ភ្ញៀវទេសចរបរទេសចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្លាក់ចុះ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងអំឡុងខែកញ្ញាកន្លងទៅ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន
ខេត្តបន្ទាយមានជ័យ ៖ ក្នុងអំឡុងខែកញ្ញាកន្លងទៅ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន
ខេត្តបន្ទាយមានជ័យ ៖ ក្នុងអំឡុងខែកញ្ញាកន្លងទៅ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនជាង៣,៧ម៉ឺននាក់ ថយចុះជាង៤% បើធៀបនឹងខែសីហា ។ នេះបើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ។
លោក សួន បវរ អភិបាលខេត្ត បានថ្លែងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៧ តុលា កន្លងមកថា តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ត ក្នុងខែ កញ្ញាឆ្នាំនេះ ភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន៣៧.៤៣៣នាក់ គិតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៤៧នាក់ បើធៀបខែសីហាកន្លងទៅ មានចំនួន៣៩.២៨៧នាក់ គិតជាមធ្យមក្នុង១ថ្ងៃ១.៣០៩នាក់ ថយចុះ៤,៧១% ។
ដោយឡែក សម្រាប់ភ្ញៀវដែលចូលមកលេងល្បែងនៅកាស៊ីណូក្នុងខែកញ្ញាកន្លងមក មានចំនួនជាង៣,៨ម៉ឺននាក់ កើនឡើងជាង១% បើធៀបនឹងខែសីហា ។
លោក សួន បវរ បញ្ជាក់ថា ៖« ភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកញ្ញាឆ្នាំនេះ មានចំនួន៣៨.០៤៧នាក់ ដោយគិតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៦៨នាក់ បើធៀបខែសីហា មានចំនួន៣៧.៥៣២នាក់ កើនឡើង១,៣៧% » ។
ក្នុងខែកញ្ញាកន្លងទៅនេះដែរ នៅតាមរមណីយដ្ឋាននានាបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១២២.១៧៦នាក់ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួន១២២.០៦៨នាក់ និងភ្ញៀវបរទេសមានចំនួន១០៨នាក់ ។ រីឯភ្ញៀវស្នាក់នៅក្នុងខេត្តសរុបចំនួន១០.២៦៧នាក់ ក្នុងនោះខ្មែរចំនួន១០.០៨២នាក់ និងបរទេស១៨៥នាក់ ហើយតំបន់ឧស្សាហកម្មទេសចរណ៍មានចំនួន២៦២កន្លែង ។
ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា ឲ្យកាន់តែមានកំណើនថែមទៀត បច្ចុប្បន្ន ក្រសួងទេសចរណ៍បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំ និងសមាជិករបស់គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ត្រូវតែបន្តការអនុវត្តលើផែនការសកម្មភាពឲ្យបានល្អប្រសើរ ផ្ដោតទៅលើការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងកាកសំណល់រឹង សំណល់រាវ ផ្នែកសំណង់ ប្រព័ន្ធអុីនធើរណេត ហេដ្ឋារចនាសម្ព័ន្ធ ចំណតរថយន្ត ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌលកម្សាន្ត ការសិក្សាទីផ្សារ និងផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាពទេសចរណ៍ មូលដ្ឋានគតិយុត្ត និងយន្តការអនុវត្ត ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ