រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកូរ៉េមួយបាំងកន្លះមួយគ្រឿងឡើងចំណោតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់៣ក្រឡាប់ រួចទៅបុករះអូសម៉ូតូចំនួន៤គ្រឿងរងការខូចខាតទៀត កើតឡើងនៅចំណុចផ្លូវបេតុង ជាប់ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី២១ មីនា នេះ ។
ប្រភពពីកន្លែងកើតហេតុថា គេឃើញរថយន្តបង្កមានដឹកអីវ៉ាន់មួយចំនួន ដែលបើកបរដោយបុរសម្នាក់ ឡើងចំណោទពីផ្សារស្ទឹងមានជ័យ ឆ្ពោះមកផ្លូវព្រះមុន្នីរ៉េត (២១៧ ) ។ ខណៈនោះ រថយន្តឡើងមិនរួចក៏យកថ្មមកកល់ ដើម្បីទប់រថយន្ត មួយសន្ទុះធំ ទើបសម្រេចបន្ថែមហ្គែរឡើងចំណោតម្តងទៀត ប៉ុន្តែខណៈឡើងរួចហើយ ក៏ជ្រុលល្បឿនបួងចង្កូតទៅបុកផ្ទប់រ៉ឺម៉កកង់បី១គ្រឿង ក្រឡាប់ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករះម៉ូតូចំនួន៤គ្រឿងដែលចតចោលនៅក្បែរនោះ អូសជាង៥ម៉ែត្របុកធ្លាយ ចូលផ្ទះលក់គ្រឿងអលង្ការមួយកន្លែងទៀត និងខូចខាតជញ្ជាំងផ្លាកទីតាំងផ្ទះខាងលើ មួយចំហៀងផងដែរ ។
ក្រោយកើតហេតុ ភ្លាមៗម្ចាស់រថយន្តពុំបានរត់គេចទៅណាឡើយ ដោយបានដើរទៅក្នុងផ្សារហៅតំណាងផ្សារ ស្ទឹងមានជ័យថ្មី ដែលត្រូវជាមេរបស់ខ្លួន ឱ្យមកចរចាដោះស្រាយ ។
ចែករំលែកព័តមាននេះ