ជនខិលខូចទារកម្រៃខុសច្បាប់ ដើម្បីបានឥណទាន
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹង ក៏ដូចជារក្សាតម្លៃស្រូវនៅលើទីផ្សារក្នុងរដូវប្រមូលផលឆ្នាំនេះ រាជរដ្ឋាភិបាលបាន
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹង ក៏ដូចជារក្សាតម្លៃស្រូវនៅលើទីផ្សារក្នុងរដូវប្រមូលផលឆ្នាំនេះ រាជរដ្ឋាភិបាលបាន
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹង ក៏ដូចជារក្សាតម្លៃស្រូវនៅលើទីផ្សារក្នុងរដូវប្រមូលផលឆ្នាំនេះ រាជរដ្ឋាភិបាលបានទម្លាក់ទុនជាច្រើនលានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ផ្តល់ឥណទានជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវការទុនប្រមូលទិញស្រូវពីប្រជាកសិករ ហើយគម្រោងពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទប្រកាសថា មានជនខិលខូចមួយចំនួនតូចមានបំណងចង់កេងចំណេញ ។
យោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី១ កញ្ញា បានឲ្យដឹងថា ថ្មីៗនេះ មានជនមួយចំនួនចង់កេងចំណេញពីគម្រោងនេះ តាមរយៈការទារកម្រៃពីម្ចាស់រោងកិនស្រូវ ជាថ្នូរនឹងការទទួលបានប្រាក់ឥណទានក្រោមគម្រោងពិសេសនេះ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលមូលនិធិពិសេសពីរាជរដ្ឋាភិបាល ដើម្បីអនុវត្តនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ក្នុងគោលដៅរក្សាស្ថិរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ។
តាមរយៈមូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទបាននិងកំពុងផ្តល់ឥណទានជូនទៅបណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលកំពុងប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករដោយគ្មានការរើសអើង ក្នុងអត្រាការប្រាក់៥%ក្នុង១ឆ្នាំ ឬ០,៤៧%ក្នុង១ខែ និងសោហ៊ុយទម្រង់ការ១%ក្នុងមួយកិច្ចសន្យា ។
សេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ៖« មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិបាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះគឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ » ។ ធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់កំណត់អត្តសញ្ញាណជននោះឱ្យបានច្បាស់លាស់ រួចជូនដំណឹងមកធនាគារអភិវឌ្ឍន៍ជនបទ ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
យ៉ាងណាមិញ ករណីនេះត្រូវបានម្ចាស់រោងម៉ាស៊ីនអះអាងថា មិនទាន់បានជួបប្រទះទេ ហើយសម័យបច្ចេកវិទ្យាជឿនលឿនបែបនេះ គឺមិនងាយធ្វើឲ្យពួកគាត់ក្លាយជាជនរងគ្រោះទេ ។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រាយស៍ បានមានប្រសាសន៍កាលពីថ្ងៃទី៣ កញ្ញា ម្សិលមិញថា ៖« ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានទទួលឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ យកមកទិញស្រូវពីប្រជាកសិករបានចំនួន៥ពាន់តោនក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ហើយនៅគ្រាបន្ទាប់ យើងមានគម្រោងខ្ចីលុយរដ្ឋបន្ថែមទៀតទុកសម្រាប់ទិញស្រូវពីប្រជាកសិករឱ្យបាន១ម៉ឺនតោនក្នុងរដូវប្រមូលផលឆ្នាំនេះ » ។
ស្របពេលរោងម៉ាស៊ីនកិនស្រូវមានតម្រូវការទុនបន្ថែម ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ លោកឧកញ៉ាលើកឡើងថា ៖« ពីមុនមកមិនធ្លាប់ជួបប្រទះជនឆ្លៀតឱកាស ឬអ្នកមកទារកម្រៃពីការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទទេ តួយ៉ាង ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនេះ ។ មកដល់សម័យនេះ យើងមើលទៅគ្មានអ្វីដែលត្រូវចាញ់បោកជនខិលខូចទេ ។ យើងមានលទ្ធភាព មានទូរស័ព្ទ ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមក្នុងការផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធចាត់វិធានការបើមាន » ។
បើតាមនាយកក្រុមហ៊ុនវង្ស ប៊ុនហេង រ៉ាយស៍ បានឱ្យដឹងថា ក្នុងគម្រោងរបស់រាជរដ្ឋាភិបាល ដែលផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវនាពេលកន្លងមក គឺបានចូលរួមយ៉ាងសំខាន់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ ហើយក្រុមហ៊ុនលោក ក៏ពុំទាន់ខ្វះខាតថវិកាសម្រាប់ប្រមូលទិញស្រូវពីកសិករ និងក៏មិនដែលជួបប្រទះជនឆ្លៀតឱកាសដែរ ។
លោកឧកញ៉ា វង្ស ប៊ុនហេង មានប្រសាសន៍ថា ៖« សម្រាប់ក្រុមហ៊ុនខ្ញុំ មិនទាន់ខ្វះខាតថវិកាទិញស្រូវពីប្រជាកសិករទេ ដោយមកខ្ចីលុយពីធនាគារអភិវឌ្ឍន៍ជនបទ ហើយការខ្ចីនេះមិនដឹងថា ត្រូវរៀបចំឯកសារយ៉ាងម៉េចទេ ។ លើសពីនេះ ក្រុមហ៊ុនក៏មិនធ្លាប់ជួបជនឆ្លៀតឱកាសនៅក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាលទេ តែបើមានជនមួយចំនួនមានបំណងកេងចំណេញនៅក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាលនេះ វាបានធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការជួយដល់វិស័យស្រូវអង្ករ » ៕
ចែករំលែកព័តមាននេះ