ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GAC 2017 គឺជា​និមិត្តរូប​មួយ​ដ៏​សំខាន់​នៃ​ការ​រីក​ចម្រើន​ធនធានមនុស្ស​របស់​កម្ពុជា

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៣ (GAC) ដែល​ប្រារព្ធ​ធ្វើ​រយៈ​ពេល ២ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៧-១៨ វិច្ឆិកា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​បាន​ទាក់ទាញ​អតីត​និស្សិត រដ្ឋាភិបាល…

រាជធានី​ភ្នំពេញ​៖ សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៣ (GAC) ដែល​ប្រារព្ធ​ធ្វើ​រយៈ​ពេល ២ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៧-១៨ វិច្ឆិកា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​បាន​ទាក់ទាញ​អតីត​និស្សិត រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម​រាប់​ពាន់​នាក់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រចាំឆ្នាំ​ដោយ IDP Education (Cambodia) ដែល​ជា​ក្រុមហ៊ុនផ្តល់​សេវា​កម្ម​ផ្នែក​ការ​អប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក​។ វា​គឺជា​ព្រឹត្តិការណ៍​មួយ​​ដែល​បាន​ប្រមូលផ្តុំ​អតីត​និស្សិត​មក​ពី​ប្រទេស​កម្ពុជា​, អូស្ត្រាលី​, កា​ណា​ដា​, ណូ​វែ​ល​សេ​ឡង់​, ចក្រភព​អង់គ្លេស​, សហរដ្ឋអាមេរិក​, បារាំង​, រុ​ស្សី​, កូរ៉េ​, ជប៉ុន​, ចិន​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បូ​រី និង​ប្រទេស​ដទៃ​ផ្សេង​ទៀត ​និង​បាន​ផ្តល់​វេទិកា​មួយ​សម្រាប់​ការ​ជួបជុំ​គ្នា ចែក​រំលែក​​គំនិត និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ អ្នកធ្វើការ​ក្នុង​តួនាទី​ជា​អ្នក​​សម្រេចចិត្ត ​និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល​ផង​ដែរ​។

GAC 2017 រៀបចំ​កម្មវិធី​ដែល​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​បី​ គឺ វេទិកា​ធុរកិច្ច និង​ការ​អប់រំ​សាកល ការ​តាំងពិព័រណ៍​ការងារ​ និង​ការ​អប់រំ​សាកល និង កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៃសន្និបាត​បញ្ញា​វន្ត​ពិភពលោក​។

ឯ​.​ឧ​បណ្ឌិត ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍នោះ​ថា​៖ «​សន្និបាត​បញ្ញា​វន្ត​ពិភពលោក គឺជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម​ឲ្យ​ជួបជុំ​គ្នា ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​ប្រធានបទ​ថ្មី​ៗ បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ចែករំលែក​បទ​ពិសោធន៍​។ កម្មវិធី​នេះ​គឺជា​និមិត្តរូប​មួយ​ដ៏​សំខាន់​នៃ​ការ​រីក​ចម្រើន​សម្រាប់​ធន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​»​។

ក្នុង​ឱកាស​បើក​កម្មវិធី​ជា​ផ្លូវការ ឯ​.​ឧ ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​កម្ពុជា​ទាំង​អស់​​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​តួនាទី​ក្នុង​នាម​ជា​អគ្គរាជទូត​ដំណាង​ឲ្យ​ជាតិ​សាសន៍​ខ្លួន ជា​មួយ​នឹង​​ភាព​ជោគជ័យ​របស់​ពួក​គេ​។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «​ចំពោះ​ជនរួមជាតិ​ខ្មែរ​ទាំងអស់​គ្នា នៅ​ក្នុង​ទឹកដី​កំណើត យើង​ជា​សញ្ញា​នៃ​ក្តី​សង្ឃឹម និង​ជា​កូនសោ​ឈាន​ទៅ​បើក​ឡើង​នូវ​សក្តានុពល​របស់​ប្រទេស​យើង​។ សម្រាប់​ពិភពលោក ទាំងអស់​គ្នា​ជា​ឯកអគ្គរាជទូត​នៃ​ប្រជាជាតិ​យើង ក្នុង​លក្ខណៈ​សុភាព​រាបសារ​របស់​ខ្លួន ហើយដោយ​ពុំ​ចាំបាច់​រាយ​ការ​ណ៍​មក​ខ្ញុំ​ឡើយ​។ បងប្អូន​ជា​តំណាង​មុខមាត់ កិត្តិនាម និង​ជា​ម៉ាក​សញ្ញា​សំគាល់​របស់​ប្រទេស​។ អ្នក​ទាំងអស់​ជា​អ្នកនាំពាក្យ អ្នក​ផ្សព្វផ្សាយ តាម​រយៈ​កញ្ចក់​ឆ្លុះ​បញ្ចាំង​របស់​អ្នក ដែល​ពិភព​លោក​នឹង​យល់​ដឹង​ពី​កម្ពុជា និង​ប្រជាជន​យើង​។ ខ្ញុំ​ជឿជាក់​ថា ​តួនាទី​ទាំងនេះ ទោះ​​មានការ​យកចិត្ត​ទុក​ទទួលយក​កំរិត​ណា នឹង​ជា​ការ​រំលឹក និង​ជំរុញ​ទឹកចិត្ត​បងប្អូន អោយទៅ​ជា​តំណាង​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​»​។

លោក​ជំទាវ Angela Corcoran អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ថ្លែង​ថា​៖ «សន្និបាត​បញ្ញា​វន្ត​ពិភពលោក គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​បរិបទ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​។ ទី​មួយ ស​ន្និ​បាត​​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ផ្តល់​សេវា​អប់រំ​ទាំងអស់ និង​ផ្នែក​អាជីវកម្ម​ផ្សេង​ៗ​ឲ្យ​មក​ជួបជុំ​គ្នា ដូចនេះ​និស្សិត​កម្ពុជា​អាច​សម្លឹង​មើល​ស្ថាប័ន​ទាំង​អស់​នោះ និង​ពិនិត្យ​មើល​ថា ​តើ​ជម្រើស​ណាខ្លះ​ដែល​សម​ស្រប​សម្រាប់​ការ​អប់រំ​នៅ​ទូ​ទាំង​សាកលលោក​។ ទី​ពីរ សន្និបាត​នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត​ឲ្យ​មក​ជួបជុំ​គ្នា​ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង ​និង​ដើម្បី​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​នេះ​គឺជា​ចំណុច​ដ៏​មាន​សារៈសំខាន់​មួយ​»​។

វេទិកា​ធុរកិច្ច​ និង​ការ​អប់រំ​សាកល បាន​រៀបចំ​ព្រឹត្តិការណ៍​កិច្ច​ពិភាក្សា​សំណួរចម្លើយ ដែល​មានការ​សម្របសម្រួល លើ​ប្រធានបទ​ដែល​ផ្តោត​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា និង​មានការ​ចូលរួម​ពី​វាគ្មិន​ច្រើន​ជាង 60 រូប​ផង​ដែរ​។ ប្រធានបទ​ក្នុងឆ្នាំនេះ​រួម​មាន​៖  អនាគត​នៃ​កសិពាណិជ្ជកម្ម​, ទំនាក់ទំនង​អាជីវកម្ម​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​, អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ ធុរកិច្ច​អន្តរជាតិ ​៖ ផល​ចំណេញ និង​ផល​លំបាក​, ការ​ទាក់ទាញ និង​ការ​រក្សា​ទុក​៖ តើ​មាន​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​ជា​ជាងមាស​ប្រាក់? នវានុវត្តន៍ – ភាព​ជា​អ្នកដឹកនាំ​ដែល​មានការ​ជម្រុញ​លើកទឹកចិត្ត​, តារា​រះ​របស់​កម្ពុជា​, និ​ន្នាករ (Trendsetters) ៖ ការ​ប្រកួតប្រជែង​សម្រាប់​ទីផ្សារ​អតិថិជន​ដែល​កំពុង​រីក​ដុះដាល​, ហេតុ​អ្វី​បានជា CSR ល្អ​សម្រាប់​អាជីវកម្ម? ការ​ផុស​ឡើង​នៃ​ឧស្សាហកម្ម​ច្នៃប្រឌិត​, ការ​កើនឡើង​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​, អចល​ទ្រព្យ​កម្ពុជា​ ៖ កំណើន ឬ​ការ​ថយ​ចុះ? ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​ ៖ គុណសម្បត្តិ និង​គុណ​វិ​បត្ត?

លោក ម៉ៅ ស្រេង អ្នក​រៀបចំ​សន្និបាត GAC និង​ជានា​យក IDP Education-ACE ប្រចាំ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា​៖ «​ជា​ថ្មី​ម្តងទៀត សន្និបាត​បញ្ញា​វន្ត​ពិភពលោក​បាន​ផ្តល់​ជូន​នូវ​ឱកាស​ និង​វេទិកា​យ៉ាង​ពិសេស​មួយ​សម្រាប់​អតីត​និស្សិត​បាន​ជួបជុំ​គ្នា ចែក​រំលែក​​បទ​ពិសោធន៍ និង​បង្កើន​ចំណេះដឹង​របស់​ពួក​គេ​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វិស័យ​ឧស្សាហកម្ម និង​សង្គម​ស៊ី​វិល​»​។

គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ «​សន្និបាត​នេះ ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​សំខាន់​ដែល​​អតីត​និស្សិត​មាន​ចំពោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ជាតិ និង​ការ​ទទួលស្គាល់​សារៈសំខាន់​នេះ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពី​រដ្ឋាភិបាល​និង​វិស័យ​ឧស្សាហកម្ម​»​។

សន្និបាត GAC លើក​ទី​3 បាន​ទាក់ទាញ​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ​សំខាន់​ៗ​ពី​វិស័យ​សាជីវ​កម្ម សភាពាណិជ្ជកម្ម សមាគម​អតីត​និស្សិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង​ដែរ​។ លេខាធិការ GAC សូម​ថ្លែងអំណរគុណ​ចំពោះ​៖

•​ ​ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum

•​ ​ធនាគារ ABA និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ (ACE) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold

•​ ​ស្ថានទូត​ចក្រភព​អង់គ្លេស វិទ្យា​សា្ថ​ន​គណនេយ្យករ​ជំនាញ អូស្ត្រាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង ទីភ្នាក់ងារ​អន្តោប្រវេសន៍​អូស្ត្រាលី (AMA) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver​។

•​ ​សណ្ឋាគារ​សុខា​ភ្នំពេញ (​ដៃគូ​សម្រាប់​កន្លែង​រៀបចំ​កម្មវិធី​) ក្រុមហ៊ុន HRInc (​ដៃគូ​ផ្នែក​ការងារ​) និង​ក្រុមហ៊ុន 360 Light and Sound (​ដៃគូ​ផ្នែក​ពន្លឺ និង​សំឡេង​)

លេខាធិកា GAC នឹង​ទន្ទឹងរង់ចាំ​ស្វាគមន៍​ចំពោះ​ម្ចាស់​ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និង​គណៈប្រតិភូ​នានា​សម្រាប់​ស​ន្និ​សីត GAC លើក​ទី 4 ក្នុង​ឆ្នាំ​2018​។

សម្រាប់​ការ​តាំងពិព័រណ៍​ការងារ​និង​ការ​អប់រំ​សកល ក៏​ដំណើរការ​យ៉ាង​រលូន​ជាមួយនឹង​សកម្មភាព​ដទៃ​ផ្សេង​ទៀត​របស់ GAC និង​បាន​បង្ហាញ​ពី​វិ​ថី​ការងារ​និង​ការ​អប់​រំជា​ច្រើន​។ មាន​សិស្ស​និស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​ច្រើន​ជាង ១,៥០០ នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​សេរី ដោយ​បាន​ទៅ​ទស្សនា​ស្តង់​ពិព័រណ៍​ច្រើន​ជាង ៦០ កន្លែង ដែល​មាន​តំណាង​ស​សាកលវិទ្យាល័យ​ចំនួន ៣៧ ស្ថាប័ន​អប់រំ​ក្នុងស្រុក កម្មវិធី​អាហារូបករណ៍ សមាគម​អតីត​និស្សិត និង​អាជីវកម្ម​អន្តរជាតិ​ដើម្បី​ទទួល​បាន​ដំបូន្មាន​សម្រាប់​អនាគត​របស់​ពួក​គេ​។

លោក ជាង វ៉ា​ន់តា​ក់ ប្រធាន​ផ្នែក​ការ​សិក្សា​នៅ​បរទេស​នៅ IDP Education (Cambodia) បាន​ថ្លែង​ថា​៖ «​ការ​តាំងពិព័រណ៍​ការងារ ​និង​ការ​អប់រំ​សាកល បាន​ផ្តល់​ឱកាស​​ដល់​សិស្ស ​និស្សិត​ក្នុង​ការ​ស្វែង​យល់​អំពី​ពិភពលោក​តាម​រយៈ​យើង ដោយ​ធ្វើ​ការ​​ជជែក​ជាមួយ​ស្ថាប័ន​នានា​ពី​ទីកន្លែង​ផ្សេង​ៗ​ជុំវិញ​ពិភពលោក ដែល​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ដែល​ល្អ​សម្រាប់​ពួក​គេ​។ យើង​ពិត​ជា​​មាន​ក្តី​សប្បាយ​រីករាយ​ក្នុង​ការ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ពី​សាលារៀន និង​សាកល​វិទ្យាល័យ​នានា​មក​ពី​ប្រទេស​កម្ពុជា សិង្ហ​បូ​រី អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់​គ្លេស កា​ណា​ដា សហរដ្ឋអាមេរិក នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ