ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចូលថាមពល​អគ្គិសនី​គិត​ជាប្រាក់​ជិត​200​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ផ្គង់​ផ្គង់​ថាមពល​អគ្គិសនី​ក្នុងស្រុក​មិន​ទាន់​គ្រប់គ្រាន់ កម្ពុជា​បាន​ទិញ​ថាមពល​អគ្គិសនី​ប្រទេស​ជិតខាង​មក​បំពេញបន្ថែម រួម​មាន​ពី​ប្រទេស​ថៃ​, វៀត​ណាម និង​ឡាវ​ជាដើម ហើយ​បើ​គិត​ជា​ទំហំ​នាំ​ចូល​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៧​មាន​ប្រមាណ​ជាង​១.៤០០​លាន​គីឡូវ៉ាត់ម៉ោង គិត​ជា​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ផ្គង់​ផ្គង់​ថាមពល​អគ្គិសនី​ក្នុងស្រុក​មិន​ទាន់​គ្រប់គ្រាន់ កម្ពុជា​បាន​ទិញ​ថាមពល​អគ្គិសនី​ប្រទេស​ជិតខាង​មក​បំពេញបន្ថែម រួម​មាន​ពី​ប្រទេស​ថៃ​, វៀត​ណាម និង​ឡាវ​ជាដើម ហើយ​បើ​គិត​ជា​ទំហំ​នាំ​ចូល​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៧​មាន​ប្រមាណ​ជាង​១.៤០០​លាន​គីឡូវ៉ាត់ម៉ោង គិត​ជា​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

លោក ទី នរិន្ទ ប្រធាន​អា​ជ្ញ​ធរ​អគ្គិសនី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ក្នុង​ប្រទេស​បាន​កើនឡើង​ដល់​៧.៩០០​លាន​គីឡូវ៉ាត់ម៉ោង ក្នុង​នោះ​ការ​ផលិត​ក្នុងស្រុក​បាន​ប្រមាណ​តែ​ជាង​៧២%​ប៉ុណ្ណោះ ដូចនេះ កម្ពុជា​ត្រូវ​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិតខាង​មក​បំពេញតម្រូវការ ហើយ​ក្នុង​ឆ្នាំ​២០១៧​កម្ពុជា​បាន​ទិញ​ចូល​ប្រមាណ​១៨%​មក​បំពេញតម្រូវការ ។

លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៧ អនុភាព​សរុប​នៃ​ប្រភព​អគ្គិសនី​ដែល​កម្ពុជា មានបាន​កើន​ឡើង​ពី​២.១១៥​មេ​ហ្កា​វ៉ា​ត់ មក​២.២៨៣​មេ​ហ្កា​វ៉ា​ត់​។ រីឯ​ថាមពល​អគ្គិសនី​ដែល​បាន​ប្រើ​ប្រាស់​កើនឡើង​ពី​៧.១៧៥​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ២០១៦ ដល់​៧.៩៦៦​លាន​គីឡូ​វ៉ាត់ម៉ោង នៅ​ឆ្នាំ​២០១៧ ។ លោក​ថា ៖« បរិមាណ​ដែល​អគ្គិសនី​បាន​មក​ពី​ការ​ផលិត​ក្នុងស្រុក​បាន​កើនឡើង​ពី​៧៧,៩%​ក្នុង​ឆ្នាំ​២០១៦​ដល់​៨១,៤%​ក្នុង​ឆ្នាំ​២០១៧ ។ រីឯ​បរិមាណ​ថាមពល​អគ្គិសនី​ដែល​យើង​បាន​ទិញ​ពី​ប្រទេស​ជិតខាង​បាន​ថយ​ចុះ​ពី​២២%​នៃ​តម្រូវការ​ក្នុង​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម​១៨,៦%​នៃ​តម្រូវការ​វិញ​ក្នុង​ឆ្នាំ​២០១៧ »​។

លោក​បន្ថែម​ថា បើ​តាម​សមត្ថភាព​ពី​វា​រី​អគ្គិសនី​របស់​កម្ពុជា ឃើញ​ថា នៅ​រដូវវស្សា​មាន​ថាមពល​អគ្គិសនី​ពេញបន្ទុក ឬ​អាច​និយាយ​បាន​ថា ទោះ​មិន​នាំ​ចូល ក៏​អាច​ផ្គត់​ផ្គត់​គ្រប់​គ្រាន់​ដែរ តែ​នៅ​ពេល​រដូវប្រាំង​វិញ ប្រភព​ថាមពល​ដែល​បាន​មក​ពី​វា​រី​អគ្គិសនី​នានា​បាន​ធ្លាក់​ចុះ ដូចនេះ​ហើយ​ត្រូវការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់ បើ​មិន​អីចឹង​ទេ មិន​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ទៅ​តាម​តម្រូវការ​នោះ​ទេ ។

លោក​និយាយ​ថា ៖« តាម​ពិត​ទៅ នៅ​ពេល​ដែល​វា​រី​អគ្គិសនី​យើង​សង់​រួចរាល់ យើង​អាច​មាន​ភ្លើង​សល់ ហើយ​អាច​លក់​ទៅ​ប្រទេស​ជិតខាង ក៏​ប៉ុន្តែ​គេ​នឹង​មិន​ទិញ​យើង​ទេ ព្រោះ​គេ​មាន​ភ្លើង​គ្រប់គ្រាន់​ហើយ »​។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​របស់​កម្ពុជា​សម្រេច​បាន​លទ្ធផល​លឿន​ជាង និង​ល្អ​ជាង​ការ​ប៉ាន់ស្មាន របស់​អ្នក​សិក្សា​ស្រាវជ្រាវ ។ ជាក់ស្ដែង ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មកនេះ អនុភាព​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍន៍​បាន​កើនឡើង​១១,៤​ដង ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការ​ប្រើប្រាស់​ទូ​ទាំង​ប្រទេស​គ្រប់គ្រាន់ និង​ទាន់​តាម​កំណើន​នៃ​ការ​ប្រើប្រាស់ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« នៅ​ចុងឆ្នាំ ២០១៧​កន្លង​ទៅ​នេះ ការ​អភិវឌ្ឍ​បណ្ដាញ​បញ្ជូន​អនុ​ស្ថានីយ និង​បណ្ដាញ​បញ្ជូន​រង​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​បណ្ដាញ​ជាតិ​អាច​ភ្ជាប់​បញ្ចូល​នូវ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ទាំងអស់​បញ្ចូល​គ្នា »​។

លោក​បន្ត​ថា មិនយូរ​ទៀត​ទេ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស នឹង​មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​នៅ​ដំណាក់​កាលនោះ មន្ត្រី​នៃ​អគ្គិសនី​ទាំងអស់ នឹង​ត្រូវ​ពង្រឹង​ពី​គុណ​ភាព​អគ្គិសនី​ជូន​អ្នក​ប្រើប្រាស់ ពោល​គឺ​ពេល​នោះ ត្រូវ​តែ​ធានា​មិន​មានការ​រអាក់រអួល ឬ​ដាច់​ភ្លើង​ញឹកញាប់​ជាដើម ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ ប្រទេស​ទាំង​៣​ដែល​កម្ពុជា​នាំ​ចូល​ថាមពល​អគ្គិសនី រួម​មាន ថៃ នាំ​ចូល​ចំនួន​២៦៩,៥៦​លាន​គីឡូវ៉ាត់ម៉ោង , រៀត​ណា​ម​ចំនួន​១.១៥៣,៨៥​លាន​គីឡូវ៉ាត់ម៉ោង និង​ឡាវ​ចំនួន​៥៦,៥២​លាន​គីឡូវ៉ាត់ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ