រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ធ្នូ នេះ ផលិតកម្មBKS ដែលកំពុងមានឈ្មោះក្នុងភាពយន្តខ្មែរ បានរៀបចំពិធីក្រុងពលីផ្លូវការរបស់ខ្លួន ដើម្បីដាក់ដំណើរការថតរឿងថ្មីមួយក្រោមចំណងជើងថា «អាស្ទើរទឹក ប៉ះខ្មោចបែកស្លុយ» ។
ការរៀបចំនេះ ធ្វើនៅគេហដ្ឋានផ្ទាល់របស់ផលិតកម្មខាងលើ ដែលប្រមូលផ្តុំដោយតារាសម្តែងល្បីឈ្មោះ និងអ្នកកំប្លែងកំពុងពេញនិយមមួយចំនួនទៀតផងដែរ ។ តារាមានវត្តមាននាពិធីសុំសេចក្តីសុខនេះ រួមមានកោកឈុន សុវណ្ណភក្តី ជាម្ចាស់ផលិតកម្មBKS កញ្ញាឈុន សុវណ្ណស្រីមុំ, ពៅ លីដា, នាងខ្ញុង, លោកចាន់ណា រ៉ូណាន, នាយចឺម, នាយគ្រឿន និងតារាសម្តែងមួយចំនួនក្រុមការងារផលិតកម្មផងដែរ ។
លោកផលិតករវ័យក្មេងឈុន សុវណ្ណភក្តី បានឱ្យដឹងថា រឿងនេះ ផលិតកម្មយើងបានចំណាយពេលច្រើនគួរសមសម្រាប់ចេញថតហើយបានចំណាយដើមទុនប្រមាណជាង៦ម៉ឺនដុល្លារ សម្រាប់ដំណើរការថតទាំងមូល ។ លោកបន្តថា រឿងថ្មីនេះ យើងបានសម្រិតសម្រាំងហ្មត់ចត់ណាស់ សំដៅក្តាប់យកគុណភាពឆ្លងកាត់រឿងពីមុនៗ យើងអាចកែលម្អបាន ។ មួយវិញទៀត យើងបានទិញនៅប្រភេទកាម៉ារ៉ាទំនើបៗ ការឌីហ្សាញក៏ថ្មី ព្រមទាំងបច្ចេកទេសប្លង់ក៏យើងបានប្រែប្រួលសម្រួលទៅមុខទៀតផង ។
បន្ថែមពីលើនេះ យើងរំពឹងកាន់តែខ្ពស់លើបណ្តាតារាចូលរួមសម្តែងសុទ្ធតែជាអ្នកមានឈ្មោះបោះសំឡេង និងតារាកំប្លែងពេញនិយមត្រូវចិត្តអ្នកទស្សនា ដែលជឿថា នឹងយោងរឿងមួយនេះ កាន់តែលេចធ្លោបន្តឡើង ។ លោកនៅមិនទាន់រកពេលដាក់បញ្ចាំងអំឡុងពេលណាច្បាស់លាស់នៅឡើយទេ ទាល់តែថតចប់ហើយកែសម្រួលអោយមានភាពល្អសិនទើបរកពេលវេលាកំណត់បញ្ចាំង ។
ចែករំលែកព័តមាននេះ