ខេត្តសៀមរាប ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យប្រទេសជាសមាជិក WTO ផ្តល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើមទំនិញ ផ្តល់ភាពអនុគ្រោះក្នុងវិស័យសេវា ព្រមទាំងផ្តល់ជំនួយឱ្យបានច្រើនថែមទៀតដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ មីនា ក្នុងពិធីបើកកិច្ចប្រជុំតុមូលលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ « កាតព្វកិច្ចចំពោះមុខសម្រាប់យើងទាំងអស់គ្នាក្នុងនាមជាប្រទេស LDCs គឺត្រូវធ្វើយ៉ាងណា ឱ្យការចរចាសម្រេចបានជោគជ័យក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ នៅថ្ងៃទី១១ ដល់១៤ ធ្នូ ឆ្នាំ២០១៧ នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន » ។
ទន្ទឹមគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រទេស LDCs ទាំងអស់ ចូលរួមយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការគាំពារកសិកម្មក្នុងស្រុក ការស្តុកទុកស្បៀងបម្រុងដើម្បីធានាសន្តិសុខស្បៀង ការឧបត្ថម្ភវិស័យជលផល ការធ្វើពាណិជ្ជកម្មនិងបរិស្ថាន និងការផ្តល់ប្រព្រឹត្តកម្មពិសេស និងដោយឡែកដល់ប្រទេសអភិវឌ្ឍន៍តិចតួចឱ្យបានចប់សព្វគ្រប់ មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ នៅប្រទេសអាហ្សង់ទីន ។
លោក ដាវីដ ស្យាក អគ្គនាយករងអង្គការWTO មានប្រសាសន៍ថា កិច្ចប្រជុំតុមូលចិនលើកទី៥ នឹងរួមចំណែកយ៉ាងសំខាន់ដើម្បីគាំទ្រការចូលរួមជាសមាជិកអង្គការ WTO តាមរយៈកិច្ចសន្យាគោលនយោបាយ និងចែករំលែកបទពិសោធន៍នៃការចូលជាសមាជិក និងក្រោយការចូលជាសមាជិក ។ លោកថា ៖ «ខ្ញុំសង្ឃឹមថា ពួកគេ (LDCs) នឹងស្តាប់ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការគាំទ្រ និងជំនួយបច្ចេកទេសតាមលទ្ធផល សំដៅឆ្លើយតបតម្រូវការជាក់លាក់សម្រាប់ចូលជាសមាជិករបស់ប្រទេសកំពុងស្នើសុំ និងប្រទេសចូលជាសមាជិកថ្មីៗ » ។
លោក វ៉ាង ស៊ូវិន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន មានប្រសាសន៍ថា ៖ « ក្នុងនាមជាសមាជិកអង្គការ WTO យើងត្រូវតែបន្តការប្តេជ្ញាចិត្តរបស់យើងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ប្រទេសចិនតាំងចិត្តការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបើកចំហតម្លាភាពបរិយាប័ន្ន និងមានអត្ថប្រយោជន៍សម្រាប់ទាំងអស់គ្នា » ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា កិច្ចប្រជុំតុមូលចិនលើកទី៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ហើយនឹងឆ្លុះបញ្ចាំងពីចំណុចសំខាន់ដូចជា បទពិសោធន៍ពីការចូលរួមជាសមាជិកអង្គការ WTO របស់ប្រទេសអភិវឌ្ឍន៍តិចតួចទាំង៩ ជាបទពិសោធន៍របស់ប្រទេសលីបេរីយ៉ា, និន្នាការថ្មីៗពាក់ព័ន្ធនឹងការចូលរួមចំណែកនៃការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួចចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្តោតលើវិធាននានា និងលទ្ធភាពជ្រៀតចូលក្នុងទីផ្សារ, មធ្យោបាយធ្វើឱ្យសមាជិកនានា និងសហគមន៍ពាណិជ្ជកម្មអន្តរជាតិអាចផ្តល់ការគាំទ្រដល់ការបញ្ចប់កិច្ចការស្នើសុំជាសមាជិករបស់ប្រទេសកូម៉ូរ៉ូស និងស៊ូដង់ឱ្យបានឆាប់, វិធីដែលសមាជិកនានាអាចជួយជំរុញការគាំទ្ររបស់ពួកគេដល់កិច្ចការស្នើសុំចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងនៅដំណាក់កាលក្រោយពេលចូលជាសមាជិកដើម្បីសម្រួលសមាហរណកម្មប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងសេដ្ឋកិច្ចសកលលោក ៕
ចែករំលែកព័តមាននេះ