រាជធានីភ្នំពេញ ៖ នាពេលនេះ ភរិយារបស់តារាចម្រៀងលោករិន សាវ៉េត កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រយៈពេលប៉ុន្មានថ្ងៃមកហើយ ព្រោះតែសភាពជំងឺមហារីកសុដន់ កាន់តែធ្វើទុក្ខមិនស្រាកស្រាន្តឡើយ ខណៈលោកសាវ៉េត តែងតែនៅជិតភរិយាមើលថែយ៉ាងព្រួយបារម្ភបំផុត ។
ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំថ្មី គេគ្រប់គ្នាទទួលអំណរឆ្នាំថ្មីគ្រប់ទិសទីពីទេវតាឆ្នាំថ្មី តែលោករិន សាវ៉េត បែរជានៅប្តូរផ្តាច់ចែកការលំបាកជាមួយភរិយាជាទីស្រឡាញ់ ដែលទទួលរងសម្ពាធជំងឺមហារីកសុដន់ រហូតត្រូវសង្គ្រោះបន្ទាន់ជាបន្តទៀត តាំងពីមុនចូលឆ្នាំមកម្ល៉េះ។
តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឱ្យដឹងថា ភរិយារបស់ខ្លួនបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះ តាំងពីថ្ងៃទី០៩
មេសា មកម្ល៉េះ ។ ដំបូងឡើយអាការៈមិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមីបន្ថែម ដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។
លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើមក៏មានដែរ ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។
បន្ទាប់មកគ្រូពេទ្យបានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាល ក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។
យ៉ាងណាមិញ ពេលនេះស្ថានភាពប្រពន្ធរបស់តារាប្រុសរូបនេះ ក៏នៅតែត្រូវបានក្រុមលោកគ្រូពេទ្យផ្នែកមហារីកនៃពេទ្យរុស្សី បានខិតខំយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការតស៊ូជួយព្យាបាលឱ្យអស់លទ្ធភាព ដើម្បីឱ្យលោកសាវ៉េត មានការអស់ចិត្តនឹងទុកចិត្តមកលើការព្យាបាលរបស់លោកគ្រូពេទ្យ ។
ចាប់តាំងពីភរិយាលោករិន សាវ៉េត ធ្លាក់ខ្លួនឈឺជំងឺកាចនេះមក លោករមែងតែងតែនៅជិតកាយភរិយា ដើម្បីជាកម្លាំងចិត្តតាមការបញ្ជាពីលោកគ្រូពេទ្យមានតែការផ្តល់កម្លាំងចិត្តនោះទេ ជាវិធីធ្វើឱ្យអ្នកជំងឺកក់ក្តៅ និងទុកចិត្តបន្តឈ្នះសភាពជំងឺបាន។ កាយវិការល្អរបស់លោកសាវ៉េតជាប្តីនេះ ជាគំរូមួយសម្រាប់បុរសមួយចំនួន ដែលរមែងមើលរំលងទឹកចិត្តភរិយា ។
សូមបារមីនានាបន្តជួយថែរក្សាប្រពន្ធលោករិន សាវ៉េត ឱ្យរួចផុតពីគ្រោះនេះផង ។
ចែករំលែកព័តមាននេះ