ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយគោយន្តកន្ត្រៃបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ មករា ២០១៧។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទី១.ឈ្មោះ យើម កែវ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមសេរី២០១៦ ពាក់ស្លាកលេខបន្ទាយមានជ័យ ១Q-៣២២៤ រងរបួសធ្លាយពោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ទី២.ឈ្មោះ ដឿត មេងភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ទី៣.ឈ្មោះ ហួន បូ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់នាំយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ទាំង៣នាក់ករស់នៅភូមិតាគង់ ឃុំណាំតាវ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ដោយឡែកអ្នកបើកបរក្បាលគោយន្តកន្ត្រៃរត់គេចបានចំនួន២គីឡូម៉ែត្រទុកចោល ចំណែកមនុស្សគេចខ្លួនបាត់ស្រមោល។ មន្ត្រីនគរបាលផ្នែកចរាចរណ៍ស្រុកចុងកាល់បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចបានចុះទៅដល់ឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងថ្លុកឈាមដោយធ្លាយពោះវៀន និង២នាក់ទៀតរងរបួសធ្ងន់សមត្ថកិច្ចបាននាំយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ។
ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែង និងសាកសួរពីសាក្សីនៅកន្លែងកើតហេតុឃើញថា ខាងគោយន្តបានបើកបរទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ សមត្ថកិច្ចបានយកគោយន្តកន្ត្រៃ និងម៉ូតូមករក្សាទុកនៅអធិការស្រុក រង់ចាំការដោយស្រាយពេលក្រោយ៕
ចែករំលែកព័តមាននេះ