រាជធានីភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយថា វត្តមានធនាគារមីហ្ស៊ូលហូ(MIZUHO)របស់ជប៉ុននៅកម្ពុជា នឹងទាក់ទាញអ្នកវិនិយោគទុនជប៉ុនឲ្យមកបោះទុនវិនិយោគកាន់តែច្រើននៅកម្ពុជា ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានថ្លែងបែបនេះនៅក្នុងឱកាសជួបពិភាក្សាជាមួយលោក អីុម៉ាសេ អិុជិ (Imai Seiji) នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ី និងអូសេអានីរបស់ធនាគារមីហ្ស៊ូលហូ នាព្រឹកថ្ងៃទី២៨ កុម្ភៈកន្លងមក ។
លោកថ្លែងថា ការបង្ហាញវត្តមានរបស់ធនាគារមីហ្ស៊ូលហូនៅកម្ពុជានាពេលនេះបានបញ្ជាក់ឲ្យឃើញពីការជឿជាក់ ប្រកបដោយភាពប្រាកដនិយមចំពោះភាពរីកចម្រើនរបស់វិស័យធនាគារកម្ពុជា ពិសេសចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែនដែលជានិច្ចកាលតែងតែគាំពារគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន ដែលបានបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ។
លោកបន្តថា ៖ « តាមរយៈធនាគារមីហ្ស៊ូលហូ ក៏បង្ហាញឲ្យឃើញច្បាស់ថា កម្ពុជាពិតជាមានស្ថិរភាព និងមានសក្ដានុពលច្រើនសម្រាប់ការវិនិយោគផងដែរ» ។
ធនាគារមីហ្ស៊ូលហូ នេះបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាហើយកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៧ ដើម្បីធ្វើប្រតិបត្តិការនៅកម្ពុជា ហើយធនាគារនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាផ្លូវការកាលពីថ្ងៃទី២៧ កុម្ភៈ កន្លងមក ដើម្បីជំរុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា និងការលើកកម្ពស់ភាពជាដៃគូរវាងកម្ពុជា និងជប៉ុន ។
ធនាគារមីហ្ស៊ូលហូ គឺជាធនាគារធំមួយក្នុងចំណោមធនាគារធំៗចំនួន៣នៅប្រទេសជប៉ុន និងមានប្រតិបត្តិការធុរកិច្ចចំនួន៥៤៨កន្លែងនៅលើពិភពលោក ក្នុងនោះក៏មានប្រតិបត្តិករនៅប្រទេសអាស៊ានចំនួន៨ផងដែរ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ។
ដោយឡែកនៅក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៧ កុម្ភៈ ២០១៧ នៅវិមានសន្តិភាព លោក អីុម៉ាសេ អិុជិ បានថ្លែងថា ៖ « MIZUHO ជាធនាគារខ្នាតធំជប៉ុនលើកទី១មកកាន់កម្ពុជា ដែលមានសាខានៅក្នុងប្រទេសចំនួន៣០ ។ តាមរយៈធនាគារនេះ នឹងសម្រួលដល់ការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកវិនិយោគទាំងជនជាតិជប៉ុន កម្ពុជា និងអ្នកវិនិយោគដទៃទៀតដែលមកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែងាយស្រួលថែមទៀត។ ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមកនូវអ្នកវិនិយោគជប៉ុនជាច្រើនមកកម្ពុជានៅពេលអនាគតខាងមុខនេះ » ។
ក្នុងឱកាសនោះ សម្តេចតេជោបានបញ្ជាក់ថា ឆ្នាំ២០១៦កន្លងទៅ គឺមានក្រុមហ៊ុនអាកាសចរណ៍ជប៉ុនខ្នាតធំANA Airline ដែលបានមកវិនិយោគនៅកម្ពុជា ហើយឆ្នាំ២០១៧នេះ គឺមានធនាគារខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត ។ ទាំងនេះបញ្ជាក់ប្រាប់ដល់អ្នកវិនិយោគជប៉ុនឲ្យមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា ។
នៅកម្ពុជាសព្វថ្ងៃនេះ មានធនាគារមកពីប្រទេសជប៉ុនចំនួន២ និងមីក្រូហិរញ្ញវត្ថុ១ ក្នុងនោះគឺ ធនាគារMizuho ធនាគារMaruhan និងមីក្រូហិរញ្ញវត្ថុAEON ហើយនៅក្នុងធនាគារស្ថាបនាក៏មានភាគហ៊ុនរបស់Maruhan Bankផងដែរ ។
សេដ្ឋវិទូកម្ពុជាបានស្វាគមន៍ចំពោះវត្តមាន និងការចូលមកដល់នូវក្រុមហ៊ុនជប៉ុនថ្មីៗនៅ កម្ពុជានាពេលនេះ ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា វាជារឿងល្អសម្រាប់កម្ពុជានៅពេលធនាគារធំមួយនេះចូលមកកម្ពុជា ព្រោះកន្លងមកកម្ពុជាមានធនាគារមកពីម៉ាឡេស៊ី វៀតណាម ថៃ ចិន និងធនាគារANZល្បីមួយមកកម្ពុជា ។ ដូច្នេះការមកដល់របស់ធនាគារនេះ ទោះបីជាធ្វើឲ្យការប្រកួតប្រជែងកើនឡើងក្តី ប៉ុន្តែវាផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកាន់តែច្រើន ព្រោះពេលណាការប្រកួតប្រជែងកើនឡើង អត្រាការប្រាក់នឹងធ្លាក់ចុះ ។
លោកបន្តថា ៖ «ការចូលមកដល់របស់ធនាគារនេះ មិនសំខាន់រឿងលុយនោះទេ អ្វីសំខាន់គឺទំនុកចិត្ត និងការទាក់ទាញអ្នកវិនិយោគជប៉ុនថ្មីៗមកបន្ថែមទៀត» ។ លោកបន្តថា ៖ «នៅកម្ពុជាជប៉ុនមានពេទ្យ មានអាកាសចរណ៍ មានផ្សារទំនើប មានសាលារៀន គឺគ្រប់គ្រាន់សម្រាប់ជប៉ុនចូលមករស់នៅបានយូរហើយ» ៕
ចែករំលែកព័តមាននេះ