ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹមសារ​សំខាន់​ក្នុងសន្និសីទ​សារព័ត៌មានស្ដី​ពី​សមិទ្ធផល​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​អញ្ជើញ​ក្នុង​ពិធី​ផ្ទេរតំណែង នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) ឲ្យ​ទៅ​ប្រទេស​ឡាវ​រួច សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​អញ្ជើញ​ក្នុង​ពិធី​ផ្ទេរតំណែង នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) ឲ្យ​ទៅ​ប្រទេស​ឡាវ​រួច សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សហ​ប្រធាន​​ប្រទេស​ចិន ដែល​មានការ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​៤​ទៀត និង​ពី​បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ផង​ដែរ ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ថ្ងៃនេះ​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ពេញចិត្ត ពីព្រោះ​ប្រទេស​ទាំងអស់​បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេច​បាន ចាប់ពី​កិច្ចប្រជុំ​លើក​ទី​១ នៅ​ទីក្រុង​សាន់​យ៉ា សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមីនា ឆ្នាំ​២០១៦​កន្លង​ទៅ ។

សម្ដេច​ថ្លែង​ថា ៖« មិន​ដល់​២​ឆ្នាំ​ផង យើង​បាន​ជំរុញ​យន្តការ​អនុ​តំបន់​ថ្មី​នេះ​ឲ្យ​ក្លាយជា​គម្រោង​កិច្ច​ប្រតិបត្តិការ​ដ៏​ពេញលេញ​មួយ​។​ចំពោះ​សមត្ថភាព​ស្ថាប័ន គឺ​យើង​កសាង​បាន​នូវ​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​ការងារ​ពហុ​ស្រទាប់ និង​យន្តការ​អនុវត្ត​ដែល​មាន​លក្ខណៈ​​រឹង​មាំ និង​ពេញលេញ ហើយ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា យន្តការ​ទាំងនេះ​នឹង​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​៦ អាច​ធ្វើ​ដំណើរ​បាន​កាន់តែ​លឿន​ឆ្ពោះទៅ​រក​គោល​ដៅ​នៃ​ការ​ប្រែក្លាយ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ទៅ​ជា​សហគមន៍​មួយ​ដែល​មាន​អនាគត សន្តិភាព និង​វិបុលភាព​រួម​គ្នា » ។

សម្ដេច​ថ្លែង​បន្ដ​ថា ៖« នៅ​ក្នុង​ចំណោម​បណ្ដា​យន្តការ​នានា យើង​បាន​បង្កើត​ឡើង​នូវ​លេខាធិការដ្ឋាន​អង្គភាព​សម្របសម្រួល​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ទាំង​៦ និង​បាន​ជំរុញ​ក្រុមការងារ​រួម​សម្រាប់​វិស័យ​អាទិភាព​សំខាន់​ៗ​នៃ​សហប្រតិបត្តិការ​ឲ្យ​មាន​សកម្មភាព​រស់​រវើក ។ បណ្ដា​ស្ថាប័ន​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចសហការ​មេគង្គ​-​ឡាន​ឆាង រួម​មាន​ជា​អាទិ៍ ៖ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ធនធានទឹក​, មណ្ឌល​កិច្ច​សហប្រតិបត្តិការ​បរិស្ថាន​មេគង្គ​-​ឡាន​ឆាង និង​មជ្ឈមណ្ឌល​សិក្សា​ទន្លេមេគង្គ​ជាដើម » ។

ក្នុង​ការ​ដាក់​ចេញ​ឲ្យ​អនុវត្ត​នូវ​មូលនិធិ​ពិសេស នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ទ្រទ្រង់​បណ្ដា​គម្រោង​ខ្នាត​តូច​និង​មធ្យម គឺ​យើង​​បាន​កត់សម្គាល់​ប្រកបដោយ​ក្ដី​សោមនស្ស និង​ពេញចិត្ត​ចំពោះ​គម្រោង​ទាំង​១៣២​ក្នុង​ក្រុម​គម្រោង​ដំណាក់កាល​ទី​១ ដែល​ទ្រទ្រង់​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០១៧ ត្រូវ​បាន​អនុវត្ត​ជា​លំដាប់​យ៉ាង​ខ្ជាប់ខ្ជួន ។ កិច្ចប្រជុំ​ថ្ងៃ​នេះ ពួក​យើង​បាន​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កុងសង់ស៊ីស និង​អនុម័ត​នូវ​ឯកសារ​សំខាន់​ៗ​ចំនួន​២​គឺ ៖ ១)​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ និង​២) ផែនការ​សកម្មភាព​៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​២០១៨-២០២២ ។

មុន​នឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​រាល់​សមិទ្ធ​ផល​​ដែល​សម្រេច​បាន​ដោយ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ចំពោះ​តួនាទី​ដឹកនាំ​ក្នុង​ការ​ព​ន្លឿ​ន​របៀបវារៈ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ចំពោះ​ការ​គាំទ្រ​ឥត​ងាករេ​លើ​ភាព​ជា​សហ​ប្រធាន​របស់​កម្ពុជា ក្នុងអំឡុងពេល​២​ឆ្នាំ​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ