រាជធានីភ្នំពេញ ៖ នៅខ្វះតែប្រមាណ៣ម៉ែត្រទៀតប៉ុណ្ណោះ អាចកើតសោកនាដកម្មធំមួយកើតឡើងនៅក្នុងហាងកាហ្វេដែលស្ថិតនៅចំផ្លូវបំបែកជាបីជាមិនខានឡើយ ព្រោះក្នុងហាងកាហ្វេខាងលើ មានមនុស្សច្រើននាក់កំពុងអង្គុយផឹកកាហ្វេយ៉ាងឆ្ងាញ់និងមើលវីដេអូរយ៉ាងជក់ចិត្តដិតអារម្មណ៍ ។ ស្រាប់តែមានរថយន្តទ្រុងម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បើកទៅដល់បោះពួយសំដៅហាងកាហ្វេនោះតែម្ដង ប៉ុន្តែចាត់ទុកថា ជាសំណាងមួយ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ដែលរថយន្តបានបុកដើមព្រីង១ដើមទំហំប៉ុនភ្លៅ និងកៀរម៉ូតូ១គ្រឿង បណ្ដាលឱ្យដួលនៅមុខហាង ទើបទៅមុខលែងរួច ដែលជាហេតុធ្វើឱ្យអ្នកផឹកកាហ្វេភ័យព្រលឹងចុងសក់គ្រប់ៗគ្នាតែម្ដង។
ឧប្បត្តិហេតុនេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក នាថ្ងៃទី១ កុម្ភៈ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅក្នុងភូមិព្រៃព្រីង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា រថយន្តបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ.ស ពាក់ស្លាកលេខភ្នំពេញ3D-1109បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ រថយន្តនេះ បានបើកបុកដើមព្រីង១ដើម និងកៀរម៉ូតូគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នពេញ1FJ-5981 កំពុងឈប់ស្ងៀម ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកជិះម៉ូតូគ្រោះថ្នាក់នោះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តមួយគ្រឿងនោះបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាអ្នកបើកបររវល់តែងាកទៅណា ឬក៏ងងុយដេកនោះទេ ស្រាប់តែរេចង្កូតឆ្លងផ្លូវជាតិលេខ៣ ពីស្ដាំមកឆ្វេង ហើយបានបោះពួយសំដៅទៅហាងកាហ្វេខាងលើនោះតែម្ដង ។
ប្រភពដដែលបន្តទៀតថា ខណៈនោះមិនមានរថយន្តឬម៉ូតូបើកឆ្លងកាត់នោះទេ ទើបគ្មានគ្រោះថ្នាក់នៅលើផ្លូវជាតិលេខ៣នោះ ហើយពួកគាត់នឹកស្មានរថយន្តនេះ ត្រូវបុកចូលក្នុងហាងកាហ្វេនោះហើយ ។ ពេលនោះម្នាក់ៗ មានភាពស្រឡាំងកាំយ៉ាងខ្លាំង និងបានត្រឹមតែឈរមើលប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ