ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​កើន​ដល់​ជាង​20​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​វិនិយោគ និង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចិន ព្រមទាំង​

រាជធានី​ភ្នំពេញ ៖ កំណើន​វិនិយោគ និង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចិន ព្រមទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា បាន​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​កើនឡើង​ដល់​២៤​កន្លែង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស្រប​ពេល​មនុស្ស​មួយ​ចំនួន​ចាប់ផ្តើម​ប្រដូច​ខេត្ត​នេះ ជាទី​ក្រុង​ម៉ា​កាវ​ទី​២ ។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​មក​ថា បច្ចុប្បន្ន​នេះ ខេត្ត​ព្រះ​សី​ហនុមាន​កាស៊ីណូ​ចំនួន​១៨​ទៅ​១៩​កន្លែង​កំពុង​ដំណើរការ និង​កាស៊ីណូ​មួយ​ចំនួន​ទៀត​កំពុង​សាងសង់ ហើយ​រំពឹង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​នឹង​កើន​ដល់​២៣ ទៅ​២៤​កន្លែង​នា​ពេល​ខាង​មុខ ។

លោក​បន្ត​ថា វិនិយោគិន​កាស៊ីណូ​ភាគច្រើន​ជា​ជនជាតិ​ចិន ព្រោះ​បច្ចុប្បន្ន ជនជាតិ​ចិន​ស្នាក់​នៅ​រយៈពេល​វែង និង​រយៈពេល​ខ្លី​នៅ​ខេត្ត​នេះ មាន​ជាង​៤​ពាន់​នាក់ ។

លោក​បន្ត​ថា ៖« ដោយសារ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ការ​មក​ដល់​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ច្រើន យើង​បាន​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​នានា » ។ លោក​បន្ត​ថា ៖«​ការ​អនុវត្ត​ច្បាប់ យើង​ធ្វើ​ទាំងអស់​គ្នា មិន​ថា​ប្រជាពលរដ្ឋ​ក្នុងស្រុក ឬ​ភ្ញៀវ​បរទេស​នោះ​ទេ » ។

ក្រៅពី​ភ្ញៀវ និង​វិនិយោគិន នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​មាន​កម្មករ​កំពុងធ្វើការ​ក្នុង​វិស័យ​សំណង់​ទាំង​ខ្មែរ និង​ចិន​ជាង​២​ពាន់​នាក់​ផង​ដែរ ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន បាន​ថ្លែង​ដែរ​ថា ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ​ច្រើន ។ រហូត​មក​ទល់​ពេល​នេះ ចំនួន​កាស៊ីណូ​បាន​កើនឡើង​ជាង​២០​កន្លែង ដែល​ធ្វើ​ឲ្យ​ខេត្ត​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ នា​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។

លោក​បន្ត​ថា ៖« ខេត្ត​ព្រះ​សីហ​នុ​ពិតជា​កំពុង​រីក​ចម្រើន​យ៉ាង​លឿន ដោយសារ​សក្តានុពល​របស់​ខេត្ត ដូច​ជា ព្រ​លាន​យន្តហោះ កំពង់​ផែ​ផ្លូវគោក វិស័យ​ទេសចរណ៍ ហើយ​ឆ្នេរ​កម្ពុជា​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ជាដើម » ។

លោក​ឧកញ៉ា ឡៅ ហេង អគ្គនាយក​សណ្ឋាគារ​អូ​ឈើទាល កម្រិត​ផ្កាយ​៤ ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ផង​ដែរ​ថា ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​មាន​សភាព​យឺត លោក​បាន​សហការ​ជាមួយ​វិនិយោគិន​ចិន​ដើម្បី​កែប្រែ​សណ្ឋាគារ​របស់​លោក​ជា​កាស៊ីណូ​វិញ ព្រោះ​លោក​រំពឹង​ថា វិស័យ​នេះ​នឹង​រីក​ចម្រើន​នា​ពេល​អនាគត ។

លោក​បន្ត​ថា ព្រះ​សីហ​នុ ជាទី​ក្រុង​តូច​មួយ ដូច្នេះ វិនិយោគិន​ដាក់​លុយ​ចូល​តែ​ពី​៣០០ ទៅ​៥០០​លាន​ដុល្លារ នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សភាព​លេចធ្លោ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​គឺ​ខ្លាច​នយោបាយ​ចិន​ប្រែប្រួល នឹង​ធ្វើ​ឲ្យ​យើង​ពិបាក ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​វិនិយោគិន​ចិន​បោះទុន​ធំ​ៗ និង​មាន​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង វា​នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​នេះ​មាន​និរន្តរភាព ។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal បាន​ថ្លែង​ថា ដោយសារ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស កត្តា​សន្តិសុខ ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ក៏​ដូច​ជា​សក្តានុពល​មាន​ស្រាប់​របស់​ខេត្ត និង​ផែនការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ។

លោក​បន្ត​ថា ៖« ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​កើនឡើង​ទ្វេ​ដង ឬ​លើស​ពី​នេះ​នៅ​តាម​តំបន់​មួយ​ចំនួន ហើយ​ចលនា​ទិញ​-​លក់​កំពុង​មាន​សកម្មភាព​ខ្លាំង » ។

លោក​បន្ថែម​ថា ៖« ការ​រីក​ចម្រើន នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​កន្លែង​ផលិត​មួយ​ដើម្បី​នាំ​ចេញ​ទៅ​កាន់​បរទេស​ផង​ដែរ ដោយសារ​មាន​កំពង់​ផែ​ទឹក​ជ្រៅ ព្រ​លាន​យន្តហោះ​អន្តរជាតិ និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​កាន់តែ​ងាយស្រួល​» ។

យោង​តាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ពី​កាលពី​ខែតុលា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​ដាក់​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​ជា​តំបន់ឧស្សាហកម្ម​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ ៕