ជលផលនេសាទសមុទ្រកាន់តែធ្លាក់ចុះ ខណៈបរទេសចូលទន្ទ្រាន
ខេត្តកំពត ៖ « ទូកពួកខ្ញុំ១០ មិនស្មើនឹងទូកអ្នកនេសាទជនជាតិវៀតណាម១គ្រឿងផង ដូច្នេះ មិនយូរទេ ត្រីក្នុងដែនសមុទ្រកម្ពុជាយើង នឹងហិនហោចអស់ » ។ នេះជាការលើកឡើង
ខេត្តកំពត ៖ « ទូកពួកខ្ញុំ១០ មិនស្មើនឹងទូកអ្នកនេសាទជនជាតិវៀតណាម១គ្រឿងផង ដូច្នេះ មិនយូរទេ ត្រីក្នុងដែនសមុទ្រកម្ពុជាយើង នឹងហិនហោចអស់ » ។ នេះជាការលើកឡើង
ខេត្តកំពត ៖ « ទូកពួកខ្ញុំ១០ មិនស្មើនឹងទូកអ្នកនេសាទជនជាតិវៀតណាម១គ្រឿងផង ដូច្នេះ មិនយូរទេ ត្រីក្នុងដែនសមុទ្រកម្ពុជាយើង នឹងហិនហោចអស់ » ។ នេះជាការលើកឡើងរបស់ប្រជានេសាទរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ។
ប្រជានេសាទទាំងនោះបានបន្ដថា កាលពីមុន ពួកគាត់អាចនេសាទបានច្រើនគួរសម តែឥឡូវកាន់តែយ៉ាប់ទៅៗ ដោយសារមានទូកឆក់ និងទូកអូសគូរបស់ជនជាតិវៀតណាមជាច្រើនបានចូលមកនេសាទដល់ដែនសមុទ្រខ្មែរជារៀងរាល់ថ្ងៃ ហើយអាជ្ញាធរហាក់ដូចមិនយកចិត្តទុកដាក់សោះ ។
លោក សើ សារ៉េត ប្រជានេសាទមួយរូបបាននិយាយថា សម្រាប់បងប្អូនអ៊ិស្លាមដែលរស់នៅខេត្តកំពត គឺ៦០%ជាអ្នកប្រកបរបរនេសាទ ព្រោះមុខរបរនេះគឺជាឆ្នាំងបាយរបស់គាត់ ហើយជាមុខរបរប្រចាំត្រកូលទៀតផង ប៉ុន្ដែសព្វថ្ងៃនេះ ការនេសាទរបស់ពួកគាត់កាន់តែលំបាកទៅៗ ដោយថ្ងៃខ្លះស្ទើរតែមិនគ្រប់ថ្លៃសាំងផង ។ នេះដោយសារតែរាល់ថ្ងៃមានជនជាតិវៀតណាមយកឧបករណ៍នេសាទខុសច្បាប់មកឆក់ អូស ដោយមានទូកធំៗ ហើយនៅពេលពួកគេទៅដល់កន្លែងណា នឹងហិនហោចត្រីនៅកន្លែងនោះ ។
លោកថា ៖« ទូកយើង១០ មិនបានស្មើទូកគេ១ផង អីចឹងហើយត្រីវានៅអីទៀត ជាពិសេស ទូកអូសគូ ។ ដូច្នេះ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ មេត្តាជួយមានវិធានការផង កុំឲ្យគេឈ្លានពាន និងប្រើប្រាស់ឧបករណ៍ខុសច្បាប់មកលើដែនដីខ្មែរយើងជាហូរហែបែបនេះទៀត » ។
លោកបន្ដថា កន្លងមក នៅពេលមានមន្ត្រីជលផលចុះមកម្ដងៗ គេពុំឃើញមានជនជាតិវៀតណាមមកនេសាទទេ ។ នេះហាក់ដូចជាខ្មោចស្រុកឲ្យដំណឹងមុនអីចឹង ដូច្នេះហើយមន្ត្រីជលផលក៏លែងចុះមកអន្តរាគមន៍ទៅ ប៉ុន្ដែក្រោយពីស្ងប់ស្ងាត់បានបន្ដិច ពួកគេក៏ចូលមកនេសាទដដែល ។
អ្នកស្រី សើ ស៊ីយ៉ាស់ បានឲ្យដឹងផងដែរថា ការនេសាទ ជាមុខរបរប្រចាំត្រកូលរបស់បងប្អូនខ្មែរអ៊ិស្លាម ព្រោះគ្មានដីស្រែចម្ការនឹងគេទេ ដូច្នេះមានតែមុខរបរនេះហើយគ្រាន់នឹងចិញ្ចឹមគ្រួសារ ។
អ្នកស្រីបន្ដថា ៖« ជាទូទៅ ក្នុងមួយថ្ងៃ ខ្ញុំរកបានប្រហែល៥០គីឡូក្រាម ។ និយាយរួមទៅ វាមិនបានច្រើនទេ ព្រោះមានទូកវៀតណាមចូលមកនេសាទខុសច្បាប់នៅទឹកដីយើងច្រើនពេក ។ ចំណូលដែលបានមកនេះ ខ្ញុំត្រូវចំណាយលើថ្លៃសាំង និងកម្មករអស់ស្ទើរអស់ទៅហើយ មិនសល់អ្វីនោះទេ តែធ្វើម៉េចបើយើងជាអ្នកនេសាទទៅហើយ » ។
អ្នកស្រីក៏បានសំណូមពរដល់អាជ្ញាធរ មេត្តាចាត់វិធានការទៅលើទូកអូសគូប្រើប្រាស់ឧបករណ៍ឆក់ទាំងនោះដែលកំពុងតែចូលមកនេសាទយ៉ាងសកម្មនៅដែនសមុទ្ររបស់យើងផង ។
បើតាមការឲ្យដឹងពីមន្ត្រីជើងទឹកប្រចាំខេត្តកំពត បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ តុលា ម្សិលមិញ ថា កន្លងមកមានអ្នកនេសាទវៀតណាមចូលមកនេសាទមែន ប៉ុន្តែក្រោយពីមានការចុះអប់រំជាញឹកញាប់មក ឃើញថាឥឡូវគ្មានទៀតទេ ហើយបើមាន ខ្ញុំបានប្រាប់ឲ្យប្អូននេសាទទាក់ទង និងផ្ដល់ដំណឹងមកខាងក្រុមជើងទឹកជាបន្ទាន់ ដើម្បីចុះអន្តរគមន៍ ។
លោកបន្តថា ៖« វាជារឿងធម្មតាទេ ដែលអ្នកនេសាទចូលដែនដីគ្នាទៅវិញទៅមក ហើយពេលខ្លះខាងជើងទឹកយើង ក៏មិនអាចចុះទៅគ្រប់ពេលបានដែរ ពិសេសនៅពេលមានភ្លៀង ខ្យល់ម្ដងៗ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីខែមុនថា សហគមន៍អឺរ៉ុប(EU) នឹងដាក់បន្ទុក ផ្ដល់កាតលឿង ឬពិន័យដល់បណ្ដាប្រទេសណាដែលចូលមកនេសាទ រំលោភដែនសមុទ្ររបស់ប្រទេសដទៃ ។ លោកបន្តថា នៅពេលខាងមុខអាចនឹងមានការត្រួតពិនិត្យបទល្មើសនេសាទតាមផ្កាយរណប ដើម្បីឱ្យកាន់តែច្បាស់ថា បទល្មើសនេសាទនឹងមិនកើតមាន ហើយបើកើតមាននោះនឹងអាចទប់ស្កាត់បានទាន់ពេលវេលា ។
លោករដ្ឋមន្ត្រីថ្លែងថា ៖« បើកាលណាអឺរ៉ុបដាក់កាតក្រហមលើប្រទេសដែលប្រព្រឹត្តបទល្មើស រំលោភដែនសមុទ្ររបស់ប្រទេសដទៃ និងប្រើឧបករណ៍នេសាទខុសច្បាប់ហើយ ប្រទេសទាំងនោះនឹងលែងអនុញ្ញាតឱ្យនាំចេញផលិតផលនេសាទទៅកាន់សហគមន៍អឺរ៉ុបទៀត ហើយ ។ ដូចនេះ ប្រទេសទាំងអស់នឹងប្រុងប្រយ័ត្នពីការចូលមកនេសាទរបស់គ្នាទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ