ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​»ទទួល​បាន​ពានរង្វាន់​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ និង​បរទេស ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ប្រចាំ​រោង​ភាពយន្ត​លេ​ជេន (Legend) ចំនួន​១១​រឿង ពី​ផលិតកម្ម ផ្សេង​ៗ​គ្នា​បាន​ដាក់​បោះ​ឆ្នោត និង​ជ្រើសរើស​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ និង​បរទេស ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ប្រចាំ​រោង​ភាពយន្ត​លេ​ជេន (Legend) ចំនួន​១១​រឿង ពី​ផលិតកម្ម ផ្សេង​ៗ​គ្នា​បាន​ដាក់​បោះ​ឆ្នោត និង​ជ្រើសរើស​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំឆ្នាំ​២០១៦ (Movies of The Years 2016) ។ ឆ្លងកាត់​ការ​បោះ​ឆ្នោត​ពី​ទស្សនិកជន ខ្សែភាពយន្ត​ខ្មែរ​រឿង «​កំណត់ហេតុ​នាង​នាថ​» មានការ​គាំទ្រ​ច្រើន ហើយ​ទទួល​បាន​ពានរង្វាន់​ពីរ​ផ្សេង​គ្នា គឺ​ពានរង្វាន់​ផ្នែក​«​ភាពយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦» និង​ពានរង្វាន់ «​ភាពយន្ត​ខ្មែរ​ប្រចាំឆ្នាំ​២០១៦» ។ ក្រៅពី​ធ្វើ​ឲ្យ​កក្រើក​អស់អ្នក​ចូលរួម​ទស្សនា​មក រឿង «​កំណត់ហេតុ​នាថ​» ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ក្រោយ​ពី​ភាពយន្ត​នេះ​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ក្លាយជា​ភាពយន្ត​ល្អ​ប្រចាំឆ្នាំ​២០១៦​នេះ ។

បុគ្គលិក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​របស់​រោង​ភាពយន្ត​លេ​ជេន កញ្ញា​គុយ កែវ​មរកត បញ្ជាក់​ថា ពានរង្វាន់​ភាពយន្ត​ខ្មែរ​ប្រចាំឆ្នាំ​២០១៦ ជ្រើសរើស​តែ​ភាពយន្ត​ខ្មែរ​ចំនួន​៧​រឿង ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំ​រោង​ភាពយន្ត​លេ​ជេន ដាក់​ឲ្យ​បោះ​ឆ្នោត ដោយ​តម្រូវ​ឲ្យ​ទស្សនិកជន​បំពេញ​ឈ្មោះ​អុ​ី​ម៉ែ​ល និង​លេខ​ទូរស័ព្ទ​មុន​បោះ​ឆ្នោត​នៅ​លើ​គេហទំព័រ​របស់​រោង​ភាពយន្ត​ដើម្បី​ប្រាកដ​ថា អ្នក​បោះ​ឆ្នោ​ម​ម្នាក់​មិន​អាច​បោះ​បាន​លើស​ពី​១​ដង​ទេ ។ ឆ្លង​តាម​ការ​បោះ​ឆ្នោត​រយៈពេល​២​ថ្ងៃ សំឡេង​បោះ​ឆ្នោត​សរុប​ទាំងអស់​ដែល​ទទួល​បាន​មាន​ចំនួន ១០២០​សំឡេង ក្នុង​នោះ​រឿង​«​កំណត់ហេតុ​នាង​នាថ​» បាន​ចំនួន​៣២៥​សំឡេង ។

ព្រឹត្តិការណ៍​បន្ទាប់​គឺ​ពានរង្វាន់​«​ភាពយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦» ដោយ​មាន​ភាពយន្ត​ខ្មែរ និង​បរទេស ល្បី​ៗ​ប្រចាំឆ្នាំ​ចំនួន​១១​រឿង​ដាក់​ឲ្យ​បោះ​ឆ្នោត​ម្តងទៀត ។ ម្ចាស់​ពានរង្វាន់​ខ្សែភាពយន្ត​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំង​១១​រឿង​ប្រចាំឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​លេ​ជេន បាន​ទៅ​លើ រឿង​«​កំណត់ហេតុ​នាង​នាថ​» ដែល​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ចំនួន ១៥៥​សំឡេង​នៃ​ចំនួន​បោះ​ឆ្នោត​សរុប​៥៩៤ សំឡេង ។ រឿង «​កំណត់ហេតុ​នាង​នាថ​» ក៏​នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​ម្តងទៀត​នៅ​ក្នុង​កម្មវិធី​ខ្សែ​ភាព​យន្ត​ប្រចាំឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​លេ​ជេន​ទួល​គោក ។

អ្នកស្រី​ចាន់​ណា សុខ​ឃី​ម បញ្ជាក់​ថា វា​គឺជា​មោទនភាព​សម្រាប់​ផលិតកម្ម ផលិតករ និង​សិល្បករ​ក្រោយ​ពី​អ្នក​ទាំងអស់​គ្នា​បាន​រួម​គ្នា​ផលិត​ខ្សែភាពយន្ត​ដែល​ល្អ និង​ជាទី​ចាប់អារម្មណ៍​របស់​មហាជន ។ «​ពួក​យើង​ស្ទើរ​ស្រក់​ទឹកភ្នែក​គ្រា​ដែល​ទទួល​បាន​ដំណឹង​ថា យើង​ទទួល​បាន​ពានរង្វាន់​ដល់​ទៅ​២ បើ​ទោះបីជា​រឿង «​កំណត់ហេតុ​នាង​នាថ​» គឺជា​រឿងលើក​ដំបូង​របស់​ផលិតកម្ម​ឥន្ទ្រា​និម្មិត​ក៏​ដោយ ។ ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​ផលិតករ និង​សិល្បករ​ពិតជា​មិន​អត់​ប្រយោជន៍ ហើយ​អ្វី​ដែល​ខ្ញុំ​ព្រមទាំង​ក្រុមការងារ​ផលិតកម្ម និង​សិល្បករ​ទទួល​បាន​គឺ​ដោយសារ​ការ​ចូលរួម​គាំទ្រ​របស់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន ហើយ​ខ្ញុំ​ពិតជា​អរគុណ​សម្រាប់​ទឹកចិត្ត​គាំទ្រ​មួយ​នេះ » ។

អ្នកស្រី​ចាន់ ណា​សុខ​ឃី​ម សន្យា​ថា នឹង​បន្ត​ផលិត​ខ្សែភាពយន្ត​មានគុណ​ភាព និង​ជា​ចំណី​អារម្មណ៍​ប្លែក​សម្រាប់​ទស្សនិកជន ។

ភាពយន្ត​ដែល​នាំ​ចូល និង​ផលិត​ដោយ​ក្រុមហ៊ុន និង​ផលិតកម្ម​ចំនួន​១១​រឿង​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន និង​ដាក់​ឲ្យ​បោះ​ឆ្នោត​មាន​ខ្សែភាពយន្ត​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» របស់​ផលិតកម្ម​មហាហង្ស​, ខ្សែភាពយន្ត​រឿង «​ច​ន្ទ្រា របស់​ផលិតកម្ម​អង្គរ​ភី​ឈ័​រ​, ខ្សែភាពយន្ត​រឿង «​សិស្ស​ប្អូន​សំណព្វចិត្ត​» របស់​ផលិតកម្ម​រ៉ក (Rock), ខ្សែភាពយន្ត​រឿង​«​កំពូល​អ្នក​សុំទាន​ជួប​ស្នេហ៍​» របស់​ផលិតកម្ម អិ​ល​ឌី (LD Picture), ខ្សែភាពយន្ត​រឿង «​ទង់ព្រលឹង​» របស់​ផលិតកម្ម​រ៉េ​ដ (RED Picture), ខ្សែភាពយន្ត​រឿង​«​កំណត់ហេតុ​នាង​នាថ​» របស់​ផលិតកម្ម​ឥន្ទ្រា​និម្មិត​, ខ្សែភាពយន្ត​រឿង «Joking Jazz 4G», ខ្សែភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​», រឿង​«Fast 888» របស់​ក្រុមហ៊ុន​សប្បាយ (Sabay MVP), «Captain America»  និង​រឿង «The Conjuring 2» របស់​ក្រុមហ៊ុន​វេស​ស្តេ​ក​(WML) ៕