រាជធានីភ្នំពេញ ៖ បាត់មុខពីវិស័យសិល្បៈភាពយន្តជាច្រើនឆ្នាំ លោកពេជ្រ ភិរុណ បានសាងខ្លួនឲ្យមានឈ្មោះល្បីផ្នែកផ្សេងទៀត គឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ចំណានមួយរូបដែលទទួលស្គាល់ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស ។
តារាភាពយន្តដ៏ល្បីនៅក្នុងអំឡុងទសវត្សទី៩០ លោក ពេជ្រ ភិរុណ បានចាកចេញពីអាជីពសម្តែងជាច្រើនឆ្នាំមកហើយ ងាកទៅចាប់មុខជំនួញផ្ទាល់ខ្លួនវិញ ។
លោកពេជ្រ ភិរុណ ជាតារាសម្តែងក្នុងចំណោមតារាល្បីៗមួយចំនួនដូចជា លោកសម តារា លោកទេព រិនដារ៉ូ លោកខៃ ប្រសិដ្ឋ លោកយុត្ថារ៉ា ឆានី លោកហម ឈរ៉ា និងយស បូវណ្ណៈ ជាដើម កាលពីអំឡុងពេលដែលខ្សែភាពយន្តខ្មែរទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៩០ ។
ក្នុងវ័យជាង៦០ឆ្នាំលោកពេជ្រ ភិរុណ គ្មានវត្តមាននៅក្នុងខ្សែភាពយន្តខ្មែរនាសម័យបច្ចុប្បន្ននេះទេ ខណៈពេលដែលតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខនៅឡើយ ។ ការមិនបង្ហាញមុខក្នុងវិស័យសិល្បៈរបស់អតីតតារាសម្តែងរូបនេះមិនមែនដោយសារតែលោកចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយភរិយារបស់លោកដែលជាតារាសម្តែងស្រីដ៏ល្បីល្បាញគឺនាងអម្ពរទេវី ទេ ពោលគឺលោកកំពុងតែនៅក្នុងប្រទេស ហើយបានចែកផ្លូវគ្នាជាមួយអ្នកនាងអម្ពរ ទេវី ទៅហើយ ។
បើកហាងកាត់ដេរសម្លៀកបំពាក់ផ្ទាល់ខ្លួនមួយក្នុងរាជធានីភ្នំពេញ ដែលមុខជំនួញមួយនេះលោកពេជ្រ ភិរុណ អាចរកចំណូលបានមិនតិចជាង៥ពាន់ដុល្លារទេក្នុងមួយខែ ។
លោកពេជ្រ ភិរុណ កាលពីពេល ថ្មីៗកន្លងមកនិយាយថា លោកបានងាកឆ្ងាយពីពិភពសម្តែងយូរឆ្នាំហើយ ដោយសារតែលោកបានចាប់យកមុខរបរដេរសម្លៀកបំពាក់ ដែលរហូតមកដល់ពេលនេះមានអតិថិជនច្រើនគួរសមទាំងក្នុង និងក្រៅប្រទេស ។
កន្លងមកមានគេមកទាក់ទងសុំឲ្យលោកចូលរួមសម្តែងដែរ ប៉ុន្តែលោកបានបដិសេធដោយសារតែមមាញឹកការងារ ហើយម្យ៉ាងលោកមានវ័យកាន់តែចាសទៅ់ហើយ ។ បើទោះបីជាធ្លាប់សម្តែងពីមុនមកក៏ដោយ ប៉ុន្តែមកដល់វ័យនេះហើយ លោកមិនចង់សម្តែងទៀតឡើយ ទុកឱកាសឲ្យអ្នកជំនាន់ក្រោយ ។
បើទោះបីជាមិនបានចូលរួមក្នុងវិស័យសិល្បៈក៏ដោយ ប៉ុន្តែលោកពេជ្រ ភិរុណ នៅតែតាមដាន និងចាប់អារម្មណ៍រាល់ព័ត៌មាននានាពីផ្នែកសិល្បៈដដែល ហើយលោកសម្តែងការគាំទ្រដល់លោកទេព រិនដារ៉ូ ដែលនៅតែបន្តវត្តមានសម្តែង និងមានទីផ្សារសិល្បៈខ្ពស់ដដែល ។ លោកភិរុណ និយាយថា លោកទេព រិនដារ៉ូ នៅមានសមត្ថភាពសម្តែង ម្យ៉ាងហាក់មិនសូវមានមុខជំនួញអ្វីច្រើន ប៉ុន្តែសម្រាប់លោកវិញរវល់ស្ទើរដកខ្លួនមិនរួច ហេតុនេះលោកមិនមានពេលគ្រប់គ្រាន់សម្រាប់វិស័យសិល្បៈទេ ។
លោកពេជ្រ ភិរុណ នៅតែគាំទ្រវិស័យសិល្បៈដដែល ព្រោះកន្លងមកលោកតែងតែលើកទឹកចិត្តដល់អតីតភរិយារបស់លោក គឺអ្នកនាងអម្ពរ ទេវី ដែលបានមកថតខ្សែភាពយន្តរឿង«ទឹកចិត្តម្តាយសម័យថ្មី » ។
ពាក់ព័ន្ធពីទំនាក់ទងជាមួយនឹងអ្នកនាង អម្ពរ ទេវី វិញលោកពេជ្រ ភិរុណ អះអាងថា លោក និងនាងបានសម្រេចចាកចេញពីគ្នាយូរហើយ ប៉ុន្តែនៅតែរាប់អានគ្នា ។
លោកពេជ្រ ភិរុណ និងអ្នកនាងអម្ពរ ទេវី បានរៀបការនឹងគ្នាកាលពីខែតុលា ឆ្នាំ១៩៩២ ក្នុងអំឡុងពេលដែលអ្នកទាំងពីរល្បីឈ្មោះក្នុងពិភពសិល្បៈភាពយន្ត ។ ការផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរត្រូវគេសង្ស័យថា បានកើតមានឡើងតាំងពីមុនពេលអ្នកនាងអម្ពរ ទេវី ចេញទៅរស់នៅអាមេរិកម្ល៉េះ តែអ្នកទាំងពីរលាក់បាំង ។ ម្យ៉ាង
ដោយសារអ្នកនាងអម្ពរ ទេវី ពេលមកស្រុកខ្មែរចេញចូលហាង«ពេជ្រ ភិរុណ កាត់ដេរ»ផង ដូច្នេះរឹតតែអាចលាក់បាំងមហាជនបាន ។
ក្រោយពេលបង្ហាញឲ្យដឹងពីការបែកបាក់ហើយនោះ លោកពេជ្រ ភិរុណ មិនប្រាប់ពីមូលហេតុទេ ៕
ចែករំលែកព័តមាននេះ