រាជធានីភ្នំពេញ ៖ ជប៉ុនបានប្រកាសគាំទ្រចំពោះការអភិវឌ្ឍន៍របស់កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិវ៉ាអុ ហូរីអ៊ិ (H.E.Mr. Iwao HORII) អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។
លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាក្នុងការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ អនុរដ្ឋមន្ត្រីការបរទេសបានលើកឡើងថា ជប៉ុនគឺជាប្រទេសមួយ ដែលបានបញ្ចូលកម្លាំងរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិមករៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ហើយបន្ទាប់មកជប៉ុននៅតែបន្តគាំទ្រកម្ពុជាជាបន្តបន្ទាប់។
វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ក្នុងតួនាទីជា អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា លោកនឹងខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្លាំងក្លាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិជាមួយប្រទេសកម្ពុជាបន្តទៀត។
លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានលើកឡើងថា នៅឆ្នាំ២០១៨ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខួប៦៥ឆ្នាំនេះ លោកសង្ឃឹមថាចំណងមិត្តភាពរវាងប្រទេសទាំងពីរ នឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានគូសបញ្ជាក់ថា៖ «ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុលនៅក្នុងខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះ ជាចំណុចវិជ្ជមានមួយដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងជប៉ុន»។
ក្នុងជំនួបនោះដែរ សម្តេច ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងបានគូសបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាចងចាំថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការស្តារកសាង និងអភិវឌ្ឍន៍ដល់កម្ពុជាតាំងពីមុនចាប់ផ្តើមកិច្ចចរចាសន្តិភាពរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តដល់បច្ចុប្បន្នធ្វើឲ្យជប៉ុនក្លាយជាដៃគូដ៏មានសក្តានុពលក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា» ៕
ចែករំលែកព័តមាននេះ