ខេត្តកំពង់ឆ្នាំង ៖ អ្នកភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មួយភាគធំដែលប្រកបរបរធ្វើម្ទេសឆ្អើរឬម្ទេសក្រៀម បានត្អូញត្អែរថា ហាងឆេងនៅលើបបូរមាត់ឈ្មួញជាអ្នកទិញ។ សម្រាប់ពួកគាត់ប្រកបរបរនេះ បើពេលណាសម្បូរទៅតម្លៃគឺចុះថោក ឈ្មួញមកទិញ បានទម្លាក់ថ្លៃ តែបើម្ទេសឆ្អើរហើយមិនសម្បូរវិញ គឺបានថ្លៃ ។ ទោះជាយ៉ាងណាក្តី ពួកគាត់និយាយថា ឆ្នាំនេះអ្នកចម្ការដាំម្ទេសទទួលបានផលច្រើន ព្រោះគ្រាន់តែដើមដៃមកដល់ អ្នកចម្ការបេះម្ទេសមកលក់យ៉ាងច្រើន ។
ប្រជាពលរដ្ឋអ្នកធ្វើម្ទេសឆ្អើរ ឬហៅម្ទេសក្រៀមខាងលើ បានលើកឡើងថា ពួកគាត់លំបាកសព្វបែបយ៉ាងតាំងពីចុះទៅទិញនៅមាត់កំពង់ ជួលគេលីឡើងលើច្រាំង ដឹកមកដល់ផ្ទះជួលគេវះម្ទេសស្រស់ បន្ទាប់មកទើបយកទៅស្ងោរ ហើយយកមកលាតដាក់ហាលលើថែប និងប្រែវាឱ្យឆាប់ស្ងួត ។ និយាយរួម គឺជួលគេទាំងអស់។ ផ្ទះណាដែលធ្វើម្ទេសឆ្អើរនេះ ត្រូវជួលគេតិចណាស់ក៏ជិត១០នាក់ដែរ ។
ចំណែកអ្នកស៊ីឈ្នួលហាលម្ទេសវិញនិយាយថា នេះគ្រាន់តែឆ្លៀតពីការងារមកហាលម្ទេសឲ្យគេក្នុងមួយថែបបាន១.២០០រៀល បើថ្ងៃណាសម្បូរទៅម្នាក់ៗហាលបានជាង១០ថែបដែរ។ ឆ្នាំនេះម្ទេសសម្បូរជាងឆ្នាំមុន និងលេចចេញនូវម្ទេសមួយបែបទៀត ដែលគេហៅថាម្ទេសកំប៉ុង គេថាពូជមកពីប្រទេសថៃ តែអ្នកចម្ការខ្មែរទេជាអ្នកដាំ ម្ទេសហ្នឹងផ្លែធំៗល្អណាស់ និងសម្បូរទៀត ។ ក្រៅពីទិញម្ទេសកំប៉ុង ម្ទេសប្លោកធម្មតា ដែលអ្នកចម្ការក្នុងស្រុកដាំ អ្នកធ្វើម្ទេសឆ្អើរក៏នៅបន្តទិញផ្លែម្ទេសមកប្រទេសវៀតណាមដូចឆ្នាំមុនដែរ ព្រោះតម្រូវការទីផ្សារម្ទេសក្រៀមច្រើន ។
ចំណែកបុរសអ្នកស្ងោរម្ទេសវិញនិយាយថា គាត់មាននាទីជាអ្នកស្ងោរម្ទេស គឺក្រោយពេលគេវះហើយ គាត់យកមកដាក់ស្ងោរក្នុងទឹកមានលាយប្រេងសណ្តែកខ្លះផង ។ បន្ទាប់មក ទើបស្រង់យកមកប្រឡាក់អំបិលច្របល់ឲ្យសព្វ ទើប យកទៅឲ្យគេលាតហាលដោយដាក់ក្នុងថែប ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងដែរថា ឆ្នាំនេះអ្នកចម្ការដាំម្ទេសទទួលបានផលល្អ ហើយភាគច្រើនគាត់ដាំពូជម្ទេសម្យ៉ាងនាំចូលពីប្រទេសជិតខាង ដែលពួកគាត់បានហៅម្ទេសនោះថា ម្ទេសកំប៉ុង ព្រោះផ្លែម្ទេសនេះធំៗល្អណាស់ ។ ចំពោះម្ទេសដែលឆ្អើរហើយមានទីផ្សារល្អ ឆ្នាំនេះឈ្មួញបានទិញយកទៅភ្នំពេញ និងនាំចេញទៅប្រទេសថៃផងដែរ ៕
ចែករំលែកព័តមាននេះ