អតីតតារាភាពខ្មែរនាទស្សវត្សឆ្នាំ៩០ លោក យស បូវណ្ណៈ និងអ្នកសិល្បៈជើងចាស់នាទស្សវត្តឆ្នាំ៦០ និង៧០ អ្នកស្រី វិរៈ តារា និងអ្នកស្រី លីស៊ីថាវី ជាពិធីការិនីប្រចាំទូរទស្សន៍ខ្មែរនាទីក្រុងឡុងប៉ិច បានរៀបចំកម្មវិធីវប្បធម៌ខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្រាប់ផ្តល់ការសប្បាយរីករាយជូនបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានសប្បាយរីករាយ។
កម្មវិធីខាងលើត្រូវបានរៀបចំធ្វើឡើងនៅចុងសប្តាហ៍នេះ នៅក្នុងរដ្ឋវ៉ាស៊ីនតោនឌីស៊ី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជុំ ប៊ុន រ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក និង មិចហ្ស៊ិចកូ ។
លោក យស បូវណ្ណៈ បានអះអាងថា សកម្មភាពនៃការប្រារព្ធទិវាវប្បម៌ខ្មែរ ត្រូវបានធើ្វឡើងជារៀងរាល់ឆ្នាំនាឱកាសទិវាបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្នុងន័យផ្តល់ភាពសប្បាយរីករាយដល់គ្រួសារខ្មែរ និងការជួបជុំការផ្តល់តម្លៃដល់អ្នកសិល្បៈចាស់។
លោកបញ្ជាក់ថា នៅក្នុងកម្មវិធីទាំងមូលយើងបានរៀបចំកម្មវិធីជាច្រើន ដោយនៅក្នុងនោះក៏មានឈុតឆាកសម្តែងខ្លីៗរវាងលោក និងអ្នកស្រី វីរៈ តារា និងតារាជើងចាស់មួយចំនួនទៀតដូចជា លោក ឆោម តារាឆៃយ៉ា អ្នកស្រី អ៊ុំ សុវណ្ណនី និងតារាសម្តែង និងចម្រៀងជើងចាស់មួយចំនួនទៀត។
បើតាមលោក យស បូវណ្ណៈ នាឱកាសនោះយើងក៏មានកិត្តិយសដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ដែលការចូលរួមនេះគឺដើម្បីសាកសួរសុខទុក្ខ ឱ្យពរជ័យនាឱកាសបុណ្យចូលឆ្នាំខ្មែរ និងក្នុងន័យសន្តិភាពទាំងផ្នែកនយោបាយ និងភាពសុខុដមរម្យនាក្នុងនាមជាមហាគ្រួសារខ្មែរដូចគ្នា។
លោកបន្ថែមថា ការរៀបចំកម្មវិធីខាងលើបានដំណើរការដោយភាពសប្បាយរីករាយ ហើយអ្វីដែលជាមោនភាពទៀតនោះក្នុងនាមរូបលោក និងតារាសម្តែងជើងចាស់ជាច្រើនទៀតដែលទទួលភាពខុសក្តៅ និងផ្តល់តម្លៃកិត្តិយសពីសំណាក់បងប្អូនយើងដែលរស់នៅសហរដ្ឋអាមេរិក។ ជាទូទៅមិនថា រូបលោក និងតារាជើងចាស់ផ្សេងទៀតឡើយ គឺតែងតែថែរក្សា និងលើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរ ហើយតែងតែជួបជុំគ្នារៀបចំនូវបការសម្តែងជូនបងប្អូនយើងបានទស្សនាសប្បាយរីករាយជាបន្តបន្ទាប់ បើទោះបីជាពេលនេះយើងបានឃ្លាតឆ្ងាយស្រុកកំណើតក៏ដោយ។
យ៉ាងណាក៏ដោយ ក្នុងនាមជាអតីតតារាសម្តែងមួយរូប លោកនៅតែស្រឡាញ់ និងគាំទ្រដល់វិស័យសិល្បៈខ្មែរ និងសូមសម្តែងនូវការកោតសរសើរដល់ភាពជឿនលឿនរបស់វិស័យសិល្បៈខ្មែរនាពេលកន្លងមក និងបច្ចុប្បន្ន។
អតីតារាភាពជើងចាស់លោក យស បូវណ្ណៈ ក៏បានថ្លែងនូវការជូនពរដល់ទស្សនិកជន និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូលក្នុងឱកាសបុណ្យឆាំ្នថ្មីនេះ សូមបួងសួងនូវវត្ថុស័ក្ដិសិទ្ធិលើលោកនេះ សូមបានជួបតែសុខភាពមាំមួនល្អ ដើម្បីប្រកបរបរទទួលទានក្នុងក្រុមក្រួសាររបស់ខ្មែរយើងនីមួយៗឱ្យបានជោគជ័យសមតាមការប៉ងប្រាថ្នា ហើយក៏សុំឱ្យជួបប្រទះនូវសេចក្តីសុខសន្តិភាពគ្រប់ដង្ហើមចេញចូលនៃដំណើរនយោបាយក្នុងប្រទេសខ្មែរ៕
ចែករំលែកព័តមាននេះ