រាជធានីភ្នំពេញ ៖ ពិធីការិនីហ៊ិន ច័ន្ទនិរត្ន័ ដ៏លេចធ្លោប្រចាំស្ថានីយទូរទស្សន៍បាយ័នមានបណ្តាផលិតកម្មជាច្រើន និងមហាជនចង់ឱ្យនាងចូលរួមសម្តែងភាពយន្ត ។ ហ៊ិន ច័ន្ទនិរត្ន័ សម្តែងការសោកស្តាយដែលនាងមិនអាចធ្វើតាមសំណូមពរមហាជន និងអ្នកគាំទ្របាន ព្រោះអំឡុងពេលនេះការងាររបស់នាងហ៊ុមព័ទ្ធច្រើនមិនអាចឱ្យនាងដកឃ្លាចូលរួមសម្តែងបាន ។
ហ៊ិន ច័ន្ទនិរ័ត្ន និយាយ«នាងខ្ញុំព្យាយាមខិតខំធ្វើយ៉ាង ណាបាន លៃលកយកពេលវេលារបស់នាងខ្ញុំទៅសម្តែងខ្លះ ដើម្បីកុំឱ្យបាត់មុខពេញទំហឹងពេកគ្រាដែលវិស័យភាពយន្តខ្មែរកំពុងរីកចម្រើនខ្លាំងឡើង ។ នាងខ្ញុំអាក់ខានសម្តែងកុនប្រមាណជាពីរឆ្នាំមកហើយ តែមិនដែលគិតថាឈប់សម្តែងនោះទេមកពីនាងខ្ញុំអត់ពេលតែម្តង ។
មានបណ្តាផលិតករក៏ដូចជាផលិតកម្មមួយចំនួនបានទាក់ទងមកសួរនាំនាងខ្ញុំចង់បានសម្តែង តែមកពីអាជីពពិធីការិនីនាងខ្ញុំរវល់ពេក ។
ការសម្តែងនាងខ្ញុំមានការពេញចិត្តណាស់ មិនចោលទេ ប្រសិនមានពេលនាងខ្ញុំសម្តែងឱ្យបាន ។ រាល់ពេលគេហៅទៅសម្តែងគឺប៉ះពាល់ម៉ោងបំពេញការងារផ្នែកពិធីការិនី ។ ចំពោះការសម្តែងបើត្រឹម២ថ្ងៃ ក្នុង១អាទិត្យ តែរឿងខ្លះហក់ដល់៤ទៅ៥ថ្ងៃ នាងខ្ញុំមិនអាចសម្តែងបានឡើយ។ កន្លងមកខាងបាយ័ន នាងខ្ញុំទទួលបានតម្រុយយ៉ាងច្រើនចង់ឱ្យសម្តែងរឿងភាគ តែអត់ពេលទើបមិនអាចយកបាន តែបើលក្ខខណ្ឌចាំបាច់នាងខ្ញុំសម្តែងភ្លាម ។
នាងខ្ញុំសូមបញ្ជាក់ថា គ្មានអ្នកណាហាមមិនឱ្យសម្តែងឬគូស្នេហ៍បណ្តូលចិត្តណាហាមមិនឱ្យសម្តែងដែរ ។ នាងខ្ញុំគ្មានខ្លាចស្បែកខ្មៅអ្វីនោះទេ សំខាន់មកពីអត់ពេលតែម្តង ។ អាជីពសម្តែងនេះនាងខ្ញុំស្រឡាញ់ ព្រោះវាក៏ជួយបន្ថែមការពេញចិត្តរបស់ទស្សនិកជនដែរ» ។
ហ៊ិន ច័ន្ទនិរត្ន័ សព្វថ្ងៃកំពុងកាន់កាប់កម្មវិធីមួយចំនួននៅទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដូចជា«Cha Cha Cha» «វិស្សមកាលតន្ត្រី» «ពិភពរីករាយ»និងកម្មវិធីមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ