តាមទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា កាលពីពេលថ្មីៗនេះការធ្វើដំណើរជុំវិញពិភពលោកតាមនាវាដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំជាងគេបំផុត បានមកចូលចតនៅកំពង់ផែទីក្រុងហុងកុង ។ បើតាមសម្តីរបស់បុរសម្នាក់ដែលឈរនៅពីក្រោយនាវានេះបាននិយាយថា នេះគឺជាសក្តនុពលដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរនៃការប្រើប្រាស់ថាមពលក្នុងវិស័យដឹកជញ្ជូន ។
លោក Raphael Domjan អ្នកឧបត្ថម្ភលើគម្រោងនេះបាននិយាយថា «ពួកយើងបានដឹងពីសក្តានុពលដ៏ធំមួយសម្រាប់នាវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ពួកយើងមានបច្ចេកវិទ្យាក្នុងផ្លាស់ប្តូរ ហើយយើងមានសុទិដ្ឋិនិយម »។
លោកបានទទួលស្គាល់ថា ទោះបីជានាវានេះមិនដូចជានាវាដឹកទំនិញ ឬកប៉ាល់ដឹកជញ្ជូនដទៃទៀតមែន ប៉ុន្តែវាអាចដើរដោយថាមពលពន្លឺព្រះអាទិត្យបាន ហើយអាចរួមចំណែកក្នុងការថែរក្សាបរិស្ថានផងដែរ។
នាវានេះអាចផ្ទុកអ្នកដំណើរបានចំនួន៥០នាក់ ចាកចេញពីប្រទេសហ្វ៊ីលីពីនមកដល់ទីក្រុងហុងកុង បន្ទាប់ពីបានធ្វើដំណើរជុំវិញពិភពលោក ដែលបានចាកចេញពីទីក្រុងម៉ូណាកូ កាលពីចុងខែកញ្ញា ឆ្នាំ២០១០។ នាវាដើរដោយថាមពលពន្លឺព្រះអាទិត្យនេះផលិតនៅប្រទេសអាល្លឺម៉ង់ មានទំហំ៣១ម៉ែត្រគុណ១៥ម៉ែត្រ ត្រូវបានគេបំពាក់បន្ទះសូឡាបានជាង៥០០ម៉ែត្រការ៉េ និងមានល្បឿន២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានចំណាយទឹកប្រាស់អស់ចំនួន១៨លានយូរ៉ូ ស្មើនឹង ៣១លានដុល្លារសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ