បើតាមប្រភពសារព័ត៌មាន CNN បានឱ្យដឹងថា តាមប្រភពរបាយការណ៍អ្នកស្លាប់របស់សមត្ថកិច្ចនៅប្រទេសឌូបៃបាននិយាយថា តារាសម្តែង Bollywood ស្រីឥណ្ឌា Sridevi Kapoor បានស្លាប់ដោយសារលង់ទឹក ។ តារាភាពយន្តវ័យ៥៤ឆ្នាំដែលត្រូវបានគេស្គាល់ថាជា Sridevi បានលង់ទឹកស្លាប់នៅក្នុងអាងងូតទឹក ក្នុងសណ្ឋាគាររបស់នាង ។
ប្រភពបានរាយការណ៍បន្តថា នាងបានស្លាប់នៅថ្ងៃសៅរ៍ ខណៈដែលតារាសម្តែងរូបនេះបានស្ថិតនៅក្នុងប្រទេសអារ៉ាប់រួមដើម្បីចូលរួមពិធីមង្គលការរបស់ក្មួយប្រុសរបស់នាង Mohit Marwah នៅទីក្រុងឌូបៃ ។ ដំណឹងមរណៈភាពរបស់ Sridevi នេះដែរបានធ្វើឱ្យមានការប្រតិកម្មជាខ្លាំងជុំវិញការបាត់បង់កំពូលតារាសម្តែងម្នាក់នេះ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលទីក្រុងឌូបៃបាននិយាយថា ការធ្វើកោសល្យវិច្ច័យត្រូវបានបញ្ចប់ ហើយមូលហេតុនៃការស្លាប់ក៏ត្រូវបានរកឃើញ បន្ទាប់ពីការបញ្ចប់នៃការវិភាគក្រោយស្លាប់របស់ប៉ូលិសឌូបៃបាននិយាយថា ការស្លាប់របស់តារាភាពយន្តឥណ្ឌាឈ្មោះ Sridevi បានកើតឡើងដោយសារតែលង់ទឹក នៅក្នុងអាងងូតទឹក ក្នុងសណ្ឋាគាររបស់នាង បន្ទាប់ពីការបាត់បង់ស្មារតី ។
សពតារារូបនេះទៀតសោតមានការពន្យាពេលក្នុងការបញ្ជូនទៅកាន់ប្រទេសកំណើតវិញ ។ វាត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជូលទៅដល់ផ្ទះរបស់តារារូបនេះនៅ Mumbai កាលពីថ្ងៃចន្ទម្សិលមិញនេះ ។ ហើយក្រុមអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅក្បែរបរិវេណផ្ទះរបស់កំពូលតារាសម្តែងរូបនេះដើម្បីសម្តែងការគោរព និងសោកស្តាយនៃការបាត់បង់កំពូលតារាសម្តែងស្រី Sridevi ។
ជុំវិញបញ្ហានេះដែរក៏មានតារាជាច្រើនបានបញ្ចេញការសោកស្តាយផងដែរ ជាអាទមានដូចជាតារាសម្តែងនាង Priyanka Chopra បានបង្ហោះនៅលើបណ្តាញ Twitter ថា «ខ្ញុំគ្មានពាក្យសុំទេ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់ដែលចូលចិត្ត #Sridevi RIP» ។ ហើយតារាស្រីឈ្មោះ Madhuri Dixit ក៏បាននិយាយថា «ពិភពលោកបានបាត់បង់បុគ្គលដែលមានទេពកោសល្យដែលបានបន្សល់ទុកកេរ្តិ៍ដំណែលដ៏ធំនៅក្នុងខ្សែភាពយន្ត» និងមានតារាជាច្រើនទៀតបានសម្តែងការសោកស្តាយចំពោះការស្លាប់របស់កំពូលតារាសម្តែងស្រី Sridevi ផងដែរ ៕
ចែករំលែកព័តមាននេះ