ខេត្តបន្ទាយមានជ័យ ៖ ដំឡូងមីស្ងួតដែលឈ្មួញទិញនាំចូលប្រទេសថៃឆ្នាំ២០១៧មានទម្ងន់២៨,៧៥០តោន តិចជាងឆ្នាំ២០១៦ មានទម្ងន់ ៥១,២៥០តោន នៅព្រំដែលកម្ពុជា-ថៃខេត្តបន្ទាយមានជ័យ ។
លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ថា ដោយយោងតាមរបាយការក្នុងឆ្នាំ២០១៧ ដំឡូងមីស្ងួតដែលឈ្មួញថៃទិញនាំចេញមានទម្ងន់២៨,៧៥០តោន នាំចេញច្រកទ្វាតំបន់ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃមានទម្ងន់១៧,០០០តោន និងច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក មានទម្ងន់១១,៧៥០តោន ។
បើប្រៀបធៀបឆ្នាំ២០១៦ ដំឡូងមី ឈ្មួញថៃទិញនាំចេញមានទម្ងន់៥១,២៥០តោន មានច្រកទ្វារតំបន់ព្រំដែនម៉ាឡៃមានទំងន់៣៧,៥០០តោន ច្រកទ្វារតំបន់បឹងត្រកួន មានទម្ងន់១៣,៧៥០តោន ។
លោកដុំ វណ្ណឌី អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យឆ្នាំ២០១៧នេះ មានទីលានសម្ងួតដំឡូងមី មានប្រមាណ៥០កន្លែង ហើយដំឡូងមីសើម ទិញ១គីឡូក្រាមតំលៃ២០០រៀល និងដំឡូងស្ងួតទិញ១គីឡូក្រាម តំលៃ៦០០រៀល បើប្រៀបធៀបឆ្នាំ២០១៦ គឺតម្លៃមិនខុសគ្នាប៉ុន្មានឡើយ ។
លោកបានបញ្ជាក់ថា ដំឡូមីស្ងួតថៃទិញនាំចេញមួយចំនួនធំ ជារបស់កសិករក្នុងខេត្តបន្ទាយមានជ័យ មានស្រុក-ក្រុងជាប់ព្រំដែន អាស្រ័យផល និងមួយចំនួនតូចឈ្មួញនាំមកពីខេត្តជាប់ជាយដែន ខាងកើតនាំលក់ជាប់ព្រំដែនខាងលិច ៕
ចែករំលែកព័តមាននេះ