ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​សម្រាប់​វិស័យ​កាត់ដេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នៅ​តែ​ជា​វិស័យ​សំខាន់​មួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ឱកាស​ការងារ ព្រមទាំង​អត្ថប្រយោជន៍ ដល់​ពលរដ្ឋ​រាប់​លាន​នាក់ ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់…

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នៅ​តែ​ជា​វិស័យ​សំខាន់​មួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ឱកាស​ការងារ ព្រមទាំង​អត្ថប្រយោជន៍
ដល់​ពលរដ្ឋ​រាប់​លាន​នាក់ ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​ក្នុង​វិស័យ​នេះ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា បច្ចុប្បន្ន កម្ពុជា​បាន​ចរចា​ជាមួយ​បណ្ដា​ប្រទេស​សហគមន៍​អាស៊ី​អឺរ៉ុប ដែល​មាន​ប្រទេស​ធំ​ៗ​ចំនួន​៥ និង​សុទ្ធសឹងតែ​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​កម្ពុជា រួម​មាន រុ​ស្ស៊ី កា​ហ្សា​ក់​ស្ថាន អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​បេឡា​រុស ។ លោក​ថា ៖« គោល​គំនិត​ស្វែងរក​ទីផ្សារ​កម្ពុជា ក្រោយ​ពេល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី​កាលពី​ពេល​កន្លង​ទៅ និង​ស្នើ​ឲ្យ​មានការ​បើក​ទីផ្សារ​សម្រាប់​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សហគមន៍​អាស៊ី​អឺរ៉ុប » ។

លោក​បន្ត​ថា ដើម្បី​ឲ្យ​ផលិតផល​របស់​កម្ពុជា​បាន​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​មួយ​នេះ ជំហាន​ដំបូង កម្ពុជា​ត្រូវ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ទាំង​៥​ឲ្យ​រួចរាល់​សិន ប៉ុន្តែ​ជា​លទ្ធផល ពេល​នេះ កម្ពុជា​បាន​ចរចា​ជាមួយ​ប្រទេស​៣​រួច​ហើយ និង​ព្រមព្រៀង​រួច​ហើយ​ដែរ​ក្នុង​ការ​ទទួលយក​ទំនិញ​បាន​កំណត់​មួយ​ចំនួន ក្នុង​នោះ​ប្រទេស​៣​ក្នុង​ចំណោម​៥ នឹង​ព្រម​ទិញ​អាវ​រងា ដែល​កន្លង​មក​ផលិត​នៅ​ចិន ហើយ​ពេល​នេះ នឹង​បង្វែរ​មក​ផលិត​នៅ​កម្ពុជា​វិញ ។

លោក​ថា ៖«​អាវ​រងា​ដែល​រុ​ស្ស៊ី​បាន​ទិញ​ពី​ចិន​កន្លង​មក នឹង​លើក​រោងចក្រ​មក​ផលិត​នៅ​កម្ពុជា​វិញ ហើយ​នាំ​ចេញ​ទៅ​ប្រទេស​រុ​ស្ស៊ី ក្នុង​នោះ​វិនិយោគិន​ចិន​ដែល​មក​បណ្ដាក់ទុន​ផលិត​អាវ​រងា​នៅ​កម្ពុជា នឹង​ទទួល​បាន​ផលប្រយោជន៍​បន្ថែម​ផង​ដែរ » ។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​កិច្ចការ​នេះ​ដំណើរការ​បាន​ឆាប់រហ័ស កម្ពុជា និង​សហគមន៍​អាស៊ី​អឺរ៉ុប​បាន​រៀបចំ​វេទិកា​ឲ្យ​វិនិយោគិន​ទាំង​ពីរ​ភាគី​ជួប​ជជែក​គ្នា​ដើម្បី​រក​ច្រកចេញ​វិនិយោគ​រួម​គ្នា ។ វេទិកា​នេះ​មិនមែន​ធ្វើ​តែ​ម្ដង​ទេ គឺ​ត្រូវធ្វើ​ជា​ច្រើន​លើក​ទៀត​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នេះ ធ្វើ​នៅ​កម្ពុជា ហើយ​​ពេល​ក្រោយ​អាច​នឹង​ធ្វើ​នៅ​ប្រទេស​ផ្សេង​ម្ដង ក្នុង​ន័យ​តែ​មួយ គឺ​ជំរុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគមន៍​អាស៊ី​អឺរ៉ុប ។

លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​ទាំង​៥​ក្នុង​សហគមន៍​អាស៊ី​អឺរ៉ុប មាន​ពលរដ្ឋ​ប្រមាណ​ជាង​១៨០​លាន​នាក់ ។ ដូចនេះ ទីផ្សារ​មួយ​នេះ​មាន​ទំហំ​ធំ​ណាស់​សម្រាប់​កម្ពុជា ។ ម្យ៉ាងទៀត ពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ទាំងនោះ​សុទ្ធតែ​ជា​អ្នកមាន​ជីវភាព​ធូរធារ និង​មាន​លទ្ធភាព​អាច​ទិញ​សម្ភារ​ថ្លៃ​ៗ​ប្រើប្រាស់​បាន អ្វី​ដែល​ពិសេស ប្រទេស​ទាំងនោះ​ក៏​ជា​ប្រទេស​ត្រជាក់ អីចឹង​ហើយ​តម្រូវការ​អាវ​រងា​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងនោះ គឺ​ចាំបាច់​ណាស់​ដើម្បី​ទប់ទល់​ភាព​ត្រជាក់ ។

លោក​បន្ត​ថា ៖« បើ​តាម​ខ្ញុំ​ដឹង អាវ​រងា​ដែល​បណ្ដា​ប្រទេស​នៅ​សហគមន៍​អាស៊ី​អឺរ៉ុប បាន​ទិញ​ពី​ប្រទេស​ចិន ក្រិ​ក និង​អុ​ី​តា​លី ក្នុង​១​ឆ្នាំ​ៗ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​យើង​អាច​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​ដោយ​មិន​ចាំ​បាច់​បង់ពន្ធ យើង​នឹង​មាន​លទ្ធភាព​ផលិត ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្គត់ផ្គង់​ពី​មុន​ដូច​ជា ចិន អ៊ី​តា​លី និង​ក្រិ​ក​ជាដើម ។ យើង​មិន​ចង់បាន​ទីផ្សារ​ទាំងមូល​ទេ តែបើ​បាន​ត្រឹមតែ​១០ ឬ​២០%​នៃ​ទីផ្សារ​សរុប យ៉ាង​ហោច​ណាស់ ក៏​យើង​អាច​លក់​បាន​១០០ ទៅ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ​ក្នុង​១​ឆ្នាំ​ៗ » ។

លោក​បន្ថែម​ថា អាវ​រងា​ផលិត​នៅ​ចិន ហើយ​នាំ​ចូល​ទៅ​កាន់​រុ​ស្ស៊ី ត្រូវ​បង់ពន្ធ​២០% ក៏​ប៉ុន្តែ​បើ​កម្ពុជា​ចរចា​បាន​ទីផ្សារ​ដោយ​មិន​បង់ពន្ធ កម្ពុជា​នឹង​អាច​ទាក់ទាញ​ចិន​ឲ្យ​មក​វិនិយោគ​បន្ថែម​ទៀត ដោយ​ចិន​ចំណេញ​២០% ហើយ​មិនបាច់​បង់ពន្ធ​ដូច​ការ​ផលិត​ក្នុង​ប្រទេស​ចិន​ឡើយ ។ ទាំងនោះ​គឺ​ចំណេញ​ដល់​ការ​វិនិយោគ​ផង និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ផង ។

ធនាគារពិភពលោក​បាន​ផ្ដល់​ទស្សនទាន​ដល់​កម្ពុជា​ថា ក្នុង​ដំណាក់កាល​នេះ កម្ពុជា​គួរ​ផលិត​អ្វី​មាន​តម្លៃ​ខ្ពស់​សម្រាប់​នាំ​ចេញ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​បន្ត​ទៀត ខណៈ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​តែ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​មួយ​ភាគ​ធំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ