ខេត្តមណ្ឌលគិរី ៖ ទោះបីវិស័យព្រៃឈើនៅតំបន់ភូមិភាគឦសានបានរងនូវការកាប់បំផ្លាញ និងបាត់បង់រាល់ថ្ងៃយ៉ាងណាគេសង្កេតឃើញថា វត្តមានរបស់សត្វខ្លានៅតែស្ថិតក្នុងរបាយការណ៏តាមដានរបស់ក្រុមមន្ត្រីជំនាញដែលកំពុងធ្វើសកម្មភាពអភិរក្សសត្វខ្លា ចុងក្រោយដែលមាននៅក្នុងប្រទេសកម្ពុជា ខណៈពួកវាបានរងនូវការគំរាមកំហែងពីព្រានព្រៃជារៀងរាល់ថ្ងៃ ។ មន្ត្រីអភិរក្សជីវចម្រុះនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា មានសត្វខ្លា ប្រមាណជាងមួយរយក្បាលកំពុងរស់នៅក្នុងព្រៃដែនជម្រកសត្វព្រៃស្រែពក ដែលមានផ្ទៃដីលាតសន្ធឹងប្រមាណជាង37ម៉ឺនហិកតា ជាប់នឹងព្រំប្រទល់ខេត្តរតនគិរី ហើយពពួកសត្វខ្លាទាំងនេះត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា នៅសល់សត្វខ្លាតែ2ប្រភេទប៉ុណ្ណោះកំពុងរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរីក្នុងចំណោមសត្វខ្លា3ប្រភេទ ។
យោងលើការតាមដានតាមរយៈកាមេរ៉ាបង្កប់ក្នុងព្រៃ និងការល្បាតប្រទះឃើញរបស់មន្ត្រីឧទ្យានុរក្សស្រែពកថា ក្នុងឆ្នាំ2014-2015គឺមានសត្វខ្លាប្រមាណ120ក្បាល រស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយសត្វខ្លាទាំងនោះគឺជាប្រភេទសត្វខ្លារខិន និងខ្លាត្រី ចំណែកសត្វខ្លាធំវិញគឺគេបានឃើញវាក្នុងព្រៃខេត្តមណ្ឌលគិរីលើកចុងក្រោយកាលពី10ឆ្នាំមុន ហើយបន្ទាប់ពីនោះមកគេមិនធ្លាប់ប្រទះឃើញវត្តមានសត្វខ្លាធំទៀតទេក្នុងព្រៃខេត្តមណ្ឌលគិរីដោយមន្ត្រីជំនាញសន្និដ្ឋានថា សត្វខ្លាធំវាអាចប្រឈមនឹងការផុតពូជបាត់ទៅហើយ ។
ប្រធានដែនជម្រកសត្វព្រៃស្រែពកនិយាយថា សត្វខ្លាក្នុងព្រៃដែនជម្រកសត្វព្រៃស្រែពកសព្វថ្ងៃនេះគឺអាចមានចំនួនថយចុះក្រោម120ក្បាលព្រោះតែការដាក់អន្ទាក់ និងការបរបាញ់ពីសំណាក់ព្រានព្រៃ ប៉ុន្តែទោះជាយ៉ាងណាក្រុមមន្ត្រីឧទ្យានុរក្សតែងតែដើរដោះអន្ទាក់ក្នុងព្រៃបានរាប់រយអន្ទាក់ក្នុង1ខែៗ និងបានចាប់ជនល្មើសបរបាញ់សត្វព្រៃ និងជួញដូរសត្វព្រៃយកមកផ្ដន្ទាទោសជាបន្តបន្ទាប់ផងដែរ ។
របាយការណ៏របស់មន្ត្រីបរិស្ថានខេត្តបានបញ្ជាក់ថា បើគិតតែចំនួនសត្វខ្លាក្នុងដែនជម្រកសត្វព្រៃស្រែពកគឺមានប្រមាណជាង100ក្បាលប៉ុន្តែបើគិតពីចំនួនសត្វខ្លាក្នុងព្រៃខេត្តមណ្ឌលគិរីទាំងមូលតែម្ដងរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រក សត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃណាំលៀ ពពួកសត្វខ្លាគឺនៅមានច្រើនជាងនេះ ។ ហើយប្រភេទសត្វដែលបាត់វត្តមានពីក្នុងព្រៃខេត្តមណ្ឌលគិរីក្រៅពីសត្វខ្លាធំ គឺមានដូចជា សត្វក្របីព្រៃ និងសត្វគោព្រៃ ជាដើម ប៉ុន្តែជាមួយគ្នានេះដែរក៏នៅមានសត្វព្រៃជាច្រើនប្រភេទទៀតរួមទាំងសត្វដំរី កំពុងរស់នៅយ៉ាងសុខសាន្តក្នុងព្រៃនៃខេត្តមណ្ឌលគិរីនេះទោះរយៈកាលកន្លងមកពួកវាត្រូវបានក្រុមព្រានព្រៃបាញ់សម្លាប់ និងដាក់អន្ទាក់ក៏ដោយ ៕
ចែករំលែកព័តមាននេះ