រាជធានីភ្នំពេញ ៖ ទិន្នផលម្រេចកំពតឆ្នាំនេះកើនឡើងប្រមាណ៣០% ដោយសារតែការកើនឡើងនូវផ្ទៃដីដាំដុះ និងការពង្រីកសមាជិកថ្មីរបស់សមាគម ។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានថ្លែងនាព្រឹកថ្ងៃទី១១ មករា ថា នៅឆ្នាំនេះ សមាគមបានពង្រីកសមាជិកចំនួន៣៥គ្រួសារ និងមានផ្ទៃដី៤០ហិកតាបន្ថែមទៀត ដែលធ្វើឲ្យទិន្នផលប្រមូលឆ្នាំនេះរំពឹងបានចំនួន១០០តោន ខណៈឆ្នាំមុនការប្រមូលផលបានត្រឹម៧៣តោនប៉ុណ្ណោះ ។ ការពង្រីកសមាជិកថ្មីនេះ ធ្វើឡើងបន្ទាប់ពីអ្នកដាំម្រេចបានដាក់ពាក្យស្នើសុំ ហើយការសម្រេចឲ្យចូលជាសមាជិកសមាគម គឺមានការវិនិច្ឆ័យត្រឹមត្រូវលើប្រភេទដី និងលក្ខណៈបច្ចេកទេសនៃការដាំដុះផងដែរ ។
លោកបន្តថា ៖ « តម្លៃម្រេចកំពតឆ្នាំនេះនឹងរក្សាដដែល ដោយម្រេចខ្មៅមានតម្លៃ១៥ដុល្លារ ម្រេចក្រហមតម្លៃ២៥ដុល្លារ និងម្រេចសតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម » ។
ម្រេចកំពតភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជា ប្រទេសចិន កូរ៉េ ជប៉ុន តៃវ៉ាន់ និងទីក្រុងហុងកុងជាដើម ។
ទាក់ទងនឹងម្រេចកំពតក្លែងក្លាយ លោក ងួន ឡាយ បញ្ជាក់ថា ទីផ្សារម្រេចក្លែងក្លាយកន្លងមក មាននៅទីផ្សារទេសចរណ៍នាខេត្តសៀមរាប ប៉ុន្តែបច្ចុប្បន្ន លែងមានការចរាចរម្រេចក្លែងក្លាយទាំងនោះហើយ បន្ទាប់ពីមានការណែនាំ និងព្រមានពីអាជ្ញាធរពាក់ព័ន្ធ ។
ជាមួយនឹងកំណើននៃតម្លៃដីដាំម្រេចវិញ ក៏បានកើនឡើងខ្ពស់ផងដែរ ដោយមួយហិកតាមានតម្លៃចន្លោះពី៧ពាន់ ទៅ២ម៉ឺនដុល្លារអាមេរិក ។
លោក ងួន ឡាយ បន្តថា ដំណាំម្រេចប្រសិនជាមានការថែទាំបានល្អ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១ហិកតាអាចទទួលបានទិន្នផល៣តោន និងចំណាយពេលចាប់ពីដាំដុះរហូតដល់ប្រមូលផលមានរយៈពេល២ឆ្នាំ ហើយការប្រមូលផលម្រេចធ្វើឡើងក្នុងរយៈពេល៥ខែ ចាប់ពីចុងខែកុម្ភៈ រហូតដល់ខែមិថុនា ។
ម្រេចកំពត ជាផលិតផលសម្គាល់ភូមិសាស្ត្រមួយរបស់កម្ពុជា ដែលមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងចេញវិញ្ញាបនបត្រទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់សហគមន៍អឺរ៉ុប ។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ជាក្រុមហ៊ុននាំចេញម្រេចទៅកាន់ទីផ្សារបរទេស ថ្លែងថា ការនាំចេញទិន្នផលម្រេចកំពតឆ្នាំនេះ រំពឹងកើនឡើងប្រមាណ១៥% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលការនាំចេញនឹងកើនឡើងពី១៣,៥តោន ដល់១៥តោននៅឆ្នាំនេះ ។ លោកបន្តថា ទីផ្សាររបស់លោកភាគច្រើនមាននៅក្នុងប្រទេសបារាំង អង់គ្លេស និងបណ្តាប្រទេសនានាជាសមាជិកសហគមន៍អឺរ៉ុប ។
លោកបន្តថា ៖ « ម្រេចកំពតបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីសហគមន៍អឺរ៉ុប ដែលធ្វើឲ្យផលិតផលនេះមានភាពល្បីល្បាញ ដោយសារតែរសជាតិរបស់វាមានលក្ខណៈពិសេសខុសពីម្រេចដទៃទៀត ។ តម្លៃម្រេចនៅទីផ្សារបរទេសមានការកើនឡើងខ្ពស់ ដោយអ្នកយកទៅលក់បន្តបានលក់ក្នុងតម្លៃ១គុណនឹង៣ ប៉ុន្តែតម្លៃនៅកម្ពុជា មានការចរចាគ្នារៀងរាល់៣ឆ្នាំម្តង » ៕
ចែករំលែកព័តមាននេះ