រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិនឹងត្រូវនាំខ្លួនពីពន្ធនាគារត្រពាំងផ្លុងនៃខេត្តត្បូងឃ្មុំ និងមានវត្តមាន ដើម្បីចូលរួមសវនាការនៅព្រឹកថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨ នៅសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោកដែលនេះ គឺជាលើកទី១ហើយ សម្រាប់ការបង្ហាញវត្តមានរបស់លោក ក្រោយពីត្រូវចាប់ខ្លួន និងឃុំខ្លួន ពីត្រូវបានចោទប្រកាន់ពី «បទក្បត់ជាតិ» ។
តាមមន្ត្រីអ្នកនាំពាក្យសាលាឧទ្ធរណ៍បានអះអាងថា លោកកឹម សុខា និងត្រូវបញ្ជូនមកសាលាឧទ្ធរណ៍នៅថ្ងៃស្អែក ដើម្បីចូលរួមសវនាការរឿងសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ថ្លែងថា ជនត្រូវចោទ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនឹងត្រូវបញ្ជូនមកសភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ។
លោកបានបញ្ជាក់ថា លោកកឹម សុខា នឹងត្រូវបានមកដល់សាលាឧទ្ធរណ៍នៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការ ។ តាមបណ្តាញសង្គមរបស់លោកកឹម សុខា កូនស្រីរបស់លោកបានសរសេរថា ដំណឹងជាផ្លូវការណ៍ គឺលោកកឹម សុខា នឹងមកដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញនាម៉ោង៨ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការបណ្តឹងនៅក្រៅឃុំ ។
លោកសំ សុគង់ មេធាវីការពារក្តីលោកកឹម សុខាមិនអាចទាក់បានទេ កាលពីរសៀលថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។ តែតាមដីកាកោះបានលើកឡើងថា លោកសំ សុគង់ មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះលោកកឹម សុខា ត្រូវបានអញ្ជើញឱ្យចូលរួមពីដំណើរការបើកសវនាការរបស់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះរឿង «សន្ធិដិ្ឋភាពជាមួយបរទេស» ៕
ចែករំលែកព័តមាននេះ