រវាងអ្នកទទួលបានជោគជ័យ និងអ្នកមានត្រឹមតែក្តីសុបិនជាមួយការគិតសើៗ តើអ្វីជាភាពខុសគ្នាពិតប្រាកដ ? ហើយចុះវិធីគិត ឬទស្សនៈយ៉ាងណាវិញ ?
បុគ្គលទទួលបានជោគជ័យក្នុងជីវិតតែងមានទស្សនៈថា «ខ្ញុំធ្វើបាន» ខណៈក្រុមបុគ្គលមានតែក្តីសុបិន គ្មានទស្សនៈបែបនេះទេ ។ អ្នកមានទស្សនៈ «ខ្ញុំធ្វើបាន» គឺមិនរុញរានឹងឧបសគ្គផ្សេងៗឡើយ ទោះជាផ្លូវទៅរកភាពជោគជ័យលំបាកយ៉ាងណាក្តី ក៏ពួកគេព្យាយាមដើម្បីឆ្លងកាត់ឲ្យផុតទៅបានដែរ ។ ខាងក្រោមនេះ ជា១០វិធីសាស្ត្រដើម្បីកែតម្រូវវិធីគិតតាមទស្សនៈ «ខ្ញុំធ្វើបាន» ៖
១-កុំព្រមចុះចាញ់អ្វីងាយៗ ៖
បុគ្គលមានទស្សនៈ «ខ្ញុំធ្វើបាន» តែងមានផ្លូវចេញដ៏ល្អសម្រាប់គ្រប់បញ្ហាជានិច្ច ក្នុងខណៈមនុស្សខ្លះមិនគិតចង់ឈានជើងចេញទៅជួបនឹងបញ្ហាដដែលៗ ។
ក្រៅពីមនុស្សធម្មតាហើយ អ្នកដឹកនាំទាំងឡាយដែលមានទស្សនៈ «ខ្ញុំធ្វើបាន» តែងតែយកឈ្នះឧបសគ្គ មិនថាតូចឬធំបានដោយកម្លាំងរបស់ខ្លួន ។
២-ឈប់កំសាក ៖
បុគ្គលជំពូកនេះមិនមែនជាអ្នកខ្លាច ឬកំសាកទេ ។ ពួកគេគិតជានិច្ចថា នឹងធ្វើបាន បើសិនជាដឹងថា អ្វីគឺជាផ្លូវចេញសម្រាប់បញ្ហា ពួកគេនឹងមិនរង់ចាំយូរឡើយ ហើយអនុវត្តភ្លាមៗ ។ នេះជាចំណុចមានប្រៀបដែលធ្វើឲ្យពួកគេអាចយកឈ្នះឧបសគ្គទាំងឡាយ ។
៣-ឈប់ត្អូញត្អែរ ៖
មនុស្សប្រភេទនេះមិនមែនជាអ្នកត្អូញត្អែរទេ ព្រោះពួកគេដឹងច្បាស់ថា ការត្អូញត្អែរគឺជារឿងដែលគ្មានប្រយោជន៍ ហើយពួកគេពិតជាមិនយកពេលមកធ្វើរឿងបែបនេះឡើយ ព្រោះពេលវេលា គឺសែនមានតម្លៃ ។
«ចូរពេញចិត្តជាមួយអ្វីដែលអ្នកមាន និងឈប់ត្អូញត្អែរ ព្រោះក្រៅពីនឹងធ្វើឲ្យអ្នកដទៃលំបាកចិត្ត នៅខាតបង់ពេលវេលា និងជារឿងគ្មានប្រយោជន៍» ។ នេះបើតាមអ្នកនិពន្ធជនជាតិអាមេរិក លោក ZigZiglar ។
៤-គិតដល់ចិត្តអ្នកដទៃ ៖
បុគ្គលមានទស្សនៈ «ខ្ញុំធ្វើបាន» តែងគិតពីចិត្តអ្នកនៅក្បែរខ្លួនជានិច្ច ។ ដូច្នេះ ពួកគេនឹងព្យាយាមសម្លឹងមើលបញ្ហាតាមរយៈទស្សនៈអ្នកដទៃ ដើម្បីឲ្យការសម្រេចចិត្តចេញមកជាទីពេញចិត្តច្រើនបំផុត ។
៥-ស្វែងរកកម្លាំងចិត្តឲ្យឃើញ ៖
បុគ្គលជំពូកនេះមិនធ្លាប់មានអារម្មណ៍ធុញទ្រាន់ជាមួយអ្វីដែលធ្វើទេ ព្រោះពួកគេដឹងច្បាស់ថា គួររកកម្លាំងចិត្តពីទីណា ។ ចាំទុកថា បុគ្គលសម្រេចបានជោគជ័យបំផុត មិនមែនជាមនុស្សដែលឆ្លាតបំផុត មានទ្រព្យបំផុត ឬមានអំណាចបំផុតនោះទេ ប៉ុន្តែជាមនុស្សដែលយល់ច្បាស់ថា ខ្លួនគេស្រឡាញ់អ្វីដែលកំពុងធ្វើ ។
៦-ធ្វើឲ្យបានលើសការតាំងចិត្ត ៖
អ្នកប្រកាន់ទស្សនៈ «ខ្ញុំធ្វើបាន» តែងធ្វើអ្វីដូចការគិតទុក ព្រោះពួកគេសង្ឃឹមលើលទ្ធផលដែលបានពីខ្លួនឯងខ្ពស់ជាងអ្នកដទៃជានិច្ច ។ ដូច្នេះ ពួកគេនឹងមិនបញ្ឈប់ការព្យាយាមឡើយ ប្រសិនបើមិនទាន់ធ្វើបានសព្វគ្រប់ទេនោះ ។
៧-កុំរង់ចាំ ៖
ក្នុងខណៈអ្នកដទៃរវល់តែខ្លាច និងរង់ចាំឱកាស បុគ្គលមានទស្សនៈ «ខ្ញុំធ្វើបាន» បែរជាចាប់ផ្តើមអនុវត្តភ្លាមៗ ដោយសារពួកគេយល់ច្បាស់ថា ពេលវេលាដែលសមស្របបំផុតនោះ គ្មានពិតប្រាកដទេ ។ ហេតុនេះ ពួកគេព្យាយាមយ៉ាងពេញលេញដើម្បីទៅដល់គោលដៅ និងភាពជោគជ័យដែលកំណត់ទុកឲ្យបានល្អបំផុត។ ចុះអ្នកវិញ…នៅរង់ចាំអីទៀត ?
៨-ទទួលយកការផ្លាស់ប្តូរ ៖
បុគ្គលមានទស្សនៈ «ខ្ញុំធ្វើបាន» តែងកែតម្រូវតាមកាលៈទេសៈចំពោះស្ថានការណ៍ថ្មីៗដែលចូលមក ទោះជាជួបរឿងរ៉ាវដែលមិនបានគិតទុកក៏ដោយ ពួកគេក៏អាចឆ្លងវាផុតបាន ព្រោះពួកគេសម្លឹងពិភពលោកទៅក្នុងផ្លូវល្អ និងបើកចិត្តទទួលយកការផ្លាស់ប្តូរជានិច្ច ។
៩-សម្រេចបានគោលដៅកំណត់ទុក ៖
សម្រាប់អ្នកមានទស្សនៈដូចខាងលើ គឺមិនត្រឹមតែកំណត់គោលដៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងធ្វើឲ្យសម្រេចផងដែរ ហើយចាប់ផ្តើមអនុវត្តរហូតដល់ទទួលបានជោគជ័យដោយខ្លួនគេផ្ទាល់ និងមិនចាំបាច់មានអ្នកណាមកចង្អុលណែនាំឡើយ ។
១០-សង្ឃឹមទុកលើអ្វីដែលព្យាយាម ៖
បើអ្នកព្យាយាមយ៉ាងពេញលេញដើម្បីក្លាយជាបុគ្គលមានទស្សនៈ «ខ្ញុំធ្វើបាន» ចូរសង្ឃឹមនូវអ្វីដែលនឹងទទួលត្រឡប់មកវិញ ព្រោះការខំតាំងចិត្តបូកនឹងការសង្ឃឹមទុកលើរឿងនោះ គឺជាកម្លាំងសំខាន់បំផុត មិនថាអ្វីក៏ដោយ អ្នកក៏អាចធ្វើបានសម្រេចជានិច្ច និងក្លាយជាមនុស្សមានទស្សនៈ «ខ្ញុំធ្វើបាន» ដោយមិនដឹងខ្លួន ៕
ចែករំលែកព័តមាននេះ