ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​គម្រោង​សិក្សា​សមិទ្ធ​លទ្ធភាព​នៃ​ផ្លូវទឹក​សម្រាប់​ការ​អភិវឌ្ឍ​ភ័ស្តុភារ​កម្ម​កំពង់​ផែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កូយ​កា​) និង​ក្រសួង​សា​ធារណ​ការ​ និង​ដឹក​ជញ្ជូន ​(MPWT) បាន​រៀបចំ​សិក្ខា​សាលា​បញ្ចប់​គម្រោង​ស្តី​ពី ​«គម្រោង​សិក្សា​សមិទ្ធ​លទ្ធភាព​លើ​ការ

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កូយ​កា​) និង​ក្រសួង​សា​ធារណ​ការ​ និង​ដឹក​ជញ្ជូន ​(MPWT) បាន​រៀបចំ​សិក្ខា​សាលា​បញ្ចប់​គម្រោង​ស្តី​ពី ​«គម្រោង​សិក្សា​សមិទ្ធ​លទ្ធភាព​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ផ្លូវទឹក សម្រាប់​ការ​អភិវឌ្ឍ​ភ័ស្តុភារ​កម្ម​កំពង់​ផែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នៅ​សណ្ឋាគារ​សាន់​វេ ក្នុង​គោលបំណង​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​ចុង​ក្រោយ​នៃ​គម្រោង​នេះ និង​ដើម្បី​ចែករំលែក​ព័ត៌មាន​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ។

សិក្ខាសាលា​នេះ ប្រារព្ធ​ធ្វើ​ក្រោម​អធិបតី​ភាព​លោក អ៊ា​ង វ៉េ​ង​ស៊ុន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​លោក ចុង យុន​ហ្គៀ​ល (Mr. Jeong Yun Gil) ប្រធាន​តំណាង​កូយ​កា​ប្រចាំ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​របស់​កូយ​កា និង​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត មក​ពី​ក្រសួងបរិស្ថាន ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​​ធនធានទឹក​​និង​ឧតុនិយម ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។

ក្នុង​សិក្ខាសាលា​នេះ ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ​ដែល​ទាក់ទង​ទៅ​នឹង​សមិទ្ធផល​របស់​គម្រោង ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ក្រុម​អ្នក​ពិគ្រោះ​យោបល់ Hyein E & C ដូច​ជា ការ​​វិភាគ​ភ័ស្តុភារ​កម្ម​លទ្ធផល​នៃ​ការ​សិក្សា​វាស់​ជម្រៅ​ទឹក ការ​រចនា​ផ្លូវទឹក ការ​សិក្សា​ផ្លូវ​នាវាចរណ៍ និង​លទ្ធផល​នៃ​ការ​បណ្តុះបណ្តាល​ក្នុង​ប្រទេស​កូរ៉េ ។

សិក្ខាសាលា​នេះ នឹង​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​នេះ​មាន​ដូច​ជា ការ​បណ្តុះបណ្តាល​និង​ការ​កសាង​សមត្ថភាព​មន្ត្រី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​បច្ចេកទេស​សម្រាប់​ភ័ស្តុភារ​កម្ម​កំពង់​ផែ និង​ការ​កែ​លម្អ​ផ្លូវទឹក ការ​អង្កេត​សណ្ឋាន​ដី និង​ការ​វាស់​ជម្រៅ​ទឹក​ពី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ ​(២១៥​គីឡូម៉ែត្រ​) ការ​សិក្សា​ភ័ស្តុភារ​កម្ម​ (​ការ​ព្យាករ​ទំហំ​ទំនិញ​) ផែនការអភិវឌ្ឍន៍ផ្លូវទឹក និង​ការ​រចនា​មូលដ្ឋាន​គ្រឹះ​នៃ​ផ្លូវទឹក ។

ថ្លែង​នា​ឱកាស​នោះ លោក​អនុរដ្ឋលេខាធិការ អ៊ា​ង វ៉េ​ង​ស៊ុន បាន​លើក​ឡើង​ថា ៖ «​យើង​គ្រោង​នឹង​វិនិយោគ​បន្ថែមចំនួន​១២​ប៊ី​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ទៅ​លើ​​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។ ទោះបីជា​យ៉ាងណា ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នេះ ​គឺជា​ចំណុច​សំខាន់​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុង​ជួប​បញ្ហា​ប្រឈម ។​យើង​បាន​និង​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ជា​ពិសេស​ទីភ្នាក់ងារ KOICA និង​វិស័យ​ឯកជន​នានា ដើម្បី​ជួយ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ជាមួយ​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​របស់​យើង​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​» ។

លោក ចុង យុន​ហ្គៀ​ល (Mr. Jeong Yun Gil) ប្រធាន​តំណាង​កូយ​កា​ប្រចាំ​កម្ពុជា ថ្លែង​ថា ៖ «​បន្ទាប់​ពី​បាន​ពិនិត្យ​របាយការណ៍​មក ខ្ញុំ​មាន​ជំនឿ​ថា បើ​គម្រោង​តាមដាន​នេះ​ត្រូវ​បាន​អនុវត្ត នោះ​កម្ពុជា​នឹង​មាន​សន្ទុះ​ងើបឡើង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​សង្គម​ថែម​មួយ​កម្រិត​ទៀត ហើយ​វា​អាច​ជា​ក្បាលម៉ាស៊ីន​មួយ​ដ៏​ខ្លាំង​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​» ។

ទោះបីជា​យ៉ាងណា ការ​អនុវត្ត​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​វិធីសាស្ត្រ​រយៈពេល​វែង និង​ទូលំទូលាយ ដោយ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ ។ នេះ​បើ​តាម​ប្រធាន​តំណាង​កូយ​កា​រូប​នេះ​បាន​បញ្ជាក់ ។

គម្រោង​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើ​នាវាចរណ៍​ឲ្យ​មាន​សុវត្ថិភាព​និង​ការ​ប្រើប្រាស់​ផ្លូវទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ប្រទេស​កម្ពុជា ។ ដូចដែល​បាន​លើក​ឡើង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា និង​គម្រោង​អភិវឌ្ឍន៍​ដទៃ​ទៀត​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​ផ្សា​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ជំរុញ​ភ័ស្តុភារ​កម្ម និង​ការ​ដឹក​ជញ្ជូន​ជា​ថ្មី​ម្តងទៀត ​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា​ដែល​សំខាន់​ដូច​ជា​វិស័យ​កសិ​កម្ម និង​ឧស្សាហកម្ម ។ គម្រោង​នេះ គឺជា​គម្រោង​មួយ​ដែល​បាន​ផ្តល់​មូលនិធិ​យ៉ាង​ពេញលេញ ជា​ជំនួយ​ឥត​សំណង​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នូវ​ទឹកប្រាក់​ចំនួន
៥,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន (MPWT) ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវទឹក​ក្នុង​ប្រទេស​កម្ពុជា ។

គម្រោង​នេះ មាន​បំណង​ធ្វើការ​វាស់​ជម្រៅ​ទន្លេ ការ​ធ្វើតេស្ត​ដី ដើម្បី​គូរ​ប្លង់​ឡើងជា​មូលដ្ឋាន និង​គម្រោង​គូរ​ប្លង់​លម្អិត និង​ការ​ពិនិត្យ​ឡើង​វិញ​ពី​ផល​ប៉ះពាល់​បរិស្ថាន រួម​ទាំង​វិធានការ​សម្រាប់​ការ​ការពារ​សំណឹក ​ឬ​បាក់​ច្រាំង​ទន្លេ និង​សម្រាប់​ការ​ជីក​ទន្លេ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ពី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ ។ ជាមួយនឹង​ការ​កសាង​សមត្ថភាព​សម្រាប់​បុគ្គលិក​ពាក់ព័ន្ធ​នៅ​នាយកដ្ឋាន​ផ្លូវទឹក​របស់​ក្រសួង​សា​ធារណ​ការ​និង​ដឹក​ជញ្ជូន ​(MPWT) ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ជា កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ជាដើម។ គម្រោង​នេះ​នឹង​រួមចំណែក​ដល់​ការ​បង្កើត​គោលនយោបាយ​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​វិស័យ​ការ​កែ​លម្អ​ផ្លូវទឹក​ និង​ដឹក​ជញ្ជូន មុខងារ​កំពង់​ផែ និង​បរិស្ថាន។

គម្រោង​សិក្សា​ស្តី​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវទឹក​នេះ បាន​ផ្តល់​នូវ​លទ្ធផល​សំខាន់​ៗ​ដូច​ជា​ ៖
១-​ផែនទី​នាវាចរណ៍​អេ​ឡិច​ត្រូ​និក​ភ្នំពេញ​-​ក្រចេះ
២-​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​បូម​ស្តារ​ផ្លូវទឹក​ភ្នំពេញ​-​ក្រចេះ
៣-​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ការពារ​ច្រាំង​បាក់ និង
៤-​ផ្តល់​នូវ​ឧបករណ៍​សំខាន់​ៗ សម្រាប់​បម្រើ​ការងារ​ជំនាញ​តទៅ​មុខ​ទៀត ។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជំនួយ​ឥត​សំណ​ងរ​វាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កូយ​កា​) និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT) កូយ​កា​បាន​ផ្តល់​ជំនួយ​គម្រោង​ចំនួន​៣​គឺ ៖

ទី​១-​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា
ទី​២-​គម្រោង​បំពាក់​បរិក្ខារ​សុវត្ថិភាព​ច​រាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៣​និង ផ្លូវជាតិ​លេខ​លេខ​៤៨ និង
ទី​៣-​គម្រោង​សិក្សា​សមិទ្ធ​លទ្ធភាព​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ផ្លូវទឹក សម្រាប់​ការ​អភិវឌ្ឍ​ភ័ស្តុភារ​កម្ម​កំពង់​ផែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕