ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​ធនាគារ​សម្រាប់​SMEs នឹង​ធ្វើ​ឱ្យ​SMEs​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន​ឬ​យ៉ាងណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (SMEs) សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឈាន​ទៅ​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (SMEs) សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឈាន​ទៅ​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចាប់ផ្តើម​ពី​ដើមទុន​១០០​លាន​ដុ​លា្ល​រ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មក ។

គម្រោង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​នេះ គឺ​ដើម្បី​បង្កើន​ការ​ផលិត​ក្នុងស្រុក​បម្រើ​សេចក្តី​ត្រូវការ​ប្រជាពលរដ្ឋ និង​ជំរុញ​ការ​នាំ​ចេញ ព្រមទាំង​បង្កើន​ឱកាស​ការងារ​កាន់តែ​ច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​នោះ​ក៏​រួមចំណែក​ដោះស្រាយ​ភាព​អត់​ការងារ​ធ្វើ​ផង​ដែរ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖« យើង​មាន​ធនាគារ​មួយ​ហើយ គឺ​ធនាគារ​អភិវឌ្ឍន៍ជនបទ​សម្រាប់​ដោះស្រាយ​បញ្ហា​ឥណទាន​ទៅ​លើ​ជនបទ ក៏​ប៉ុន្តែ​ដំណាក់​កាល​​នេះ គឺជា​ដំណាក់កាល​រីក​លូតលាស់​នៃ​បញ្ហា​ទាក់ទង​ជាមួយ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម ដែល​ផ្តល់​នូវ​តម្លៃបន្ថែម​សម្រាប់​ការ​កែ​ច្នៃ​នូវ​វត្ថុធាតុដើម ក្នុងស្រុក ជាមួយនឹង​ការ​ធ្វើ​សេដ្ឋកិច្ច​ផ្សេង​ៗ​ក្នុង​កម្រិត​តូចតាច ក៏​ប៉ុន្តែ​វា​នឹង​ដោះស្រាយ​ការងារ​ធ្វើ វា​នឹង​ដោះ​ស្រាយ​បញ្ហា​តម្រូវការ​ក្នុងស្រុក វា​នឹង​កាន់តែ​ប្រកួតប្រជែង ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស យើង​នឹង​ដាក់​ដើមទុន​ដើម្បី​ឈាន​ទៅ​បង្កើត​នូវ​ធនាគារ​សម្រាប់​ផ្តល់​ឥណទាន​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម » ។

បើ​ទោះបីជា​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល ប៉ុន្តែ​សម្តេច​បាន​អះអាង​ថា នឹង​បង្កើត​ធនាគារ​នេះ​ឱ្យ​ទាល់តែ​បាន ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ៖« នាយក​រដ្ឋមន្ត្រី តែ​និយាយ​បែប​នេះ​ហើយ មិន​អាច​ដកថយ​បាន​ទេ » ។

សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​មាន​ប្រមាណ​៥៣​ម៉ឺន​សហគ្រាស បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ចាប់​តាំងពី​ដើមឆ្នាំ​១៩៩០ ។ សហគ្រាស​ធុន​តូច គឺជា​សហគ្រាស​ដែល​មាន​កម្លាំង​ពលកម្ម​ចាប់ពី​១០​នាក់ រហូត​ដល់​៤៩​នាក់ ជាមួយ​ដើមទុន​ចាប់ពី​១​ម៉ឺន​ដុល្លារ​រហូត​ដល់​១៩,៩​ម៉ឺន​ដុល្លារ ។ រីឯ​សហគ្រាស​ធុន​មធ្យម គឺជា​សហគ្រាស​ដែល​មាន​កម្លាំង​ពលកម្ម​ចាប់ពី​៥០​នាក់ រហូត​១៩៩​នាក់ ជាមួយ​ដើមទុន​ចាប់ពី​២០​ម៉ឺន​ដុល្លារ រហូត​ដល់​ជិត​១​លាន​ដុល្លារ ។

វិស័យ​មួយ​នេះ​មិន​ត្រឹមតែ​បង្កើត​ការងារ​ដល់​យុវជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ប្រសិនបើ​វិស័យ​នេះ​ដួល អត្រា​គ្មាន​ការងារ​ធ្វើ​នឹង​កើនឡើង ហើយ​ក៏​បាន​រាំងស្ទះ​កំណើនសេដ្ឋកិច្ច​ផង​ដែរ ។ ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​នេះ SMEs ក៏​ត្រូវការ​ផ្សារ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា ICT ផង​ដែរ ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ឯ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ដែល​ជា​សេនាធិការ ក៏​កំពុង​ខិតខំ​ជួយ​ជំរុញ​ឲ្យ SMEs ទទួល​បាន​សុខភាព​ល្អ ដើម្បី​បង្កើត​ការងារ ប្រាក់​ចំណូល និង​ឱកាស​ផង​ដែរ ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ៖« ការងារ​របស់ SMEs មិនមែន​ធ្វើ​តែ​ម្នាក់ឯង​បាន​ទេ​គឺ​យើង​បាន​ធ្វើការ​ជា​អន្តរក្រសួង ដោយ​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​ពាណិជ្ជ​កម្ម ដែល​៤​ក្រសួង​នេះ នឹង​ធ្វើការ​ទៅ​លើ​វិស័យ SMEs ហើយដោយ​សារ​តែ SMEs ជា​អ្នក​បង្កើត​ការងារ និង​ត្រូវការ​ជំនាញ​បន្ថែម ដូច្នេះ យើង​ក៏​ត្រូវ​ធ្វើការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨​តទៅ ហើយ​ដូច​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ពី​ព្រឹក​មិ​ញ (​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ​) ហើយ​ថា នឹង​វិនិយោគ​១០០​លាន​ដុល្លារ​លើ SMEs ដែល​ជា​ដំណោះស្រាយ​ថ្មី​មួយ​ជួយ​គាំទ្រ​ដល់​វិស័យ​នេះ » ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ប្រាប់​ថា ការ​បង្កើត​ធនាគារ​សម្រាប់ SMEs ទំនង​មិនមែន​ជា​ដំណោះស្រាយ​សម​ស្រប​ទេ ។ ដោយសារ​កម្ពុជា​មាន​ធនាគារ​អភិវឌ្ឍន៍ជនបទ​ស្រាប់ រដ្ឋ​គួរ​ពង្រឹង​ប្រសិទ្ធ​ភាព​របស់​ធនាគារ​មួយ​នេះ​ជា​ការ​ចាំបាច់ ។ បើ​រាជរដ្ឋាភិបាល​មិន​អាច​កែ​លម្អ ឬ​ពង្រឹង​ប្រសិទ្ធភាព​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​នោះ​ទេ ការ​បង្កើត​ធនាគារ​ថ្មី​មួយ​ទំនងជា​គ្មាន​ផលប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​ទេ ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ចំណាយ​ថវិកាជាតិ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ៖« បញ្ហា​ដ៏​ធំ​របស់​យើង គឺ​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រឈម​មុខ​នឹង​ការ​ឈប់​ផ្តល់​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប » ។ តែ​យ៉ាងណា លោក​ថា បើ​ចង់​ជួយ​ដល់ SMEs គួរ​មាន​ដើមទុន​១​ពាន់​លាន​ដុល្លារ ។

ទោះជា​បែប​នេះ​ក្តី សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ការ​បង្កើត​ធនាគារ​ដើម្បី​ជួយ​ដល់ SMEs នេះ គឺ​ពង្រឹងសមត្ថភាព​របស់ SMEs ធ្វើ​ឱ្យ​កម្ពុជា​អាច​ជួយ​ខ្លួនឯង​បាន មិន​ពឹងផ្អែក​លើ​គេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា​៖ « យើង​មិន​ត្រូវ​រស់​ដោយ​ការ​ដកដង្ហើម​ពី​នេះ​ពី​នោះ​ទេ ពិភពលោក​ចំណុះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ទៅ​មាន​មក យើង​នាំ​ទំនិញ​ពី​គេ យើង​ក៏​នាំ​ទំនិញ​យើង​ទៅ​កាន់​ប្រទេស​របស់​គេ » ។  កន្លង​មក សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​នាំ​ឱ្យ​សហគ្រាស​ទាំងនោះ​ឈាន​ទៅ​ដល់​ការ​បិទទ្វារ​អាជីវកម្ម ។

លោក ង៉ែត ជូ បាន​ពន្យល់​ថា ការ​បិទទ្វារ​អាជីវកម្ម​មាន​កត្តា​ច្រើន ប៉ុន្តែ​កត្តា​ចម្បង​ៗ​រួម​មាន ការ​និយម​ធ្វើ​អាជីវកម្ម​តាម​គ្នា​ដោយ​ខ្វះ​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង ថ្លៃដើម​អាជីវកម្ម​មាន​កម្រិត​ខ្ពស់ និង​ខ្វះ​ការ​ច្នៃប្រឌិត ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​លើ​តម្លៃ​ខ្លាំង ។

លោក​គូសបញ្ជាក់​ថា ដើម្បី​ធ្វើ​ឱ្យ​សហគ្រាស​មាន​លំនឹង និង​និរន្តរភាព អ្នកគ្រប់គ្រង​អាជីវកម្ម​គួរ​ពង្រឹងសមត្ថភាព​ក្នុង​ការ​ធ្វើ​ផែនការអាជីវកម្ម យុទ្ធសាស្ត្រ​ទីផ្សារ និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ។

កន្លង​មក មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ធ្លាប់​បាន​លើក​ឡើង​ថា មូលហេតុ​ធំ​ៗ​ចំនួន​៤ ដែល​បណ្ដាល​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) របស់​យើង​មិនសូវ​ទៅ​មុខ គឺ​មាន​កត្តា​សំខាន់​ៗ​ដូច​ជា ៖

១-​បញ្ហា​អភិបាលកិច្ច ថ្លៃ​ភ្លើង​ថ្លៃ​ជាងគេ បើ​ប្រៀបធៀប​នៅ​ក្នុង​តំបន់ និង​បញ្ហា​ផ្សេង​ទៀត។

២-​បញ្ហា​ទីផ្សារ និង​អតិថិជន គឺ​មានការ​ពិបាក​ក្នុង​ការ​ប្រមូល​លុយ​ពី​អតិថិជន និង​ការ​ប្រកួតប្រជែង​កើនឡើង​ខ្ពស់ ។

៣-​បញ្ហា​ខ្វះ​ធនធានមនុស្ស ។

៤-​បញ្ហា​ផលិតផល និង​សេវា គឺ​តម្លៃ​វត្ថុធាតុដើម​ចេះ​តែ​កើនឡើង តែ​ផលិត​បាន​ហើយ​លក់​បាន​ថោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ