ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ព្រំដែន លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កម្លាំង​ផ្ទាល់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​កក្រើក​ពេញ​ខេត្តមណ្ឌលគិរី ខណៈ​រថយន្ត​កែ​ច្នៃ​ប្រភេទ​រ៉េវ​ដឹកឈើ​ចំនួន​៨​គ្រឿង ត្រូវ​បាន​លោកនាយឧត្តមសេនីយ៍ សៅ សុខា

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​កក្រើក​ពេញ​ខេត្តមណ្ឌលគិរី ខណៈ​រថយន្ត​កែ​ច្នៃ​ប្រភេទ​រ៉េវ​ដឹកឈើ​ចំនួន​៨​គ្រឿង ត្រូវ​បាន​លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​បង្ក្រាប​បាន​នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​ហ៊ុ​ច ចន្លោះ​ស្រុក​អូរ​រាំង​និង​ស្រុក​កែវ​សីមា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២២ ខែកុម្ភៈ កម្លាំង​ចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ចាប់​បាន​រថយន្ត​ប្រភេទ​រ៉េវ​ដឹកឈើ​ចំនួន​៨​គ្រឿង និង​មនុស្ស​ចំនួន​៧​នាក់​(​ជនជាតិ​វៀតណាម​៦​នាក់ ខ្មែរ​១​នាក់​) រួម​នឹង​វត្ថុ​តាង​ជា​ច្រើន​ទៀត ។

លោក សុភ​គ៌ ថ្លែង​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏​រឹបអូស​បាន​ឈើ​ខុសច្បាប់​ជា​ច្រើន​កំណាត់​ផង​ដែរ ប៉ុន្តែ​ដោយ​ឈើ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ សមត្ថកិច្ច​បាន​ត្រឹម​ការពារ​សិន និង​ពុំ​ទាន់​មាន​តួលេខ​ច្បាស់​នៅឡើយ​ទេ ។

លោក ទៀ ខៃ​ម៉េ​ង មេបញ្ជាការ​កង​អនុសេនា​ធំ​លេខ​២​ចំណុច​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ បាន​ឲ្យ​ដឹង​ថា ពិតជា​មានករណី​បង្ក្រាប​ឈើ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​មែន ហើយ​នៅ​ទីនោះ​កងកម្លាំង​របស់​លោក​កំពុង​ចូល​រួមការ​បង្ក្រាប​ជាមួយ​កម្លាំង​ចម្រុះ ។ ទោះជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​មេបញ្ជាការ​រូប​នេះ​បាន​ទេ ជុំវិញ​សកម្មភាព​ដឹកឈើ​ឆ្លង​ដែន​ខុសច្បាប់​នៅ​តំបន់​ដែល​លោក​គ្រប់គ្រង បែរជា​គ្មាន​ការ​បង្ក្រាប​រហូត​ផ្អើល​ដល់​ថ្នាក់​ជាតិ​ជា​អ្នក​បង្ក្រាប​ទៅ​វិញ ។

ចំណែក​លោក ឡេ​ង សុ​ភ័​ណ្ឌ មេបញ្ជាការ​វរៈនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ មិនអាច​សុំ​ការ​បំភ្លឺ​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ខណៈ​តំបន់​ដែល​មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​គ្រប់គ្រង ។

រីឯ​លោក រ័​ត្ន សុវណ្ណ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​ជានា​យក​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​រង​ការ​រិះគន់​ពី​មហាជន​ថា ជា​អ្នក​អនុញ្ញាត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាមខ្សែបន្ទាត់​ព្រំដែន ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា សបញ្ជាក់​ឲ្យ​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​គឺ​ពិតជា​មាន​ប្រាកដ​ដូច​ការ​ចេញផ្សាយ​របស់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ដែល​អាជ្ញាធរ​ខេត្ត​មិន​មាន​សមត្ថភាព​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ ស្របពេល​ដែល​មន្ត្រី​ក្នុង​ខេត្ត​នេះ​តែងតែ​អះអាង​និង​រាយការណ៍​ទៅ​ថ្នាក់លើ​របស់​ខ្លួន ពី​ភាព​ស្ងប់ស្ងាត់​នៃ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី ។

ចំណែក​ព័ត៌មាន​ដែល​តែង​មានការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ក្នុង​ខេត្តមណ្ឌលគិរី​ថា សព្វ​ថ្ងៃនេះ​ដី​ព្រៃ​រាប់រយ​ហិ​កតារ​ហូត​ឈាន​ដល់​រាប់​ពាន់​ហិ​កតា កំពុង​ត្រូវ​បាន​អ្នកមាន​អំណាច​ក្នុង​ខេត្ត វាតទី​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​ព័ត៌មាន​និយាយ​ថា ដី​ព្រៃ​ទាំងនោះ​សុទ្ធ​សឹង​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់ហាមឃាត់ ។ មន្ត្រី​មាន​អំណាច​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាក់​កម្លាំង​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ទុកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ ភាគច្រើន​គឺជា​មន្ត្រី​ប្រដាប់​អាវុធ​តែ​ម្តង ដែល​ពួក​គេ​បាន​និង​កំពុង​សម្រុក​ដាក់​កម្លាំង​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងស្រុក​កែវ​សីមា ស្រុក​អូរ​រាំង និង​ស្រុក​កោះ​ញែក ។ ចំណែក​ដី​ព្រៃ​មួយ​ចំនួន​ទៀត​ត្រូវ​គេ​កាប់​រាន​នៅ​ក្នុង​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជាប់​ព្រំប្រទល់​ស្រុក​ស្នូល ខេត្តក្រចេះ ។

យោង​តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ កាលពី​អំឡុ​ង​ឆ្នាំ​២០១៦ ដី​ព្រៃ​ចំនួន​ជិត​១​ម៉ឺន​ហិ​កតាស្ថិត​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ដែល​ប្តូរមក​ជា​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវ​បានប្រជាពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្តមណ្ឌលគិរី កាប់​រាន​ព្រៃ​យក​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន ។

ទោះជា​មានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​យ៉ាងណា ក៏​ដី​ព្រៃ​ទូ​ទាំង​ខេត្តមណ្ឌលគិរី នៅ​តែ​មាន​សកម្មភាព​កាប់​រាន​ជា​រៀងរាល់ថ្ងៃ គ្មាន​ស្រាកស្រាន្ត​ឡើយ​។
រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ កោះសន្តិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ ជុំវិញ​ព័ត៌មាន​លំអិត​ក្នុង​ករណី​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​៨​គ្រឿង​នោះ​ទេ ហើយ​អ្នក​ពាក់ព័ន្ធ​ធំ​បំផុត​នៅ​ពីក្រោយ​ខ្នង​ក៏​ពុំ​ទាន់​ត្រូវ​បាន​គេ​ទម្លាយ​ព័ត៌មាន​ឱ្យ​ដឹង​ដែរ ៕