ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​៖ វិស័យ​អចលនទ្រព្យ​ឆ្នាំ​2018​នៅ​តែ​ដំណើរការ​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បើ​ទោះបី​មាន​កំណើន​​ថមថយ​ជាង​ឆ្នាំ​២០១៦​បន្តិច​ក្តី តែ​សម្រាប់​អ្នកជំនាញ​នៅ​តែ​មាន​ភាព​ជឿជាក់ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៨​នេះ ទោះបី​ត្រូវ​នឹង​ឆ្នាំ​បោះ​ឆ្នោតជាតិ​ក៏​ដោយ អ្នកជំនាញ…

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បើ​ទោះបី​មាន​កំណើន​​ថមថយ​ជាង​ឆ្នាំ​២០១៦​បន្តិច​ក្តី តែ​សម្រាប់​អ្នកជំនាញ​នៅ​តែ​មាន​ភាព​ជឿជាក់ ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៨​នេះ ទោះបី​ត្រូវ​នឹង​ឆ្នាំ​បោះ​ឆ្នោតជាតិ​ក៏​ដោយ អ្នកជំនាញ ក៏​ដូច​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​យល់​ថា គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​នេះ​ជួប​បញ្ហា ឬ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ទេ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង នាយក​ក្រុមហ៊ុន CPL មាន​ប្រសាសន៍​ថា ៖« យើង​មើលឃើញ​នៅ​ពេល​កន្លង​មកនេះ វិស័យ​អចលនទ្រព្យ​កម្ពុជា​មិន​ធ្លាក់​ចុះ​ទេ វា​មាន​តែ​កើន​ឡើងជា​បន្តបន្ទាប់​។ យើង​មើល​គ្រាន់តែ​នៅ​ដើមឆ្នាំ​២០១៨​នេះ គម្រោង​អគារ​៤២​ជាន់ ក៏​បង្ហាញ​ការ​សាងសង់​ឡើង​វិញ​ផង​ដែរ ។ ដូចនេះ វា​ជា​សញ្ញា​មួយ​ធ្វើ​ឱ្យ​វិស័យ​ដីធ្លី ក៏​ដូច​ជា​វិស័យ​សំណង់​កម្ពុជា គ្មាន​ការ​ធ្លាក់​ចុះ​ទេ​នៅ​ឆ្នាំ​២០១៨ វា​មាន​តែ​កើនឡើង​» ។

លោក​ឧកញ៉ា​លើក​ឡើង​ថា ៖« តាម​បទ​ពិសោធន៍ ការ​អូស​ទាញ​អ្នក​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​វា​លំបាក តែ​នៅ​ពេល​យើង​អាច​ទាញ​មក​បាន​ហើយ​នោះ ពួក​គាត់​នឹង​មិន​ងាយ​បញ្ឈប់​ទៅ​វិញ​ទេ ពីព្រោះ​ការ​វិនិយោគ​ពី​អគារ​មួយ​ទៅ​មួយ​បាន​ធ្វើ​ឱ្យ​ដំណើរការ​គ្រប់​ផ្នែក​ទាំង​ទីផ្សារ​, តម្រូវការ និង​អ្នកជំនាញ ខុស​ប្លែក​ពី​ពេល​មិន​ទាន់​បាន​បណ្តាក់​ទុន។ ប្រ​សិន​គាត់​ជោគជ័យ​នៅ​ក្នុង​គម្រោង​មួយ​ហើយ​នោះ នឹង​បន្ត​គម្រោង​ថ្មី​ទៅ​មុខ»។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 មាន​ប្រសាសន៍​ថា ៖« តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់ នៅ​ឆ្នាំ​២០១៨​នេះ មើលឃើញ​ថា នឹង​ប្រសើរ​ឡើង ដោយសារ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ប្រមាណ​៦,៩% ។ ដូចនេះ នៅ​ពេល​សេដ្ឋកិច្ច​បន្ត​មាន​កំណើន​ខ្ពស់ មាន​ន័យ​ថា កំណើន​កម្រិតជីវភាព​ក៏​កើនឡើង​ដែរ ។ អីចឹង ផល​ប៉ះពាល់​ផ្សេង​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ វា​ដូច​អត់​មាន​ទេ ដោយសារ​ស្ថានភាព​នយោបាយ​ក៏​ល្អ កំណើនសេដ្ឋកិច្ច​ក៏​ល្អ » ។

លោក​សង្កត់ធ្ងន់​ថា ៖« យើង​ក្រឡេក​មើល​ការ​ទិញ​-​លក់ និង​ជួល​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​ដើមឆ្នាំ​២០១៨​នេះ វា​មាន​សកម្មភាព​ដូចនឹង​ឆ្នាំ​២០១៧​ដែរ គឺ​មិន​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​ទេ » ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group​បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ កន្លង​មក​ថា ៖« បើ​មើល​ឆ្នាំ​២០១៨ យើង​វិភា​គជា​២​ចំណុច គឺ​សម្រាប់​អតិថិជន​ក្នុងស្រុក​មាន​សភាព​នឹង ព្រោះ​ខ្មែរ​យើង​ឲ្យ​តែ​ពេល​កៀក​បោះ​ឆ្នោត ពួក​គេ​មាន​អារម្មណ៍​ផ្សេង គាត់​មិន​ខ្លាច​ទេ តែ​គាត់​ផ្អាក ប៉ុន្តែ​បើ​អ្នក​វិនិយោគ​បរទេស​មិន​ផ្អាក​ទេ ពួក​គេ​នៅ​តែ​បន្ត​វិនិយោគ ព្រោះ​អ្នក​វិនិយោគ​បរទេស​មិន​គិត​ពី​កត្តា​នៃ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​ពួក​គេ​អាច​យល់​បាន​ថា លទ្ធផល​ឆ្នោត​យ៉ាង​ម៉េច គេ​អាច​ទស្សន៍​ទាយ​បាន » ។

លោក​បន្ត​ថា ៖« អ្នក​វិនិយោគ​បរទេស ពេល​ពួក​គេ​វិនិយោគ​នៅ​កម្ពុជា ពួក​គេ​បោះទុន​ទាប ឧទាហរណ៍ ពួក​គេ​ទិញ​ខុន​ដូ​នៅ​កម្ពុជា ទំហំ​ដូច​គ្នា គេ​ទិញ​ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ តែបើ​ទិញ​នៅ​ស្រុក​គេ ឬ​ប្រទេស​ជិតខាង​យើង ខុន​ដូ​ទំហំ​ដូច​គ្នា មាន​តម្លៃ​រហូត​ដល់​៤០​ម៉ឺន​ដុល្លារ ឬ​ជាង​១​លាន​ដុល្លារ ដូច្នេះ ពួក​គេ​បោះទុន​នៅ​ស្រុក​ខ្មែរ​អស់​តិច » ។

លោក​ឧកញ៉ា​បាន​បន្ត​ថា ៖« យើង​ចង់បាន​អ្នក​វិនិយោគ​បែប​ហ្នឹង ព្រោះ​ដូច​ជា​ការ​ចាក់​កៅឪ​អីចឹង គេ​មើលឃើញ​ស្រុក​ខ្មែរ​មាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​ល្អ អីចឹង ការ​បោះទុន​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ​នៅ​កម្ពុជា ពួក​គេ​មិន​ខ្លាច​ទេ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​បន្ត​ទៀត​។ កត្តា​ជោគជ័យ​នោះ គឺ​កំណើន​សេដ្ឋកិច្ច​ហ្នឹងហើយ » ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ផង​ដែរ​ថា ការ​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​បែប​នេះ វិស័យ​អចលន​ទ្រព្យ​នឹង​រីក​ចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត ហើយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ នឹង​មិន​រង​ផល​ប៉ះពាល់​ទេ ។ អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​កំពុង​បន្ត​វិនិយោគ ដោយសារ​មើល​ឃើញ​​ការ​រីក​ចម្រើន និង​ស្ថិរភាព​សង្គម​សម្រេច​បាន ។

លោក​បន្ត​ថា ៖« បើ​ពួក​គេ​ខ្លាច ពួក​គេ​មិន​វិនិយោគ​ទេ ព្រោះ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ចំណាយ​ថវិកា​ធំ​ណាស់ ។ ពួក​គេ​មិនមែន​ចេះ​តែ​ប្រថុយប្រថាន​ទេ » ។

ទោះជា​យ៉ាងណា លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គ្មាន​សញ្ញា​ណាមួយ​អាក្រក់​ទេ ប៉ុន្តែ​បើ​ឲ្យ​និយាយ​ចំ ថា​មិន​ប៉ះពាល់ វា​មិន​ពិត​ទេ តែ​វា​ប៉ះពាល់​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​ចប់ និង​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី វិស័យ​នេះ​នឹង​មាន​សន្ទុះ​ខ្លាំង​ឡើង​វិញ ដោយ​សារ​កំណើនសេដ្ឋកិច្ច កំណើន​ប្រជាសាស្ត្រ និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពល​រដ្ឋ​នៅ​​តែ​បន្ត​កើនឡើង ។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា ៖« វិស័យ​សំណង់​កម្ពុជា​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៨ ខ្ញុំ​នៅ​តែ​សង្ឃឹមលើ​វិស័យ​មួយ​នេះ ។ អ្វី​ដែល​យើង​ក្តាប់​បាន គឺ​វិស័យ​សំណង់​នឹង​នៅ​តែ​វិ​វត្ត​ដដែល ផ្អែក​លើ​ហេតុផល​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​វិនិយោគ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស ក៏​ដូច​នៅ​ក្រៅប្រទេស បាន​ងាក​មក​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​សំណង់ ជា​ពិសេស ដីធ្លី និង​អចលនទ្រព្យ » ។

លោក​លើក​ឡើង​ថា ៖« តាម​ការ​ស្រង់​ទិន្នន័យ​ពី​នាយកដ្ឋាន​សំណង់ ក៏​បាន​បញ្ជាក់​ច្បាស់​ថា នៅ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន ដែល​ក្រសួង និង​មន្ទីរ​រាជធានី​-​ខេត្ត​កំពុង​តែ​ពិនិត្យ​នៅ​តាម​សាលាក្រុង​-​ស្រុក​-​ខណ្ឌ ដែល​ទទួល​បាន​ប្រតិភូកម្ម​អំណាច​នៅ​មាន​គម្រោង​ប្លង់ កំពុង​ពិនិត្យ​គម្រោង​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សាងសង់​អគារ​ធំ​ៗ និង​សំណង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ។ អីចឹង ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដដែល » ។

លោក​បញ្ជាក់​ថា ៖« នៅ​ឆ្នាំ​២០១៨ ខ្ញុំ​មើលឃើញ​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សាងសង់​នៅ​ទីក្រុង​ភ្នំពេញ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ច្រើន​នៅ​ទីនោះ ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា ព្រោះ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​នៅ​តែ​មាន​តម្រូវការ ។ តម្រូវការ​អគារ​ការិយាល័យ​នៅ​តែ​មាន ព្រោះ​កំណើនប្រជាជន កាន់តែ​កើន ហើយ​ភ្ញៀវ​បរទេស​កាន់តែ​ចូល​មក​ច្រើន​។ ដូច្នេះ តម្រូវ​ការ​ស្នាក់​នៅ គឺ​នៅ​តែ​មាន​ដដែល ព្រោះ​កម្លាំង​ទិញ​ធំ គឺ​នៅ​លើ​ផ្នែក​អគារ​ការិយាល័យ អគារ​ស្នាក់​នៅ​រួម និង​អគារ​ជួល​។ ទាំងនេះ​ជា​ចំណុច​ទាក់ទាញ​មួយ​ដ៏​ធំ​សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ » ។

ធនាគារពិភពលោក​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៨ គឺ​នៅ​តែ​ល្អ​ប្រសើរ​ដដែល ដោយ​ធនាគារ​នេះ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ស្មើ​៦,៩% គាំទ្រ​ដោយ​វិស័យ​ទេសចរណ៍ សេវាកម្ម សំណង់ និង​កាត់ដេរ ។ ទោះជា​យ៉ាងណា ធនាគារ​ពិភពលោក ក៏​បាន​ផ្ដល់​ជា​ទស្សនទាន​មួយ​ចំនួន​ផង​ដែរ ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​នេះ ក្នុង​នោះ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឲ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​ជាង​នេះ​បន្ថែម​ទៀត ដែល​ជួយ​ដោះស្រាយ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី និង​ភស្តុ​ភារ ព្រមទាំង​គម្លាត​នៃ​ជំនាញ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​ជាង​៣.០០០​គម្រោង មាន​ផ្ទៃ​ក្រឡា​ជាង​១០​លាន​ម៉ែត្រការ៉េ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង​៦.៤២៨​លាន​ដុល្លារ ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ជាង​២.០០០​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប​ជាង​១១​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង​៥.២៥៦​លាន​ដុល្លារ កើនឡើង​ប្រមាណ​២២,៣១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ