ខេត្តស្វារៀង ៖ មានរយន្តធុនយក្សមួយគ្រឿងក្រឡាប់ផ្ងារជើងចាក់ទំនិញចោលពេញចិញ្ចើមថ្នល់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ គ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះភ័យអស់ព្រលឹងចុងសក់ ។ ករណីរថយន្តធុនយក្សក្រឡាប់នេះកើតឡើងកាលពីវេលាម៉ោង០៥និង២០នាទីព្រឹកទាបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមប្រជាពលរដ្ឋបានឃើញហេតុការផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ប្រភេទសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ដាក់ទំនិញសំពីងសំពោងខ្ពស់កប់ពពក ពីទិសខាងកើតមកលិចយ៉ាងលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ បើកបរពីទិសខាងជើងមកត្បូង ហើយបានបត់ឆ្វេងមកលិច ស្រាប់តែឃើញរថយន្តបង្ករេចង្កូតទៅឆ្វេងក្រឡាប់ផ្ងារជើង ចាក់ទំនិញចោលពេញចិញ្ចើមថ្នល់តែម្តង ធ្វើឲ្យប្រជាពលរដ្ឋដែលនៅផ្ទះក្បែរនោះភ័យអស់ព្រលឹងចុងសក់ ។
បើតាមមន្ត្រីនគបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ព្រោះរថយន្តច្នៃខុសបច្ចេកទេសដើម គឺរថយន្តប្រភេទវ៉េអង ឬផ្លាស៊ីហ្វម កន្ទុយរ៉ឺម៉ក ប្រវែងជាង១០ម៉ែត្រ មានទ្រុងសម្រាប់ដាក់ទំនិញចំណុះ២៥តោន ក៏ប៉ុន្តែម្ចាស់រថយន្តបានច្នៃលើកកុងតឺន័រដាក់លើរ៉ឺម៉កទ្រុងរថយន្ត និងមានដាក់ទំនិញធុងខ្លាញ់ពេញក្នុងកុងតឺន័រ ហើយឆ្លៀតដាក់ទំនិញទ្វារជ័រនៅលើដំបូលកុងតឺន័យសំពីងសំពោងខ្ពស់កប់ពពក ពេលបើកគេចឧបសគ្គ បណ្ដាលឲ្យយោលក្រឡាប់តែម្តង នេះសំណាងហើយមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ បើថ្ងៃបន្តិចអាចគ្រោះថ្នាក់ដល់សិស្សធ្វើដំណើរទៅសាលាផងដែរ ។
ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីររថយន្តនេះក្រឡាប់ភ្លាម គេឃើញមានមន្ត្រីកងរាជអាវុធហត្ថស្រុកខេត្តនាំគ្នាមកជួយរើទំនិញផ្ទេរដាក់រថយន្តផ្សេងដឹកបន្តទៅរាជធានីភ្នំពេញ ហើយបង្ហើបឲ្យដឹងថារថយន្តរបស់មេដឹកទំនិញពីក្រុងបាវិត ប្រេងសណ្តែក និងទ្វារជ័រ ទៅរាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ឡឹក សម្ភស្ស ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ចំណែកមហាជនវិញបានរិះគន់ថា រថយន្តដឹកទំនិញលើសទម្ងន់ដាក់ខ្ពស់កប់ពពក ក៏ប៉ុន្តែមិនឃើញសមត្ថកិច្ចណាហ៊ានហៅផាកពិន័យទេ សូមបីជញ្ជីងតាមផ្លូវមានបីកន្លែង គឺស្ថានីយ៍ជីភូមួយកន្លែង នៅគល់ស្ពានអ្នកលឿងមួយកន្លែង និងនៅខាងលិចអ្នកលឿង ក៏គ្មានមួយកន្លែងណាឃាត់បាន តែបែរជារថយន្តធុនយក្សនេះទៅឲ្យរលូន ទាល់តែក្រឡាប់ទើបថា មកពីដឹកលើសទម្ងន់សំពីងសំពោង ខុសបទដ្ឋានបច្ចេកទេស ដឹករហូតជាង៤០តោនឯណោះ គ្រាន់តែរើផ្ទេររថយន្តប្រើរយៈពេលមួយថ្ងៃពេញ ប្រើកម្លាំងកងរាជអាវុធហត្ថ ឬមកពីម្ចាស់រថយន្តធំពេកឬ? ៕
ចែករំលែកព័តមាននេះ