ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម​មាន​កំណើន ខណៈ​តម្លៃ​ខ្ពស់​នៅ​ទ្រឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​មាន​ចំណាប់អារម្មណ៍ និង​ចង់​ផ្លាស់​មក​ស្នាក់​នៅ​ក្នុង​អគារ​សហកម្មសិទ្ធិ ឬ​ខុន​ដូ​កាន់តែ​ច្រើន ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ខុន​ដូ​កម្ពុជា ពិសេស​នៅ​រាជធានី ក៏​មាន​ច្រើន​ដែរ ។ ជាក់ស្ដែង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​មាន​ចំណាប់អារម្មណ៍ និង​ចង់​ផ្លាស់​មក​ស្នាក់​នៅ​ក្នុង​អគារ​សហកម្មសិទ្ធិ ឬ​ខុន​ដូ​កាន់តែ​ច្រើន ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ខុន​ដូ​កម្ពុជា ពិសេស​នៅ​រាជធានី ក៏​មាន​ច្រើន​ដែរ ។ ជាក់ស្ដែង នៅ​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​លើ​អគារ​ខុន​ដូ ទាំង​ទុន​ពី​ខាងក្រៅ និង​ទុន​ក្នុងស្រុក​មាន​កំណើន​​ជា​បន្តបន្ទាប់ ។ ទោះបី​យ៉ាងណា ខុន​ដូ​ដែល​មានការ​គាំទ្រ និង​មាន​ទីផ្សារ​ច្រើន គឺ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម ចំណែក​ខុន​ដូ​តម្លៃ​ខ្ពស់​ៗ​នោះ​ហាក់​នៅ​ទ្រឹង​នៅឡើយ ។

លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ហាក់​នៅ​នឹង​បន្តិច​មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​ប៉ុន្តែ​ខុន​ដូ​ប្រភេទ​ខ្លះ​ទៀត​នៅ​តែ​លក់ដាច់​ជា​បន្តបន្ទាប់ ។ លោក​ថា ៖« ខុន​ដូ​ដែល​មាន​តម្លៃ​ខ្ពស់​ៗ​មិនសូវ​មាន​អ្នកទិញ​ច្រើន​ប៉ុន្មាន​ទេ​នៅ​ពេល​នេះ តែ​ខុន​ដូ​តម្លៃ​មធ្យម​នៅ​តែ​លក់ដាច់​ជា​ហូរហែ​ដដែល ព្រោះ​ខុន​ដូ​ប្រភេទ​នេះ គឺ​ផ្ដោត​ទៅ​លើ​អតិថិជន​ជា​ជនជាតិ​ខ្មែរ ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិនសូវ​មាន​ធនធាន​ខ្លាំង ដែល​អាច​ទិញ​ខុន​ដូ​តម្លៃ​ខ្ពស់​ៗ​ច្រើន​បាន​ដែរ គឺ​ភាគច្រើន​ទិញ​ខុន​ដូ​តម្លៃ​មធ្យម » ។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​ខុន​ដូ​នៅ​តែ​មាន ហើយ​វិនិយោគិន​ក៏​នឹង​មិន​ផ្អាក​ត្រឹមនេះ​ដែរ ប៉ុន្តែ​មាន​វិនិយោគិន​ខ្លះ​សង់​ខុន​ដូ​ទំនើប​ៗ និង​មាន​តម្លៃ​ខ្ពស់​សម្រាប់​ពេល​អនាគត ហើយ​វិនិយោគិន​ខ្លះ​ទៀត​សង់​ខុន​ដូ​តម្លៃ​មធ្យម​សម្រាប់​អ្នកមាន​ចំណូល​មធ្យម និង​អាច​បង់​រំលស់​បាន​ប្រចាំខែ ឬ​ជា​ដំណាក់កាល ។ ទីផ្សារ​ខុន​ដូ​នៅ​តែ​ត្រូវការ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ទៅ​រស់នៅ​បរទេស ហើយ​ត្រឡប់​មក​វិញ​ចង់​រស់នៅ​ក្នុង​ខុន​ដូ ក៏​ប៉ុន្តែ​ពួក​គាត់​ភាគច្រើន​អាច​ទិញ​បាន​ត្រឹម​ខុន​ដូ​តម្លៃ​សមរម្យ និង​មិន​អាច​ទិញ​តម្លៃ​ខ្ពស់​បាន​ច្រើន​គ្នា​ទេ ។

លោក​បន្ថែម​ថា សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ លោក​ផ្ដល់​ជា​មតិ​ឲ្យ​វិនិយោគ​លើ​ខុន​ដូ​តម្លៃ​មធ្យម ទើប​អាច​រក​ទីផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ច្រើន ក៏​ប៉ុន្តែ​បើ​អ្នក​ដែល​ផ្តោត​លើ​អតិថិជន​មក​ពី​បរទេស គួរ​សង់​ខុន​ដូ​មាន​តម្លៃ​ខ្ពស់ តែ​ត្រូវ​មាន​ស្តង់ដា​ត្រឹមត្រូវ​និង​ទំនើប​ដូច​នៅ​បរទេស​ដែរ ។ លោក​ថា​៖« អ្វី​ដែល​វិនិយោគិន​បរទេស​ត្រូវ​គិត មុន​នឹង​វិនិយោគ​លើ​អគារ​ខុន​ដូ​លំដាប់​ខ្ពស់​នៅ​កម្ពុជា គឺ​ត្រូវ​ស្វែងរក​ទីតាំង​ល្អ កន្លែង​ណា​មាន​សក្ដានុពល​សម្រាប់​ការ​រស់នៅ និង​ពាណិជ្ជកម្ម ព្រោះថា ការ​សង់​ខុន​ដូ​សំខាន់​បំផុត​នៅ​កម្ពុជា គឺ​ផ្តោត​លើ​ទីតាំង​នេះឯង » ។

បើ​តាម​បុគ្គលិក​ផ្នែក​លក់​ខុន​ដូ​មួយ​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ ការ​លក់​ខុន​ដូ​នៅ​តែ​មាន​ជា​ហូរហែ​អីចឹង​ដែរ ក៏​ប៉ុន្តែ​ខុន​ដូ​ដែល​លក់ដាច់ គឺ​មាន​តម្លៃ​ចន្លោះ​ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​អតិថិជន​ជា​ជនជាតិ​ខ្មែរ ។ ចំណែក​ខុន​ដូ​មាន​តម្លៃ​ខ្ពស់​ៗ រាប់​សិប​ម៉ឺន​ដុល្លារ​លក់​មិនសូវ​ដាច់​ទេ មាន​មួយ​ៗ​ប៉ុណ្ណោះ ។

លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​​ថា វិស័យ​សំណង់ និង​លំនៅ​ឋាន​នៅ​កម្ពុជា បាន​ងើបឡើង​វិញ​ក្រោយ​ពី​ឆ្នាំ​២០០៨ និង​២០០៩​មក ។ រយៈពេល​៧​ឆ្នាំ​ប៉ុណ្ណោះ​គ្រាន់តែ​ទុន​វិនិយោគ​ពី​លំនៅ​ឋាន ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​អាជ្ញាប័ណ្ណ​ជូន​មាន​ចំនួន​ប្រមាណ​៣.៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​ជូន​បុរី​ចំនួន​១៣២​គម្រោង ស្មើនឹង​៣១.៩៩៧​ផ្ទះ​, អគារ​សហកម្មសិទ្ធិ ឬ​អគារ​ស្នាក់​នៅ​រួម មាន​៨១​គម្រោង ស្មើនឹង​២៩.៦១២​យូ​នី​ត ។

យោង​តាម​ក្រុមហ៊ុន​វែ​ប​សាយ​អចលន ទ្រព្យ​ដែល​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ពិព័រណ៍​អចលនទ្រព្យ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​តាំង​បង្ហាញ​ពិព័រណ៍​អចលនទ្រព្យ ដោយ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​លក់​ខុន​ដូ​នានា​នោះ មាន​អ្នកទិញ និង​កក់​ខុន​ដូ​ចំនួន​១៣៣​យូ​នី​ត ក្នុង​នោះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមហ៊ុន​នេះ​បង្ហាញ​ផង​ដែរ​ថា ក្នុង​ចំណោម​អតិថិជន​ទិញ​ខុន​ដូ មាន​៤០%​ជា​ជនជាតិ​ចិន​, ៤០%​ជនជាតិ​ខ្មែរ និង​២០% ទៀត​ជនជាតិ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ