រាជធានីភ្នំពេញ ៖ ក្នុងជំនួបសម្ភាសន៍នៅទីក្រុងតូក្យូ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានអះអាងថា ជប៉ុននៅតែបន្តគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយជប៉ុនសង្ឃឹមថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងដំណើរការទៅដោយរលូន ខណៈសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានសម្រេចជាផ្លូវការ «ព្យួរជំនួយ» ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅកម្ពុជា ។
លោក Nishida Jun ជំនួយការអគ្គនាយកនៃនាយកដ្ឋានគោលនយោបាយតំបន់នៃការិយាល័យកិច្ចការអាស៊ីនិងអូសេអានី បានប្រាប់អ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី២២ ខែមករា នៅក្រសួងការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូថា ជប៉ុនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងតែងតែគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសនៅអាស៊ាន ។
នៅពេលសួរថា តើអ្វីទៅដែលជំរុញឱ្យជប៉ុន នៅតែមានជំហរគាំទ្រដល់ គ.ជ.ប និងដំណើរការបោះឆ្នោតនៅកម្ពុជា បើទោះបីជាគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានរំលាយចោលដោយអំណាចសាលដីការបស់តុលាការកំពូលតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយជាលទ្ធផលនៃការរំលាយគណបក្សប្រឆាំង បានធ្វើឱ្យសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយដល់ គ.ជ.ប ទៅហើយនោះ លោក Nishida Jun មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ ជប៉ុនមិនអាចលែងដៃពីកម្ពុជាឡើយ ។
លោក Nishida Jun មានប្រសាសន៍បន្ថែមថា៖ «ជប៉ុនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងយើងសង្ឃឹមថា ប្រទេសជាសមាជិកអាស៊ាន ខ្ញុំមិនសំដៅថាប្រទេសណាមួយនោះទេ គឺរក្សាបាននូវលទ្ធិប្រជាធិបតេយ្យ។ ជាធម្មតា លទ្ធិប្រជាធិបតេយ្យតែងដើរទៅមុខឬជួនកាលអាចដើរថយក្រោយបន្តិច ។ ដូច្នេះបើយើងមើលឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យដើរថយក្រោយបន្តិចនៅក្នុងប្រទេសនោះ(កម្ពុជា) យើងមិនអាចមិនរវល់នោះទេ គឺមានន័យថាយើងមិនអាចលែងដៃបានទេព្រោះវាអាចនឹងធ្វើឱ្យដំណើរនោះកាន់តែវិលទៅរកភាពមិនល្អ ។ អ៊ីចឹង យើងបន្តការគាំទ្រ»។
សូមបញ្ជាក់ថា កន្លងមកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងកម្ពុជា និងជប៉ុន ក៏ដូចជាចំណងទាក់ទងរវាងជប៉ុននិងអាស៊ានរយៈពេល៥០ឆ្នាំ ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយបច្ចេកទេសផ្សេងៗផងដែរ ។ សម្រាប់កម្ពុជា ជប៉ុនគឺជាតួអង្គសំខាន់មួយដល់ដំណើរការនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលក្នុងនោះជំនួយរបស់ប្រទេសជប៉ុនកន្លងមក សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជាមានដូចជា ដំណើរការនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រជាដើម សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ កន្លងមក។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយដាក់ឲ្យដំណើរការបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៤ ខែមករា នៅទីស្តីការ គ.ជ.ប ថា ការរៀបចំគម្រោងសម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជា ធ្វើតាមការអនុម័តរបស់រដ្ឋសភាប្រចាំឆ្នាំ និងរៀបចំគម្រោងទៅតាមជំនួយបរទេសដែលបានផ្តល់ឲ្យ ។
កាលពីឆ្នាំ២០១៦ ជប៉ុនបានផ្តល់ដល់ គ.ជ.ប នូវកុំព្យូទ័រ សហគមន៍អឺរ៉ុបបានផ្តល់សម្ភារសម្រាប់ចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ។
សម្រាប់ឆ្នាំ២០១៧ គ.ជ.ប.បានប្រើប្រាស់ថវិការបស់រដ្ឋ ប៉ុន្តែប្រសិនបើមានការផ្តល់ថវិកាពីបណ្តាប្រទេស និងអង្គការនានានោះ គ.ជ.បនឹងកាត់គម្រោងថវិការបស់រដ្ឋ ហើយដាក់ចូលថវិកាដែលគេផ្តល់ជូន ។
លោក ទេព នីថា បញ្ជាក់ថា «ឆ្នាំ២០១៨នេះ ជប៉ុនបានផ្តល់ចំនួន៧លានដុល្លារ ហើយ នៅចំពោះមុខនេះ គាត់នឹងផ្តល់ហិបឆ្នោតដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៥លានដុល្លារ ។ ហិបឆ្នោតនេះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ សម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះ។
ចំណែកភាគីចិន ផ្តល់ហិបឆ្នោតមកបន្ថែមទៀត ព្រោះថាហិបឆ្នោតដែលជប៉ុនផ្តល់ជូននោះមិនគ្រប់គ្រាន់ទេ ។ លើសពីនេះ ចិនក៏បានផ្តល់វិទ្យុទាក់ទងមួយចំនួនទៀតផងដែរ»។
បើតាមលោកទេព នីថា ក៏បានឲ្យដឹងដែរថា គ.ជ.ប មានគម្រោងស្នើសុំភាគីចិននូវថវិកាបន្ថែមទៀត ដើម្បីយកមកសាងសង់ទីស្នាក់ការសម្រាប់គណៈកម្មការរាជធានី-ខេត្តរៀបចំបោះឆ្នោតដែលពុំទាន់សាងសង់ ។
ទោះបីជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានព្យូការផ្តល់ជំនួយដល់ គ.ជ.ប ក្តី តែលោកទេព នីថា អះអាងថា គ.ជ.ប បានរៀបចំយុទ្ធវិធីសម្រាប់រៀបចំដំណើរការបោះឆ្នោតដោយប្រើប្រាស់ថវិការបស់រដ្ឋរួចជាច្រើនហើយ ។
ទាក់ទងនឹងការទទួលថវិកាពីបរទេសនេះដែរ លោក ខន កែវមនោ ប្រធាននាយដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប ក៏បានលើកឡើងពីការប្រកាសផ្តល់ថវិការបស់ប្រទេសរុស្ស៊ី សម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមិនទាន់មានការផ្តល់ជាថវិកា ឬសម្ភារណាមួយមក គ.ជ.ប នៅឡើយទេ ទោះបីជាប្រទេសនេះធ្លាប់ ប្រកាសថាផ្តល់ជំនួយក្តី ។
សូមជម្រាបថា ការលើកឡើងរបស់អគ្គលេខាធិការ គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីសហគមន៍អឺរ៉ុបដែលជាម្ចាស់ជំនួយមួយដល់ គ.ជ.ប បានប្រកាសព្យួរជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ជាមួយនឹងសហរដ្ឋអាមេរិក កាលពីពេលកន្លងមក ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ