ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើស្រែ​តាម​បែប​កិច្ចសន្យា​ជា​ដំណោះស្រាយ​មួយ​ជួយ​ដល់​កសិករ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើស្រែ​តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​រវាង​អ្នក​ផលិត និង​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​សម្រាប់​នាំ​ចេញ ទំនងជា​ដំណោះស្រាយ​មួយ​សម​ស្រប និង​ទទួលយក​បាន​សម្រាប់​ទាំងអស់​គ្នា ដើម្បី​ធានា​បាន​នូវ​វិស័យ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើស្រែ​តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​រវាង​អ្នក​ផលិត និង​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​សម្រាប់​នាំ​ចេញ ទំនងជា​ដំណោះស្រាយ​មួយ​សម​ស្រប និង​ទទួលយក​បាន​សម្រាប់​ទាំងអស់​គ្នា ដើម្បី​ធានា​បាន​នូវ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា ដែល​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ។

ជាមួយ​គ្នា​នេះ ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​វិស័យ​ឯកជន ពួក​គេ​បាន​និង​កំពុង​ចាប់ផ្តើម​ពួតដៃគ្នា​អនុវត្ត​គោលនយោបាយ​ធ្វើស្រែ​តាម​បែប​កិច្ចសន្យា​ជាមួយ​ប្រជា​កសិករ តាម​រយៈ​ការ​សហការ​ពី​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​តាម​បណ្តា​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​អន្តរ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​ថា គោលនយោបាយ​នេះ គឺ​ធ្វើ​នៅ​តាម​ខេត្ត​នីមួយ​ៗ តាម​រយៈ​កិច្ចសហការ​រវាង​កសិករ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ហើយ​សម្របសម្រួល​ការងារ​ដោយ​គណៈកម្មការ​អន្តរ​មន្ទីរ និង​គ្រប់គ្រង​ដោយ​អន្តរ​មន្ទីរ​ពាក់ព័ន្ធ​នៅ​តាម​ខេត្ត ហើយ​អភិបាលខេត្ត​នីមួយ​ៗ​នឹង​ធ្វើ​ជា​សាក្សី​ដើម្បី​កុំ​ឲ្យ​ភាគី​ណាមួយ​ក្បត់ ។ ក្រសួង​កំពុង​រៀបចំ​សមាសភាព​ការងារ​នេះ​ជា​បណ្តើរ​ៗ តាម​រយៈ​ការ​ធ្វើ​យ៉ាងណា ឲ្យ​សមាគម​ឬ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​តាម​ខេត្ត​នីមួយ​ៗ​ធ្វើការ​ជាមួយ​កសិករ និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ។

លោក​បន្ត​ថា ៖ « ការ​រៀបចំ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា ជា​ការ​ជួយ​កសិករ​ឲ្យ​មាន​លំនឹង​ក្នុង​ចិត្ត និង​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​កសិករ​ផលិត​ពូជ​សុទ្ធ មានគុណ​ភាពល្អ ដើម្បី​ងាយស្រួល​នាំ​ចេញ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​អង្ករ​នានា » ។

ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៦ ទទួល​បាន​ទិន្នផល​១០​លាន​តោន ស្មើនឹង​១២០%​នៃ​ផែនការ​ដាក់​ចេញ​ដោយ​ក្រសួង ។

លោក វេ​ង សា​ខុន បន្ត​ថា ទិន្នផល​ស្រូវ​ជា​មធ្យម​កម្ពុជា​ទទួល​បាន​ជាង​៤​តោន​ក្នុង​១​ហិ​កតា ប៉ុន្តែ​ខេត្ត​មួយ​ចំនួន​ទៀត​ទទួល​បានជា​មធ្យម​៦​ទៅ​៧​តោន​ក្នុង​១​ហិ​កតា អាស្រ័យ​លើ​គុណភាព​ដី និង​ប្រព័ន្ធ​ស្រោចស្រព​នៅ​តាម​ទីតាំង​ជាក់ស្តែង ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឆឹង វិ​ច្ច​រ៉ា ឲ្យ​ដឹង​ថា ប្រសិនជា​កសិករ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា ១-​ទទួល​ពូជ និង​ផលិត​បាន​នូវ​ស្រូវ​ដែល​មានគុណ​ភាពល្អ និង​ខាតបង់​តិចតួច​នៅ​ពេល​ប្រមូល​ផល ។ ២-​បើ​ប្រឈម​នឹង​ការ​ខ្វះ​ទុន​ក្នុង​ការ​ផលិត ពួក​គេ​អាច​ទទួល​បាន​ទុន​ពី​ដៃគូ​ពាក់ព័ន្ធ និង​៣-​ធ្វើ​ឲ្យ​កសិករ​ខ្លួនឯង​ប្រឹងប្រែង​ដើម្បី​ផលិត​ពូជស្រូវ​សុទ្ធ រក្សា​បាន​នូវ​គុណភាព​នៅ​ពេល​ប្រមូល​ផល និង​អាច​ទទួល​បាន​តម្លៃបន្ថែម​ពី​ការ​ធ្វើស្រែ​របស់​ពួក​គេ ។

វិស័យ​ឯកជន​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​លោក សុង សា​រ៉​ន អគ្គនាយក Amru Rice ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ របស់​ក្រសួងកសិកម្ម​ជា​រឿង​ល្អ​ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ការ​ទទួល​បាន​អង្ករ​មានគុណ​ភាពល្អ ។ លោក​បន្ត​ថា កន្លង​មក ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ព្រះ​វិហារ ពោធិ៍សាត់ បាត់ដំបង និង​កំពង់ចាម​មួយ​ចំនួន​ហើយ ។

លោក​បន្ត​ថា ៖ « អ្វី​សំខាន់ គឺ​រឿង​ទីផ្សារ ប្រសិនជា​យើង​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន យើង​អាច​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​បាន​ច្រើន ប៉ុន្តែ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ខាតបង់ ប្រសិនជា​យើង​គ្មាន​ទីផ្សារ » ។ លោក​បន្ត​ថា ៖ « ការ​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ យើង​មិន​ផ្តល់​ទុន ផ្តល់​ពូជ​នោះ​ទេ ហើយ​ក៏​មិន​កំណត់​តម្លៃ​ជា​មុន​ដែរ អ្វី​ដែល​កំណត់ គឺ​បើកចំហ​តម្លៃ និង​ទិញ​ក្នុង​តម្លៃ​ជាក់ស្តែង​នៅ​ពេល​រដូវ​ប្រមូល​ផល​មក​ដល់ » ។

លោក​ឧកញ៉ា ភួ ពុ​យ អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​កង្វះខាត​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ លោក​នឹង​បោះទុន​វិនិយោគ​ជាង​១០​លាន​ដុល្លារ​លើ​ផ្នែក​នេះ​នៅ​ឆ្នាំ​២០១៧ ។ គម្រោង​នេះ​មានការ​គាំទ្រ​ពី​ធនាគារឯកជន និង​មួយ​ផ្នែក​ពី​រាជរដ្ឋាភិបាល ព្រោះ​ប្រសិនជា​យើង​គ្មាន​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​គ្រប់គ្រាន់​ទេ បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ ។

លោក​បន្ត​ថា ៖ « ធនាគារ​ស្រូវ​គ្រោង​រៀបចំ​សហគមន៍​កសិករ តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​របស់​ពួក​គេ​មាន​តម្លៃ​ដោយ​ស្ថិរភាព និង​មាន​ទីផ្សារ ជា​ពិសេស បញ្ចៀស​បាន​នូវ​ការ​ក្រឡុក​តម្លៃ​ពី​ក្រុម​ឈ្មួញកណ្តាល » ។

បច្ចុប្បន្ន នៅ​កម្ពុជា​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ​២៧០​កន្លែង ដែល​អាច​កិន​អង្ករ​នាំ​ចេញ​បាន​ប្រកបដោយ​គុណភាព​ខ្ពស់ ៕