសង់​ប៉ុណ្ណោះ ហើយ​ខាងយើង​ក៏​មិន​ទាន់​បាន​ទទួល​លិខិត​ស្នាម​អ្វី​ឡើយ​ថា ចាប់ផ្ដើម​កសាង​នៅ​ពេល​ណា » ។ នេះ​បើ​តាម​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត។

បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា វិសាល​ភាព​នៃ​កំពង់​ផែ​ទេសចរណ៍​នេះ នឹង​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​បាន​ចំនួន​១,៥​លាន​នាក់​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ