រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាល្លឺម៉ង់-អូស្ត្រាលី សហការជាមួយរដ្ឋាភិបាលអូស្ត្រាលី នៅឯទីក្រុងភឺតស៍ ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី៤ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកឡើងពីសារសំខាន់នៃកិច្ចផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ ឬខ្សែក្រវាត់មួយ ផ្លូវមួយ (Road and Belt Initiative or One Belt One Road) ជាគំនិតផ្ដួចផ្ដើមរបស់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅឆ្នាំ២០១៣ ដែលមានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ីជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន ។
លោករដ្ឋមន្ត្រីបន្ដថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ ។
លោកបញ្ជាក់ថា ៖« តាមរយៈគំនិតផ្ដួចផ្ដើមនេះដែរ កម្ពុជា-ចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង » ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចវិនិយោគ និងពាណិជ្ជកម្មមួយចំនួនដែលកម្ពុជាទទួលបានតាមរយៈគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់ ដូចខាងក្រោម ៖
១) ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ៤០០MW នៅទន្លេសេសានក្រោម ដែលនឹងក្លាយជារោងចក្រវារីអគ្គិសនីធំជាងគេនៅកម្ពុជា ដោយមានទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក ។
២) ការវិនិយោគប្រមាណ១,៤ប៊ីលានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ២៤៦MW នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន៣០%នៃអគ្គិសនីត្រូវការសរុប ។
៣) វិនិយោគលើគម្រោងផ្លូវចំនួន១៦ ក្រោមតម្លៃសរុប១,៦ប៊ីលានដុល្លារអាមេរិក ។
៤) វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅទីក្រុងសៀមរាប ដែលមានតម្លៃ ៨៨០លានដុល្លារអាមេរិក ។
៥) ទទួលទិញអង្ករប្រមាណ៣០ម៉ឺនតោនក្នុងឆ្នាំ២០១៨ ។
ក្រៅពីចូលរួមកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាខ្លីជាមួយលោក ម៉ារី អាល់កាទីរី (Mari Alkatiri) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋទីម័រឡេស្ដេ ដើម្បីលក់អង្ករកម្ពុជាទៅកាន់ប្រទេសទីម័រ ក៏ដូចជាបានជួបជាមួយតំណាងសមាគមធុរកិច្ចអាល្លឺម៉ង់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំទីក្រុងសៀងហៃ និងប៉េកាំង ដោយបានលើកទឹកចិត្តឲ្យមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងវិស័យមួយចំនួនដូចជា រ៉ែ ឧស្សាហកម្មកម្មន្ដសាលធុនស្រាល យានយន្ត និងគ្រឿងផ្សំ កែច្នៃផលិតផលកសិកម្ម និងជីវឥន្ធនៈ ជាដើម។
សមាជិកសភា និងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស លោក សួស យ៉ារ៉ា បានលើកឡើងក្នុងសន្និសីទស្ដីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» នាព្រឹកថ្ងៃទី៣០ តុលា ថា គម្រោងនេះបានផ្ដល់សារប្រយោជន៍ជាច្រើនដល់កម្ពុជា ដោយជំរុញឲ្យមានសន្ទុះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទំហំពាណិជ្ជកម្មចិន និងកម្ពុជាកាលពីឆ្នាំ២០១៦មានទំហំដល់៤.៨០០លានដុល្លារអាមេរិក ។ លើសពីនេះ គិតត្រឹមឆ្នាំ២០១៦ ការវិនិយោគរបស់ចិនមកកម្ពុជា មានចំនួន៥.១០០លានដុល្លារអាមេរិក ដោយភាគច្រើនវិនិយោគលើវិស័យសំណង់ វាយនភ័ណ្ឌ និងអគ្គិសនី ។
លោកបន្តថា ៖« លើសពីនេះ កម្ពុជាក៏ទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីប្រទេសចិន ដើម្បីស្ថាបនានិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងវិស័យអប់រំផងដែរ » ។
យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ប្រទេសចិនជាដៃគូនាំទំនិញចូលកម្ពុជាលំដាប់លេខ១ ចាប់ពីឆ្នាំ១៩៩៨មក ហើយប្រទេសចិន ក៏ជាទីផ្សារនាំអង្ករចេញធំបំផុតរបស់កម្ពុជាផងដែរ ។ កាលពីឆ្នាំ២០១៦ ចិនបាននាំចូលមកកម្ពុជា ក្នុងទំហំទឹកប្រាក់៤.៥៥០លានដុល្លារអាមេរិក ប្រមាណជា៣៦,៩%នៃការនាំចូលសរុប ។ ចំណែកឯទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅចិនវិញមានចំនួនត្រឹមតែ៦០៩លានដុល្លារអាមេរិកប៉ុណ្ណោះ ស្មើនឹង៦%នៃការនាំចេញសរុប ៕
ចែករំលែកព័តមាននេះ