រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់លំនៅឋានដែលចាត់ទុកថា ជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រក្នុងតំបន់ក្បែរៗព្រះបរមរាជវាំង និងតំបន់វត្តភ្នំនោះ ពេលនេះត្រូវបានគេកែច្នៃឲ្យក្លាយជាភោជនីយដ្ឋាន ឬក្លិបកម្សាន្ដស្ទើរអស់ទៅហើយ ។
សំណង់ទាំងនោះ គួរតែមានក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ឬសមត្ថកិច្ចជំនាញរួមគ្នាអភិរក្ស និងថែរក្សាឲ្យបានគង់វង្ស ទុកជាកេរមរតកដល់កូនចៅជំនាន់ក្រោយបានឃើញពីស្នាដៃបុព្វបុរសខ្មែរជំនាន់ដើម ។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣ បានឲ្យដឹងថា សំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ មានចំនួន៥២៣ទីតាំង ក្នុងនោះមានសំណង់បេតិកភណ្ឌដែលត្រូវបានចាត់ជាចំណាត់ថ្នាក់ គឺចំណាត់ថ្នាក់លេខ១មាន៣៤ទីតាំង ចំណាត់ថ្នាក់លេខ២មាន២៤ទីតាំង និងចំណាត់ថ្នាក់លេខ៣ មានចំនួន១៧ទីតាំង ។ ចំណែកឯចំណាត់ថ្នាក់លេខ៤ គឺសំណង់លំនៅឋានដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ មានចំនួន៤៤៨ទីតាំង ។
ទាក់ទិននឹងរបាយការណ៍នេះ មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ ទី១២ មករា ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមអ្នកជំនាញឯកទេសបារាំង បានធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃទៅលើសំណង់បេតិកភណ្ឌ និងសំណង់ប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ ។
មន្ត្រីដដែលបញ្ជាក់ថា ៖ « តាមការសិក្សាស្រាវជ្រាវ និងវាយតម្លៃនោះ យើងបានអនុវត្តទៅតាមច្បាប់ស្តីពីកិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ឆ្នាំ១៩៩៦ គឺច្បាប់បានកំណត់មានពីរគឺ ១-ស្នាដៃរបស់មនុស្ស ឬធម្មជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ជាសិល្បៈ សាសនា វិទ្យាសាស្ត្រ ហើយបានបង្ហាញឲ្យឃើញអំពីវប្បធម៌របស់សង្គម និង២-អាយុកាលចាប់ពី៥០ទៅ១០០ឆ្នាំឡើង តែក្នុងនោះត្រូវនិយាយអំពីសម័យកាល ដែលចែកជា៤ គឺសម័យបុរេប្រវត្តិសាស្ត្រ, សម័យមុនអង្គរ ពីសតវត្សរ៍ទី១ ដល់ចុងសតវត្សរ៍ទី៨, សម័យអង្គរ ចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ និងសម័យក្រោយអង្គរ ពីសតវត្សរ៍ទី១៥ រហូតដល់បច្ចុប្បន្ន » ។
មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងទៀតថា ការរាប់បញ្ចូលជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនោះ អាចមិនគិតពីអាយុកាលមានដូចជា ៖ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មានអាយុកាលមិនដល់៥០ឆ្នាំនោះទេ តែវាជាតឹកតាងប្រវត្តិសាស្ត្រ ។ ចំណែកឯសំណង់ផ្ទះចាស់ពីសម័យអាណានិគមបារាំង ដែលមានអាយុកាលប្រហែលពី៧០ទៅ៨០ឆ្នាំ តែមិនអាចរក្សាបាន ព្រោះវាជាសំណង់ឯកជន ។
លោកបញ្ជាក់ទៀតថា ៖ « បច្ចុប្បន្ននេះ សំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រមានការបាត់បង់មួយចំនួនតូច គឺនៅសល់តែជាង៤០០ទីតាំងតិចតួច ដែលអាជ្ញាធរឬសមត្ថកិច្ចជំនាញមិនអាចគ្រប់គ្រងឬធ្វើការអភិរក្សបាន ព្រោះជាសំណង់ឯកជន ដោយម្ចាស់សំណង់ខ្លះមានការជួសជុល និងលាបថ្នាំប្តូរថ្មី ហើយអ្នកខ្លះទៀតបានវាយសំណង់នោះចោល រួចសាងសង់ថ្មីតែម្តង។ នៅពេលសមត្ថកិច្ច ឬមន្ត្រីជំនាញទៅឃាត់ ម្ចាស់សំណង់និយាយថា បើមិនឲ្យជួសជុលឬសាងសង់ថ្មី នៅពេលសំណង់ចាស់នេះបាក់ឬស្រុតបង្កឲ្យស្លាប់មនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ? បញ្ហានេះហើយដែលសមត្ថកិច្ចពិបាកក្នុងការដោះស្រាយ ឬឆ្លើយតបតែម្តង ណាមួយយើងមិនទាន់មានច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះឲ្យបានច្បាស់លាស់នៅឡើយ » ។
ចំណែកមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានឲ្យដឹងដែរថា ៖ « ការវាយតម្លៃទៅលើសំណង់បេតិកភណ្ឌ និងសំណង់ប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញនោះ ត្រូវផ្អែកទៅលើគោលការណ៍៤ចំណុចគឺ ១-ត្រូវគិតពីប្រវត្តិសាស្ត្រ ឬអាយុកាលនៃអគារ ។ ២-ស្ថាបត្យកម្មនៃអគារល្អឬក៏អត់? ៣-លក្ខណៈនគរូបនីយកម្ម តើការសាងសង់លើទីតាំងល្អដែរឬទេ និង៤-ត្រូវគិតពីវប្បធម៌ប្រទេសណាមួយមានលក្ខណៈល្អឬក៏អត់ ដែលទាក់ទងទៅនឹងវប្បធម៌ និងប្រជាជននោះ » ។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេមើលឃើញថា សំណង់លំនៅឋានដែលគេរាប់បញ្ចូលថា ជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនោះ ជាពិសេស នៅតំបន់ក្បែរៗព្រះបរមរាជវាំង និងតំបន់វត្តភ្នំ ត្រូវបានគេកែច្នៃ ឬប្រែក្លាយទៅជាភោជនីយដ្ឋាន និងក្លិបកម្សាន្ដស្ទើរអស់ទៅហើយ ជាពិសេស សម្រាប់ជនបរទេស ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា ៖ « ចំពោះសំណង់លំនៅឋានជាង៤០០ទីតាំងដែលចាត់ទុកជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនោះ អាជ្ញាធររាជធានីភ្នំពេញមិនអាចគ្រប់គ្រងបានទេ ពីព្រោះសំណង់ទាំងនេះមិនទាន់បានចុះបញ្ជីបេតិកភណ្ឌជាផ្លូវការនៅឡើយ ហើយសំណង់ទាំងនោះមួយចំនួនធំ គឺជាកម្មសិទ្ធិរបស់ពលរដ្ឋស្ទើរអស់ទៅហើយ ។ ម្យ៉ាងទៀត សំណង់មួយចំនួនក៏បានបាត់រូបរាងជាបណ្តើរៗហើយដែរ គឺខ្លះបានវាយកម្ទេចចោលរួចសុំសាងសង់ថ្មី ខ្លះបានជួសជុលឬកែសម្រួលឲ្យក្លាយទៅជាហាងផឹកស៊ី និងក្លិប ដែលភាគច្រើនជួលទៅឲ្យជនបរទេសតែម្តង » ៕
ចែករំលែកព័តមាននេះ