ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ឡាវ​ប្រែ​ក្រឡាស់​សម្តី​ដាក់​ទ័ព​សា​ជា​ថ្មី

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​ពី​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ទាហាន​ឡាវ​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​ពី​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ទាហាន​ឡាវ​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវ​បាន​បន្ថែម​កម្លាំង​របស់​ខ្លួន​មក​កាន់​ព្រំដែន​ចំណុចដើម​ល្វា ដែល​ជា​ដីកម្ពុជា ។ ការ​បន្ថែម​ទ័ព​បែប​នេះ​គឺ​ខុស​ពី​កិច្ចព្រមព្រៀង​គ្នា​ដែល​បញ្ជាការ​យោធា​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចម្ប៉ា​សាក់​បាន​ចរចា​គ្នា​សម្រាល​ភាព​តានតឹង​ដោយ​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍ ដែល​ចម្រូងចម្រាស​ដោយ​កម្ពុជា​ផ្អាក​ធ្វើ​នៅ​ចំណុចដើម​ល្វា រីឯ​ឡាវ​ក៏​ត្រូវ​ផ្អាក​នៅ​ចំណុច​ដុ​ង​ក្រឡ​ចាស់ ។ ភាគី​ទាំង​២ ក៏​បាន​សន្យា​គ្នា​ដែរ​ថា នឹង​មានការ​ជួប​គ្នា​ដោះស្រាយ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ដែល​ប្រទេស​ទាំង​២ មាន​ទំនៀមទម្លាប់ និង​ជំនឿ​ប្រហាក់ប្រហែល​គ្នា​នោះ ។

តាម​សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​បានឱ្យ​ដឹង​បន្ត​ថា កងកម្លាំង​ទាហាន​ឡាវ​ក្នុង​ឯកសណ្ឋាន​ប្រដាប់​ដោយ​អាវុធ​មួយ​រថយន្ត​សេ​អឹ​ម​សេ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​បញ្ជូន​មក​កាន់​ចំណុចដើម​ល្វា​វ៉ើនខា​វ ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជាប់​នឹង​ច្រក​វ៉ើ​នខា​ម ស្រុក​ខូង ខេត្ត​ចម្ប៉ា​សាក់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ សកម្មភាព​នោះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ក្រុម​ទាហាន​ឡាវ​បាន​ដឹកឈើ ដើម្បី​សាងសង់​ប៉ុស្តិ៍​មក​ជាមួយ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ មាន​ជំនួប​មួយ​រវាង​លោក​ឧត្តមសេនីយ៍ត្រី​ស្វាយ ញ៉​ន មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង ជាមួយនឹង​លោក​ឧត្តមសេនីយ៍ត្រី​ស៊ូ កៃ​ភី​ម​ម៉ា​សាន មេបញ្ជាការ​យោធា​ខេត្ត​ចម្ប៉ា​សាក់ ។ ក្នុង​ជំនួប​នោះ​បាន​កំណត់​ថា រាល់​កិច្ចការ​ត្រង់​កន្លែង​ដែល​មានការ​យល់​ច្រឡំ​គ្នា​នឹង​ត្រូវ​ផ្អាក​សកម្មភាព​ទាំងអស់ ។

រាល់​ការងារ​ទាំង​អស់រឿង​ព្រំដែន ត្រូវ​ទុក​ឱ្យ​អភិបាល​ខេត្តស្ទឹងត្រែង និង​ចម្ប៉ា​សាក់​ដោះស្រាយ​បន្ត ។ កម្លាំង​សមត្ថកិច្ច​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កន្លែង​ដែល​មាន​បញ្ហា​កើតឡើង​ត្រូវ​តែ​រក្សា​សន្តិសុខ​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​មួយ​ថ្ងៃក្រោយ បន្ទាប់​ពី​មាន​ជំនួប​នោះ បែរជា​ភាគី​ឡាវ​មិន​បាន​គោរព​ទៅ​តាម​គោលការណ៍​ឯកភាព​គ្នា​នោះ​ទេ ថែម​ទាំង​បន្ថែម​កម្លាំង និង​ដឹក​ជញ្ជូន​សម្ភារ​មក​សាងសង់​ប៉ុស្តិ៍​នៅ​កន្លែង​ដើម​ល្វា​ក្បែរ​គ្រឹះ​ប៉ុស្តិ៍​ចាស់​របស់​កម្ពុជា​ដែល​បន្សល់​ទុក​តាំងពី​សម័យ​បារាំង​ទៅ​វិញ ហើយ​កម្ពុជា​ក៏​មាន​គម្រោង​ធ្វើ​ប៉ុស្តិ៍​លើ​ខឿន​ចាស់​នោះ​ឡើង​វិញ​ដែរ ។ ការដឹកឈើ​មក​ប៉ង​ធ្វើ​ប៉ុស្តិ៍ នៅ​ក្បែរ​ខឿន​ប៉ុស្តិ៍​កម្ពុជា​នោះ ត្រូវ​បាន​ទាហាន​ឡាវ​ទាំងនោះ​ប្រាប់​ថា ធ្វើ​តាម​បទបញ្ជា​លោក​អភិបាលខេត្ត​ចម្ប៉ា​សាក់ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ថា សភាពការណ៍​នោះ​បាន​ធូរស្រាល​វិញ ដោយ​ខាង​ឡាវ​និយាយ​ថា មានការ​ភាន់ច្រឡំ​ពី​ចំណុច​ប៉ុស្ដិ៍​ព្រំដែន​ហើយ​ក៏​បាន​ដឹក​ឈ​ចេញ​ទៅ​វិញ ៕