ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួនពីរកន្លែងផ្សេងគ្នា ក្នុងនោះមាននៅស្រុកស្ទឹងត្រង់ និងក្រុងកំពង់ចាម ដោយបានឆក់យកជីវិតមនុស្សចំនួនពីរនាក់នៅថ្ងៃទី២០ ខែកុម្ភៈ ២០១៨ ករណីនេះដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ។
នគរបាលនៃអធិការដ្ឋានស្រុកស្ទឹងត្រង់បានឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃខាងលើ ផ្លូវក្រាលកៅស៊ូពីស្ទឹងត្រង់-បឹងកេត ស្ថិតនៅភូមិទីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយម៉ូតូសណ្តោងរ៉ឺម៉កដឹកទំនិញលក់ ត្រូវបានក្រឡាប់ធ្លាក់ចេញពីផ្លូវ ក្នុងពេលដែលកំពុងតែដឹកដើរលក់តាមភូមិនានា ។
ហេតុបណ្តាលឲ្យអ្នកបើកបរឈ្មោះ ស្មាន មហាម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ខ្មែរអ៊ិស្លាម រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់បានស្លាប់ភ្លាមៗ ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ ។
ចំណែកករណីទី២ វិញត្រូវបានលោកវរសេនីយ៍ត្រី ស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាមប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ត្រង់ចំណុចមុខសាលារៀនដីដុះក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូ C១២៥ បើកបរដោយឈ្មោះ យ៉ា មិ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម បើកបរក្នុងទិសដៅពីត្បូងមកជើង និងបានបង្កជាមួយ និងម៉ូតូ ពណ៌ក្រហមបើកបរដោយឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀមដែលជិះបញ្ច្រាស់ទិសគ្នា ដែលគ្រោះថ្នាក់នេះបណ្តាលឲ្យភាគីជិះម៉ូតូវីវ៉ាបានស្លាប់ម្នាក់ ។
ចំពោះមូលហេតុដោយសារ តែការជិះម៉ូតូមិនប្រកាន់ស្តាំ ហើយអ្នកឈ្មោះ យ៉ា មិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបំពេញនីតិវិធីតាមច្បាប់ ៕
ចែករំលែកព័តមាននេះ