ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកាន់អំណាច​សង្ឃឹម​ឈ្នះ​ច្រើន​ទាំង​បោះ​ឆ្នោត​ព្រឹទ្ធសភា​និង​តំណាងរាស្ត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​ក្តី គណបក្សកាន់អំណាច​បាន​សម្តែង​សង្ឃឹម​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ច្រើន ។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​ក្តី គណបក្សកាន់អំណាច​បាន​សម្តែង​សង្ឃឹម​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ច្រើន ។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា​មាន​សង្ឃឹម​ច្រើន​ទាំង​បោះ​ឆ្នោត​ព្រឹទ្ធសភា​ទាំង​បោះ​ឆ្នោត​តំណាងរាស្ត្រ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​មិន​បាន​បង្ហាញ​ពី​ភាគរយ​នៃ​ការ​ឈ្នះ​ប៉ុន្មាន​ភាគរយ​នោះ​ទេ ។

ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ។ ចំណែក​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​វិញ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។

ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា​គណបក្ស​នយោបាយ​ដែល​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ព្រឹទ្ធសភា​មាន​គណបក្ស​ចំនួន​៤ ប៉ុន្តែ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​សកម្មភាព​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​នានា​មាន​ភាព​ផុសផុល​ច្រើន​ជាង​គណបក្ស​ផ្សេង​ៗ​ទៀត ។

លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប ធ្លាប់​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៧ កាលពី​ពេល​កន្លង​មក​ថា គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នឹង​បើក​ការ​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៦​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ខាង​មុខ​តទៅ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប ផ្ទាល់ ។ លោក​អគ្គលេខាធិការ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តាម​ប្រតិទិន​របស់ គ​.​ជ​.​ប ការ​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​នៃ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដែល​ការ​ចុះ​ឈ្មោះ​ធ្វើ​នៅ គ​.​ជ​.​ប ដោយ​មាន​រយៈពេល​១៥​ថ្ងៃ​» ។

សូម​ជម្រាប​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើ​ង​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​មាន​គណបក្ស​នយោបាយ​ចំនួន​៤ និង​មាន​លេខ​រៀង​នៅ​ក្នុង​សន្លឹក​ឆ្នោត​ដូច​ជា ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា​, ទី​២-​គណបក្ស​យុវជន​កម្ពុជា​, ទី​៣-​គណបក្ស​ខ្មែរ​រួម​រូប​ជាតិ និង​ទី​៤-​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ។ ការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​របស់​គណបក្ស​នយោបាយ​មាន​ចំនួន​១៤​ថ្ងៃ ហើយ ការ​ឃោសនាបោះឆ្នោត​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២៣ កុម្ភៈ ហើយ​ថ្ងៃ​ទី​២៤ កុម្ភៈ ជា​ថ្ងៃ​ស មាន​ន័យ​ថា​គ្មាន​គណបក្ស​នយោបាយ​ណា​មាន​សិទ្ធិ​ធ្វើ​ឃោសនា​ទេ ហើយ​គណបក្ស​នយោបាយ​នីមួយ​ៗ​មាន​សិទ្ធិ​ហែ​ក្បូ​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​នៅ​ក្នុង​ក្រប​ខណ្ឌ មណ្ឌល​ភូមិភាគ​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ