រាជធានីភ្នំពេញ ៖ ក្រោយពីប្រទេសសមាជិកអាស៊ានទាំង១០ ប្រកាសការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីចុងឆ្នាំ២០១៥ ឃើញថា លំហូរទំនិញ និងសេវាពីប្រទេសមួយទៅមួយមានលក្ខណៈសេរី ដោយរបាំងពន្ធគយត្រូវបានកាត់បន្ថយ ជំនួសមកវិញនូវអនាម័យ និងភូតគាមអនាម័យ ។ តើអនាម័យ និងភូតគាមអនាម័យនេះមានសារប្រយោជន៍សំខាន់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា ?
លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍កាលពីម្សិលមិញថា ៖« រឿងអនាម័យ និងភូតគាមអនាម័យផ្តល់ប្រយោជន៍ដល់កម្ពុជាធំៗចំនួន៤គឺ
ទី១-ការអនុវត្តផែនការអនាម័យ និងភូតគាមអនាម័យ កម្ពុជាអាចប្រើសិទ្ធិអធិបតីភាពរបស់ខ្លួនដូចនឹងប្រទេសអាស៊ាន និងប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់សុខភាពដោយទំនិញនាំចូល, ទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ ឬសមាសធាតុចង្រៃនៃរុក្ខជាតិ និងទប់ស្តាត់ការរាលដាលឆ្លងជំងឺសត្វ ។
ទី២-ការអនុវត្តផែនការអនាម័យ និងភូតគាមអនាម័យ ធ្វើឱ្យកម្ពុជាអាចរក្សាស្ថានភាពសមាសធាតុចង្រៃនៅក្នុងប្រទេសមានលក្ខណៈល្អ មានន័យថា បើយើងបើកឱ្យនាំចូលផលិតផលកសិកម្ម ឬចំណីអាហារសេរីនោះ សមាសធាតុចង្រៃនឹងហូរចូលមកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រទេសយើងនឹងសម្បូរទៅដោយសមាសធាតុចង្រៃ ទៅថ្ងៃអនាគត ធ្វើឱ្យយើងមិនអាចនាំកសិផលទៅក្រៅប្រទេសបានទេ ព្រោះហានិភ័យនៃការរាលដាលឆ្លងមានកម្រិតខ្ពស់ » ។
លោកបណ្ឌិតបន្តថា ៖« ទី៣-យើងអាចទទួលបាននូវគោលបំណងរក្សាសុខភាពប្រជាពលរដ្ឋយើងពីការហូរទំនិញជាអាហារ ។ យើងអាចទប់ស្កាត់បានការមិនហូរចូលប្រទេសនូវសមាសធាតុចង្រៃបំផ្លាញផលិតកម្ម និងកសិកម្ម និងទី៤-ការទប់ស្កាត់មិនឱ្យហូរចូលដោយគំហុក នឹងបើកឱកាសឱ្យផលិតករ កសិករខ្មែរ លើកកម្ពស់សមត្ថភាព លទ្ធភាពផលិតកម្ម ដើម្បីកុំឱ្យមានការវាយលុកពីទំនិញខាងក្រៅ » ។
ទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យនេះ លោកបណ្ឌិត ហ៊ាន វណ្ណហន ថា សមាជិកប្រទេសអាស៊ានទាំងអស់នៅក្នុងក្រុមការងាររដ្ឋមន្ត្រីកសិកម្មអាស៊ានទាំង១០ ជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្នុងកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ ក្រោមដំបូលតែមួយនៃអង្គការពាណិជ្ជកម្មពិភពលោក ។ យើងមិនខុសគ្នាទេ ខុសគ្នាត្រង់ថា នៅក្នុងអាស៊ានមានតែកម្ពុជាមួយទេ ដែលគ្មានចំណាត់ការទប់ស្កាត់នៅតាមច្រកទ្វារព្រំដែន (មន្ត្រីជំនាញ) ពឹងផ្នែកលើខាងគយធ្វើលើការងារនេះ ។
លោកបណ្ឌិតបន្តថា ៖« កន្លងមក យើងមានកិច្ចព្រមព្រៀងអន្តរស្ថាប័នមួយ ដែលខាងសមត្ថកិច្ចជំនាញផ្តល់សិទ្ធិឱ្យគេមើល (គយ) បើមានបញ្ហាសង្ស័យអ្វីមួយ គេចាំហៅយើងទៅពិនិត្យមើល ឬជូនដំណឹងមកយើង ។ ក៏ប៉ុន្តែជាង១០ឆ្នាំហើយការដែលខាងគយធ្វើ យើងអត់ដែលបានទទួលការជូនដំណឹងណាមួយឡើយ » ។
កម្ពុជាគ្មានមន្ត្រីជំនាញផ្នែកអនាម័យ និងភូតគាមអនាម័យចាំត្រួតពិនិត្យនៅតាមច្រកព្រំដែនដូចប្រទេសផ្សេងទេ ។ លោកបណ្ឌិតមើលឃើញថា សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជាចង់នាំចេញផលិតផលកសិកម្ម និងចំណីអាហារផ្សេងទៀត ប្រហែលលំបាកជាងប្រទេសផ្សេងនាំចូលមកកម្ពុជា នេះវាជាការចាញ់ប្រៀបគេមួយ ។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ចំពោះចំណីអាហារ ចាំបាច់ត្រូវមានស្តង់ដា និងការបញ្ជាក់គុណភាពសុវត្ថិភាពអនាម័យ និងភូតគាមអនាម័យ ។ របាំងភូតគាមអនាម័យពិតជារឹងមាំមែនទែន ហើយពិបាកនឹងងាយឆ្លងផុតចំពោះឧស្សាហកម្មខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា ។
លោកស្រីបន្តថា ៖« រឿងអនាម័យ និងភូតគាមអនាម័យ ប្រទេសគេអនុញ្ញាតឱ្យនាំចូល គេឆែកមើលគ្រប់ជំហាន ត្រួតពិនិត្យម្តងហើយម្តងទៀត ។ មុនយើងនាំចូល គេមកយកផលិតផលយើងត្រួតពិនិត្យគុណភាព ទម្រាំស្នើសុំនាំចូលទៅបាន ត្រូវចំណាយពេលជាង១ឆ្នាំ។ នៅពេលដល់ប្រទេសគេហើយ គេមិនទាន់ឱ្យចូលទៀត ត្រូវបើកកុងតឺន័រយកផលិតផលយើងទៅត្រួតពិនិត្យគុណភាពថា ពិតមានស្តង់ដាអនាម័យហើយ ទើបគេឱ្យយើងចូល » ។
លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកកសិកម្ម មានប្រសាសន៍ថា ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យនេះ មិនថានៅកម្ពុជាទេ នៅប្រទេសផ្សេងទៀត ក៏ការយល់ដឹងនៅមានកម្រិតដែរ ។ សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចង់ដឹងពីបញ្ហាអនាម័យ និងភូតគាមអនាម័យ អាចទាក់ទងមកខាងអគ្គនាយកកសិកម្មពិភាក្សាធ្វើយ៉ាងម៉េចឱ្យទទួលបានជោគជ័យ ដោយអាចអនុលោមទៅតាមលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ៕
ចែករំលែកព័តមាននេះ